នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា បុរសជនជាតិរុស្សីម្នាក់ត្រូវបានចាប់ខ្លួនក្នុងក្រុងព្រះសីហនុ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃអាទិត្យ ពីបទធ្វើឲ្យសិស្សអាយុ២១ឆ្នាំម្នាក់ស្លាប់នៅពេលជនជាតិរុស្សីរូបនេះបាត់បង់ការគ្រប់គ្រងលើរថយន្តរបស់ខ្លួន ខណៈបើកបរទាំងស្រវឹង ហើយបុកម៉ូតូរបស់ជនរងគ្រោះ។
លោក កេត សុភា នាយរងនគរបាលចរាចរខេត្តបានមានប្រសាសន៍ថា “ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ដោយសារជនជាតិរុស្សីរូបនេះបានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ហើយបានបើកបរក្នុងល្បឿនលឿនខ្លាំងណាស់”។
លោក សុភា បានកំណត់អត្តសញ្ញាណជនសង្ស័យនោះថា មានឈ្មោះ Denis Valov អាយុ៣៦ឆ្នាំ ជនជាតិរុស្សី ដែលលោកបានលើកឡើងថា បានដឹកអ្នកដំណើរចំនួនពីរនាក់នៅពេលរំលងអាធ្រាត្រហើយពេលនោះរថយន្តម៉ាក Volvo របស់ជនជាតិរុស្សីរូបនេះបានបុករបាំងពុះចែកទ្រូងផ្លូវ ហើយចូលទៅចំណែកផ្លូវម្ខាងទៀត ដោយបុកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ស៊ុន ចំណាន អាយុ២១ឆ្នាំ ដែលធ្វើដំណើរមកពីមុខ។
លោក សុភា បានឲ្យដឹងទៀតថា ស៊ុន ចំណាន បានបាត់បង់ជីវិតដោយសាររបួសនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ប្រហែល៣ម៉ោងក្រោយពេលកើតហេតុ។
លោកបានមានប្រសាសន៍ថា “ឆ្លងកាត់តាមការត្រួតពិនិត្យរបស់យើង រថយន្តនេះ ប្រហែលជាបានបើកបរក្នុងល្បឿនចន្លោះពី១១០ទៅ១២០គីឡូម៉ែត្រក្នុង១ម៉ោង ព្រោះយើងបានឃើញស្នាមដានកង់រថយន្តអូសប្រហែល៥០ម៉ែត្រ”។
លោក សុភា បានលើកឡើងទៀតថា ស៊ុន ចំណាន គឺជាសិស្សថ្នាក់ទី១២ម្នាក់ ដែលរៀនបណ្ដើរធ្វើការជាអ្នករត់ម៉ូតូឌុបបណ្តើរ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជនសង្ស័យ Valov ដែលធ្វើការនៅសណ្ឋាគារ និងភោជនីយដ្ឋានផ្ទះពស់ ដែលជារបស់លោក Nikolai Doroshenko អ្នកជំនួញជនជាតិរុស្សីត្រូវបានចាប់ខ្លួននៅកន្លែងដែលកើតហេតុ ជាកន្លែងនគរបាលបានប្រើឧបករណ៍វាស់កម្រិតជាតិអាល់កុល ដើម្បីធ្វើតេស្តកម្រិតជាតិអាល់កុល ហើយបានរកឃើញថា ជនសង្ស័យរូបនេះមានកម្រិតជាតិអាល់កុល ០.៥៥មីលីលីត្រ។
បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសកម្ពុជា អ្នកបើកបរគឺតម្រូវមិនឲ្យមានកម្រិតជាតិអាល់កុលលើសពី០.៥មីលីលីត្រឡើយ។
លោក អីុ សុខា ស្នងការរងនគរបាលខេត្តបានឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យ Valov នឹងត្រូវបញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីរង់ចាំឡើងសវនាការ ហើយថា នគរបាលបានធ្វើរបាយការណ៍ជូនតុលាការរួចហើយ។
លោក សុខា បានមានប្រសាសន៍ថា “ខ្ញុំមានអារម្មណ៍សោកស្តាយណាស់ចំពោះសិស្សរូបនេះ ព្រោះគេនឹងត្រូវចូលរួមប្រឡងបាក់ឌុបរបស់ខ្លួន [កាលពីម្សិលមិញ]”។
លោក រាម ច័ន្ទមុនី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានលើកឡើងថា លោកបានបញ្ចប់ការសាកសួរជនសង្ស័យកាលពីថ្ងៃអាទិត្យ ហើយបានបញ្ជូនជននេះទៅពន្ធនាគារខេត្តនៅថ្ងៃដដែលនោះដើម្បីរង់ចាំការបើកសវនាការ។
បុគ្គលិកម្នាក់នៅសណ្ឋាគារ និងភោជនីយដ្ឋានផ្ទះពស់ បានបញ្ជាក់តាមទូរស័ព្ទថា ជនជាតិរុស្សីម្នាក់ដែលធ្វើការនៅទីនោះត្រូវបានចាប់ខ្លួន ប៉ុន្តែ បានបដិសេធមិនឆ្លើយសំណួរបន្ថែមណាមួយឡើយ។
ស្ថានទូតរុស្សី មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយនោះទេ។ រីឯលោក Doroshenko វិញក៏មិនអាចទាក់ទងបានដែរ៕ស៊ុយឈាង