កាលពីម្សិលមិញ លោក តុប ឈុនហេង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យមានការស៊ើបអង្កេតឡើងវិញលើករណីញុះញង់ ប្រឆាំងលោក សួន សេរីរដ្ឋា ជាអ្នកប្រឆាំងជនជាតិខ្មែរសញ្ជាតិអាមេរិកដើម្បីបង្កើនការចោទប្រកាន់ឲ្យកាន់តែធ្ងន់ថែមទៀតពីបទរៀបចំផែនការ “ផ្តួលរំលំរដ្ឋាភិបាល”។
តុលាការបានចោទប្រកាន់លោក សេរីរដ្ឋា ដែលរស់នៅសហរដ្ឋអាមេរិកពីបទញុះញង់កាលពីខែសីហាដោយបានព្យាយាមចែកផ្កាកុលាបពណ៌លឿងចំនួន១.០០០ទងឲ្យនគរបាលនិងទាហាននៅក្នុងរាជធានីភ្នំពេញជាមួយខិត្តប័ណ្ណអំពាវនាវឲ្យពួកគេ “បែរកាណុងកាំភ្លើងដាក់ជនផ្តាច់ការ” គឺសំដៅដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងសារណាការពារខ្លួនដែលត្រូវបានអាននៅក្នុងតុលាការអំឡុងពេលបើកសវនាការកាត់ទោសកំបាំងមុខកាលពីថ្ងៃពុធ លោក សេរីរដ្ឋា បានបដិសេធថា លោកគ្មានបំណងប្រព្រឹត្តបទឧក្រិដ្ឋទេ។
ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋមានទោសជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ។ កាលពីម្សិលមិញ លោកចៅក្រម ឈុនហេង បានសម្រេចមិនចេញសាលក្រមទេ ហើយផ្ទុយទៅវិញបានបញ្ជូនសំណុំរឿងនេះឲ្យមានការស៊ើបអង្កេតឡើងវិញដើម្បីចង់ដឹងថា តើបទចោទប្រកាន់នេះអាចប្តូរទៅជាបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល ដែលមានទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំឬយ៉ាងណា។ លោកបានមានប្រសាសន៍ថា “បន្ទាប់ពីសវនាការកាលពីថ្ងៃពុធ តុលាការបានសម្រេចបញ្ជូនសំណុំរឿងនេះទៅឲ្យព្រះរាជអាជ្ញាស៊ើបអង្កេតឡើងវិញ។ សកម្មភាពរបស់លោក សេរីរដ្ឋា ត្រូវបានចាត់ទុកថា ជាសកម្មភាពរបស់ជនក្បត់ជាតិដែលជាបទឧក្រិដ្ឋ”។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងបានសុំឲ្យកែប្រែបទចោទប្រកាន់នេះអំឡុងពេលបើកសវនាការកាលពីថ្ងៃពុធ។ ក្រមព្រហ្មទណ្ឌចែងថា ” អំពើរួមគំនិតក្បត់គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ ដើម្បីប្រព្រឹត្តឧបឃាត កាលបើគម្រោងនេះត្រូវបានសម្ដែងចេញជារូបរាងច្បាស់លាស់ដោយអំពើជាក់ស្ដែងមួយឬច្រើន”។
ទោះជាយ៉ាងណា លោក សុក សំអឿន មេធាវីរបស់លោក សេរីរដ្ឋា បានរិះគន់សេចក្ដីសម្រេចរបស់ចៅក្រមកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថា ” សេចក្ដីសម្រេចរបស់តុលាការមិនត្រឹមត្រូវនិងមិនយុត្តិធម៌សម្រាប់លោក សេរីរដ្ឋា ឡើយ ពីព្រោះតុលាការមិនអាចរកឃើញថា គាត់មានពិរុទ្ធភាពទេ។ ប្រសិនបើតុលាការមិនអាចរកឃើញថា គាត់មានពិរុទ្ធភាពនៅក្នុងករណីនេះទេនោះ តុលាការគួរលើកលែងការចោទប្រកាន់គាត់”។
លោក សុក សំអឿន បានមានប្រសាសន៍ថា កូនក្ដីរបស់លោកក៏ប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ ចំពោះការបង្គាប់ឲ្យគេបោះពុម្ពអាវយឺតកាលពីឆ្នាំមុន ដែលមានសារណែនាំប្រជាជនកុំឲ្យទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិ។ មនុស្សបីនាក់ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនអាវយឺត និងកំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះនៅឡើយ៕ សារុន