លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសន្យាកាលពីម្សិលមិញថានឹងផ្តល់ឲ្យសហជីព ដែលមិនបានចូលរួមក្នុងការចរចាប្រាក់ខែគោលរបស់កម្មករកាត់ដេរបច្ចុប្បន្ននូវសំឡេងដ៏ធំក្នុងការចរចា ដោយបង្កើតឲ្យមានក្រុមការងារថ្មីមួយ ដែលនឹងផ្តល់យោបល់ដល់គណៈកម្មការប្រឹក្សាការងារបច្ចុប្បន្នរបស់រដ្ឋាភិបាល។
គណៈកម្មការប្រឹក្សាការងារ (LAC) បច្ចុប្បន្ន ដែលមានតំណាង១៤រូបមកពីរដ្ឋាភិបាល ៧រូបមកពីខាងរោងចក្រ និង៧រូបទៀតមកពីសហជីព រហូតមកដល់ពេលនេះ មិនបានព្រមព្រៀងគ្នាលើចំនួនប្រាក់ត្រូវដំឡើងទៅលើប្រាក់ខែ១០០ដុល្លារសព្វថ្ងៃនេះទេ។ ក្រសួងការងារបានផ្អាកការប្រជុំថ្ងៃទី១០ខែតុលា ដែលនៅក្នុងកិច្ចប្រជុំនោះ គណៈកម្មការនេះមានបំណងដាក់ចេញអនុសាសន៍របស់ខ្លួន ហើយបានឲ្យដឹងថា ខ្លួននឹងជួបប្រជុំនៅខែវិច្ឆិកាវិញ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាពិតប្រាកដទេ។
បន្ទាប់ពីមានការជួបប្រជុំជាមួយសមាជិកសភាដោយបិទទ្វារនៅសភាជាតិកាលពីថ្ងៃអង្គារ លោក អិុត សំហេង បានមានប្រសាសន៍ថា សហជីពតូចៗដែលមិនបានចូលរួមក្នុងគណៈកម្មការប្រឹក្សាការងារ នឹងមានសំឡេងរបស់ខ្លួន ជាផ្នែកមួយនៃក្រុមការងារថ្មី ដែលនឹងផ្តល់សំឡេងស្មើគ្នាដល់ភាគីទាំងអស់។
“ពីថ្ងៃទី២០ខែ[តុលា] ក្រសួងនឹងបង្កើតក្រុមការងារ៣ភាគី ដែលនឹងបញ្ចូលសហជីព៩ដែលពាក់ព័ន្ធ តំណាងនិយោជក៩រូប និងមនុស្ស៩រូបមកពីរដ្ឋាភិបាល ដើម្បីការពិភាក្សាបច្ចេកទេស មុនពេលផ្តល់់យោបល់របស់ខ្លួនទៅគណៈកម្មការប្រឹក្សាការងារ។
ក្នុងចំណោមសហជីព៧នៅគណៈកម្មការប្រឹក្សាការងារ មានតែ២ប៉ុណ្ណោះត្រូវគេចាត់ទុកថាឯករាជ្យពីរដ្ឋាភិបាល។ លោក អិុត សំហេង មិនបានមានប្រសាសន៍ថា សហជីពណាខ្លះនឹងចូលរួមក្នុងក្រុមការងារថ្មីនេះទេ ប៉ុន្តែលោកបានប្រាប់អ្នកយកព័ត៌មានថា សហជីពទាំងនោះនឹងត្រូវជ្រើសរើសពីចំណោមសហជីព”សកម្ម”ថែមទៀត។
កម្មកររោងចក្រកាត់ដេរប្រហែល៤០០នាក់មកពីសហជីពទាំងនោះបានប្រមូលផ្តុំគ្នានៅខាងក្រៅសភាជាតិ។ បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយសមាជិកសភា លោក សំហេង បានប្រាប់កម្មករថា លោកចង់ឃើញពួកគេទទួលបានការដំឡើងប្រាក់ខែ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ខ្ញុំពិតជាចង់ឲ្យបងប្អូនទាំងប្រុសទាំងស្រីមានប្រាក់ខែច្រើនណាស់ ពីព្រោះខ្ញុំដឹងថា បងប្អូនមានជីវភាពខ្វះខាតណាស់។ ប៉ុន្តែក្នុងការចរចាជាច្រើនលើក អ្នកដែលសុំចង់បានច្រើន ហើយអ្នកដែលឲ្យចង់ឲ្យតិច ដូច្នេះយើងត្រូវចរចារហូតដល់យើងព្រមព្រៀងគ្នា”។
