យោងតាមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃការប្រឡងបាក់ឌុបទូទាំងប្រទេស បានប្រព្រឹត្តទៅក្នុង “បរិយាកាសគួរជាទីពេញចិត្ត” ទោះបីជាមានសិស្សម្នាក់នៅក្នុងរាជធានីភ្នំពេញបានប្រើប៊ិចចាក់ទៅលើអ្នកសង្កេតការណ៍ការប្រឡងស្ម័គ្រចិត្តម្នាក់ និងសិស្សមួយចំនួនសន្លប់ ខណៈពេលកំពុងប្រឡងក្តី។
សិស្សជាង៩០.០០០នាក់បានបញ្ចប់ការប្រឡងកាលពីម្សិលមិញ ដែលត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹុងពីអង្គភាពប្រឆាំងអំពើពុករលួយ ដោយករណីលួចចម្លងដែលត្រូវបានរាយការណ៍ មានតែពីរបីករណីប៉ុណ្ណោះ។
ប៊ុន ភារម្យ ដែលជាសិស្សមកពីវិទ្យាល័យទួលទំពូង កំពុងប្រឈមការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីរូបគេបានវាយ និងចាក់អ្នកសង្កេតការណ៍ម្នាក់ដែលរារាំងខ្លួនព្យាយាមលួចចម្លងក្នុងម៉ោងមុខវិជ្ជាជីវវិទ្យា។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៍ថា “សិស្សម្នាក់នេះភ័យខ្លាំងណាស់ ហើយរូបគេក៏វាយអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ”។លោកបានមានប្រសាសន៍ទៀតថា អ្នកសង្កេតការណ៍ស្រីដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណនេះមិនបានរងរបួសធ្ងន់ទេ។
សិុន សុវី ជាអ្នកសង្កេតការណ៍ម្នាក់នៅវិទ្យាល័យទួលទំពូង និងព្រះសង្ឃមួយអង្គបានលើកឡើងថា ប៊ុន ភារម្យ ផ្ទុះកំហឹង ហើយក៏ “វាយនាងចំមុខ ពីព្រោះអ្នកសង្កេតការណ៍រូបនេះសកម្មជាងអ្នកសង្កេតការណ៍ផ្សេងៗទៀត”។
លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា សិស្សម្នាក់នេះបានយកប៊ិចចាក់អ្នកសង្កេតការណ៍ស្រីរូបនោះ ហើយរូបគេទំនងជាត្រូវដកសិទ្ធិប្រឡងនៅឆ្នាំនេះ ហើយគ្មានសិទ្ធិប្រឡងរហូតដល់ឆ្នាំ២០១៧។
លោកមានប្រសាសន៍ថា “តាមបទបញ្ជាផ្ទៃក្នុងរបស់យើង ប្រសិនបើសិស្សប្រើអំពើហិង្សាលើអ្នករៀបចំការប្រឡង សិស្សនោះនឹងធ្លាក់ ហើយមិនត្រឹមតែគ្មានសិទ្ធិប្រឡងពីរឆ្នាំប៉ុណ្ណោះទេ ថែមទាំងត្រូវប្រឈមនឹងបទល្មើសព្រហ្មទណ្ឌតាមផ្លូវច្បាប់ទៀតផង”។
លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយទទួលបន្ទុកផ្នែកឃ្លាំមើលការប្រឡង ដែលជាច្រើនឆ្នាំមកនេះញាំញីដោយករណីសូកប៉ាន់ និងការលួចប្រឡងនោះបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការប្រើអំពើហិង្សានេះទេ។
ប៉ុន្តែ លោកបានធ្វើការវាយតម្លៃលើករណីសន្លប់មួយចំនួនអំឡុងពេលប្រឡងពីរថ្ងៃនេះ។ លោកបានមានប្រសាសន៍ថា “សិស្សខ្លះពិតជាបានសន្លប់មែន វារឿងធម្មតាទេ។ វាមិនមែនរឿងបង្កឡើងដោយសារអារម្មណ៍ភ័យខ្លាចទេ គឺដោយសារសុខភាពរបស់ពួកគេតែម្តង។ គ្មាននរណាគំរាមកំហែងពួកគេឡើយ”។
លោក ហង់ ជួន ណារ៉ុន ដែលចាប់តាំងពីទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ កាលពីឆ្នាំមុន បានធ្វើកំណែទម្រង់ការប្រឡងបាក់ឌុប ជាអាទិភាពកំពូលនោះ ក៏បានមានប្រសាសន៍ដែរថា លោកទទួលបានរបាយការណ៍បឋមពីអង្គភាពប្រឆាំងអំពើពុករលួយស្តីពីករណីអនុរក្សទទួលការសូកប៉ាន់ពីសិស្សនៅក្នុងខេត្តកំពង់ធំ និងមួយករណីទៀត គឺអ្នកបន្លំខ្លួនម្នាក់បានព្យាយាមចូលប្រឡងនៅតុរបស់បេក្ខជនប្រឡងម្នាក់ក្នុងខេត្តស្វាយរៀង។ លោកមានប្រសាសន៍ថា “អនុរក្សបានប្រមូលប្រាក់ ប៉ុន្តែ យើងត្រូវរង់ចាំរបាយការណ៍ពេញលេញពីអង្គភាពប្រឆាំងអំពើពុករលួយសិន”។
នៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ សិស្សម្នាក់ឈ្មោះ កៅ ម៉េងលាង អាយុ១៨ឆ្នាំដែលបានបញ្ចប់ការប្រឡងថ្នាក់ជាតិនៅវិទ្យាល័យបាក់ទូក និយាយថា រូបគេមានសង្ឃឹមតិចតួចណាស់ដែលអាចប្រឡងជាប់ និងអាចចូលសិក្សាបន្តនៅសាកលវិទ្យាល័យបាន។ យុវជនរូបនេះបន្តថា “ពិន្ទុជាប់គឺ២៧៥ពិន្ទុ ប៉ុន្តែ បន្ទាប់ពីខ្ញុំគណនាពិន្ទុរបស់ខ្ញុំ ខ្ញុំទទួលបានតែ១៩០ពិន្ទុប៉ុណ្ណោះ”។
កៅ ម៉េងលាង និយាយថា រូបគេបានទិញព្រីយ៉ុងត្រៀមសម្រាប់ការប្រឡងនេះ ប៉ុន្តែត្រូវបានរារាំងដោយសារលក្ខខណ្ឌថ្មីដ៏តឹងរឹុងនៃការប្រឡងថ្នាក់ជាតិ។ យុវជនរូបនេះនិយាយទៀតថា “ព្រីយ៉ុងអាចយកចូលទៅក្នុងបន្ទប់ប្រឡងបាន ប៉ុន្តែខ្ញុំមិនអាចប្រើប្រាស់វាបាន”៕សុខុម