យោងតាមមន្ត្រីយោធាបានឲ្យដឹងថា ទាហានកងយោធពលខេមរភូមិន្ទ និងទាហានថៃបានរងរបួសកាលពីថ្ងៃច័ន្ទ នៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធនៅជិតច្រកព្រំដែនអានសេះ នៅក្នុងខេត្តព្រះវិហារ ដោយកត់សម្គាល់ឲ្យឃើញពីការប៉ះទង្គិចគ្នាដោយអាវុធលើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីយោធាថៃបានបណ្ដេញរដ្ឋាភិបាលជាប់ឆ្នោតកាលពីខែឧសភា។
ឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការយោធាខេត្តបានមានប្រសាសន៍ថា ការប៉ះទង្គិចគ្នានេះបណ្ដាលមកពីការភាន់ច្រឡំក្នុងចំណោមក្រុមទាហានដែលឈរជើងនៅតាមព្រំដែន។
ឧត្តមសេនីយ៍ត្រី បុប្ផារ័ត្ន បានមានប្រសាសន៍ថា “ពួកគេយល់ច្រឡំទាហានថាជាមនុស្សផ្សេង ខណៈដែលភាគីទាំងពីរកំពុងល្បាត” ដែលលោកបានបន្ថែមថា ឧត្តមសេនីយ៍ ជា តារា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទបានប្រាប់លោកពីហេតុការណ៍នេះ។
លោកបានមានប្រសាសន៍ថា មន្ត្រីទាំងនោះមិនដឹងថា ភាគីណាមួយបាញ់មុនឡើយ។ ឧត្តមសេនីយ៍ត្រី បុប្ផារ័ត្ន បានមានប្រសាសន៍ថា គ្មានមូលហេតុណាដែលត្រូវបារម្ភអំពីការឈានទៅរកភាពជាសត្រូវនឹងគ្នានៅតាមព្រំដែនឡើយ ដែលចុងក្រោយគេឃើញមានការប៉ះទង្គិចគ្នារវាងទាហានថៃ និងទាហានខ្មែរកាលពីឆ្នាំ២០១១។ លោកបានមានប្រសាសន៍ថា “ព្រំដែនមានសភាពស្ងប់ស្ងាត់ជាធម្មតាបន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធរយៈពេលខ្លី ហើយមេបញ្ជាការរបស់យើងបានចរចាអំពីបញ្ហានេះ”។
លោក មាស យឿន មេបញ្ជាការរងកងយោធពលខេមរភូមិន្ទប្រចាំខេត្តនេះបានមានប្រសាសន៍ថា ទាហានខ្មែរដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប៉ុន្តែលោកមិនដឹងថា ស្ថានភាពរបស់គាត់យ៉ាងម៉េចឡើយ។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានប្រាប់ថា ទាហានរូបនោះឈ្មោះ វ៉ា សាវុធ អាយុខ្ទង់៣០ឆ្នាំ ហើយលោកបានមានប្រសាសន៍ថា ទាហានរូបនោះបានរងរបួសត្រង់ជើងឆ្វេង ត្រគាកស្ដាំ និងស្មាស្ដាំ។
បើទោះណាជាមានទំនាក់ទំនងកក់ក្ដៅរវាងរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវបានបណ្ដេញចេញដោយការធ្វើរដ្ឋប្រហារដឹកនាំដោយឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាបានសម្របទៅនឹងរបបថ្មីនេះយ៉ាងឆាប់រហ័សដែរ។
កាលពីចុងខែកក្កដា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានដឹកនាំគណៈប្រតិភូរួមមានឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅទីក្រុងបាងកក ហើយបានថតរូបចាប់ដៃជាមួយឧត្តមសេនីយ៍ ប្រាយុទ្ធ។
ការអះអាងសិទ្ធិកាន់កាប់ប្រសាទព្រះវិហារ ដែលជាចំណុចស្នូលនៃភាពតានតឹងរវាងប្រទេសទាំងពីរនោះ ត្រូវបានតុលាការយុត្តិធម៌អន្តរជាតិសម្រេចកាលពីខែវិច្ឆិកា ផ្ដល់អធិបតេយ្យភាពដល់ប្រទេសកម្ពុជាអំពីទឹកដីនៅជុំវិញតំបន់ប្រាសាទព្រះវិហារ។ នៅក្នុងសេចក្ដីសម្រេចនោះ ប្រទេសថៃត្រូវបានបង្គាប់ឲ្យដកកងទ័ពរបស់ខ្លួនចេញពីតំបន់នោះ៕ សារុន