កាលពីម្សិលមិញ លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវបានលើកឡើងថា លោកបានអំពាវនាវឲ្យនគរបាលជាតិបន្តស៊ើបអង្កេតករណីឃាតកម្ម ដែលសាលាដំបូងខេត្តបានបង្គាប់ឲ្យលោកបញ្ឈប់ការស៊ើបអង្កេត ដោយអនុញ្ញាតឲ្យជនសង្ស័យដ៏សំខាន់មានឱកាសដើរហើរដោយសេរី។
ជនសង្ស័យនោះគឺលោក ស៊ិន ពៅ អតីតនាយប៉ុស្តិ៍ឃុំគិរីចុងកោះ ក្នុងស្រុកគិរីវង់ ដែលបានរត់គេចខ្លួនកាលពីខែមីនា បន្ទាប់ពីបាញ់សម្លាប់នារីខារ៉ាអូខេអាយុ២៩ឆ្នាំម្នាក់ឈ្មោះ សន យិន។
លោក ស៊ិន ពៅ បានឈ្លោះប្រកែកគ្នាជាមួយនារីខារ៉ាអូខេឈ្មោះ សន យិន នោះនៅផ្ទះរបស់នាងមុនពេលនាងត្រូវបានបាញ់សម្លាប់។ កាំភ្លើងដែលឃាតករបានប្រើនោះគឺកាំភ្លើងខ្លីK-៥៤។
ប៉ុន្តែលោក ស៊ិន ពៅ បានត្រឡប់មកភូមិរបស់លោកវិញកាលពីខែមុន ដោយធ្វើឲ្យមិត្តភក្ដិចាស់ និងអ្នករួមការងាររបស់លោកដែលសន្និដ្ឋានថា លោកមានកំហុសនេះភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នៅពេលត្រូវបានសួរឲ្យពន្យល់ពីការបង្ហាញខ្លួនរបស់លោក ស៊ិន ពៅ កាលពីថ្ងៃច័ន្ទ លោក សំណាង បានលើកឡើងថា តុលាការបានបង្គាប់កុំឲ្យលោកចាប់ខ្លួនជនសង្ស័យរូបនេះ ព្រោះថា ជនសង្ស័យបានបង់ប្រាក់សំណងជំងឺចិត្តចំនួន១.៥០០ដុល្លារដល់គ្រួសារជនរងគ្រោះរួចហើយ។
លោក សំណាង បានមានប្រសាសន៍កាលពីម្សិលមិញថា ” ខ្ញុំមិនកាន់ជើងលោក ពៅ ទេ។ វាគឺជាការសម្រេចរបស់សាលាដំបូងខេត្ត យើងគ្រាន់តែជានគរបាលប៉ុណ្ណោះ យើងមិនអាចជ្រៀតជ្រែកបានទេ”។
លោក សំណាង បានបន្ថែមថា លោកបានបញ្ជូនរបាយការណ៍ស្ដីអំពីករណីនេះទៅនគរបាលជាតិរួចហើយ ដោយសង្ឃឹមថា នឹងមានការស៊ើបអង្កេតយ៉ាងត្រឹមត្រូវលើជនសង្ស័យរូបនេះ។
ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានលើកឡើងថា លោកបាននិយាយជាមួយលោក សំណាង កាលពីម្សិលមិញ ហើយបានសម្រេចថា តុលាការគឺខុសដែលអនុញ្ញាតឲ្យលោក ពៅ ប្រើប្រាក់ដើម្បីឲ្យខ្លួនរួចផុតពីការសង្ស័យនៅក្នុងករណីឃាតកម្ម។
ឧត្តមសេនីយ៍ឯក ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា “ខ្ញុំមិនយល់ស្របចំពោះបញ្ហានោះទេ។ វាច្បាស់ណាស់ថា ការសម្លាប់មនុស្សមិនអាចយកប្រាក់មកសងបានទេ”។
ឧត្តមសេនីយ៍ឯក ច័ន្ទថារិទ្ធ បានលើកឡើងថា របាយការណ៍របស់លោក សំណាង អាចនឹងមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិ “ប្រហែលនៅថ្ងៃស្អែក”។ លោកបានមានប្រសាសន៍ថា ” នគរបាលបានចុះត្រួតពិនិត្យកន្លែងកើតហេតុ ហើយបានបង្ហាញភ័ស្តុតាងដល់តុលាការ បន្ទាប់មកតុលាការបានចេញដីកាចាប់ខ្លួន។ ប៉ុន្តែជនប្រព្រឹត្តបទឧក្រិដ្ឋបានរត់គេចខ្លួន”។ លោកបានបន្ថែមថា ” តុលាការបន្ទាប់មកបានបង្គាប់កុំឲ្យលោក សំណាង ចាប់ខ្លួន [លោក ពៅ] ហេតុដូច្នេះ លោកគ្មានសិទ្ធិចាប់ខ្លួនជនសង្ស័យទេ។ អំណាចគឺនៅក្នុងដៃតុលាការ។ លោក [លោក សំណាង] ក៏បានខឹងយ៉ាងខ្លាំងដែរ”។
ការផ្ដល់ប្រាក់សំណងទៅឲ្យគ្រួសារជនរងគ្រោះដែលត្រូវគេធ្វើឃាត ធ្វើឲ្យរងរបួស ឬក៏សម្លាប់ដោយអចេតនា ដោយអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬបុគ្គលដែលមានទំនាក់ទំនងជាមួយអ្នកមានអំណាចគឺជារឿងសាមញ្ញទៅហើយ។
នៅក្នុងករណីរបស់លោក ពៅ សាច់ញាតិជនរងគ្រោះដែលរស់នៅភាគខាងត្បូងប្រទេសវៀតណាម និងដែលជាពលរដ្ឋខ្មែរកម្ពុជាក្រោមនោះ បាននិយាយថា ពួកគាត់ទទួលយកប្រាក់សំណងជំងឺចិត្តគឺដោយសារតែពួកគាត់គ្មានជំនឿលើប្រព័ន្ធតុលាការកម្ពុជា គឺមិនមែនដោយសារតែពួកគេគិតថា ប្រាក់នេះគ្រប់គ្រាន់សម្រាប់សងការបាត់បង់របស់ពួកគាត់នោះទេ។
អ្នកស្រី នី ណន ដែលត្រូវជាបងប្អូនថ្លៃរបស់ជនរងគ្រោះបាននិយាយតាមទូរស័ព្ទពីវៀតណាមមកថា ” នេះជារឿងអយុត្តិធម៌សម្រាប់គ្រួសារក្រីក្រ។ អ្នកមានអំណាចអាចសម្លាប់មនុស្សដោយគ្មានការផ្ដន្ទាទោស”។
អ្នកស្រី ណន បាននិយាយទៀតថា គាត់បានចិញ្ចឹមបីបាច់កូនប្រុសអាយុ១០ឆ្នាំរបស់ សន យិន តាំងពីករណីឃាតកម្មកើតឡើងមកម្លេ៉ះ។ ប្ដីរបស់ជនរងគ្រោះបានបោះបង់គ្រួសារចោលនៅពេលកូនរបស់ខ្លួនមានអាយុត្រឹមតែ៣ខែ។
អ្នកស្រីបាននិយាយទៀតថា ” ប្រាក់នេះមិនអាចព្យាបាលរបួសផ្លូវចិត្តរបស់យើងបានទេ។ វាមិនអាចចិញ្ចឹមបីបាច់កូនប្រុសរបស់នាងឲ្យបានល្អដូចកាលនាងនៅរស់នោះទេ៕ ស៊ុយឈាង