ទាំងរដ្ឋាភិបាលទាំងរោងចក្រសុទ្ធតែជំរុញឲ្យមានការដំឡើងតែ១០ដុល្លារប៉ុណ្ណោះលើប្រាក់ឈ្នួលអប្បបរមា។ ក្រុមសហជីពលើកឡើងថា ពួកគេនឹងមិនទទួលយកទេ បើមិនបានដំឡើងដល់៥០ដុល្លារទេនោះ។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ បានស្វាគមន៍ព័ត៌មានអំពីក្រុមការងារថ្មីនេះ បើទោះជា ក្រុមការងារថ្មីនេះមិនផ្តល់ឲ្យសហជីបរបស់លោកមានតួនាទីក្នុងគណៈកម្មការប្រឹក្សាការងារក៏ដោយ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលមិនចង់ឲ្យមានព្រឹត្តិការណ៍ ឬបាតុកម្មណាមួយ បន្ទាប់ពីគណៈកម្មការប្រឹក្សាការងារប្រកាសប្រាក់ឈ្នួលថ្មីនេះទេ។ ក្រុមនេះនឹងកាត់បន្ថយហានិភ័យនៃអំពើហិង្សានិងបាតុកម្ម ពីព្រោះវាបានបញ្ចូលសហជីពសកម្ម ដូចសហជីពរបស់ខ្ញុំ”។
សហជីពមួយចំនួន រាប់ទាំងសហជីពរបស់លោក ប៉ាវ ស៊ីណា ផង បានធ្វើកូដកម្មទូទាំងប្រទេសកាលពីខែធ្នូ បន្ទាប់ពីក្រសួងការងារបានកំណត់ប្រាក់ឈ្នួលអប្បបរមាត្រឹម៩៥ដុល្លារ ខុសគ្នាឆ្ងាយពី១៦០ដុល្លារ ដែលកម្មករកំពុងទាមទារចង់បាននៅពេលនោះ។
ពីរបីថ្ងៃបន្ទាប់មក ក្រសួងការងារបានដំឡើងប្រាក់ឈ្នួលដល់១០០ដុល្លារ ប៉ុន្តែមិនអាចបញ្ចប់ចលាចលបានទេ។ កូដកម្មនេះមិនបានបញ្ចប់ឡើយ រហូតដល់កងកម្លាំងរាជអាវុធហត្ថបាញ់លើក្រុមកម្មករកាត់ដេរដែលកំពុងតវ៉ាក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី៣ខែមករា ដោយបណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏មានសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែងអំពីក្រុមការងារថ្មីនេះដែរ។ លោកបានមានប្រសាសន៍ថា “វាអាស្រ័យលើអ្នកដែលជាសមាជិក”។
ដោយរដ្ឋមន្ត្រីក្រសួងការងារខ្លួនឯងធ្វើជាប្រធានគណៈកម្មការប្រឹក្សាការងារនោះ លោកបានមានប្រសាសន៍ថា ក្រុមការងារពិបាកជួបប្រជុំគ្នាជាញឹកញាប់។ ប្រសិនបើតំណាងរដ្ឋាភិបាលក្នុងក្រុមការងារថ្មីនេះជាមន្ត្រីថ្នាក់ទាប លោកបានមានប្រសាសន៍ថា ពួកគេអាចជួបប្រជុំគ្នាបានញឹកញាប់ជាង ហើយរាល់កិច្ចប្រជុំទាំងអស់អាចជាឱកាសល្អមួយ”។
ថ្លែងអំពីបញ្ហាមួយដោយឡែក លោក សំហេង បានប្រាប់កម្មករកាត់ដេរដែលជួបជុំគ្នានៅខាងក្រៅសភាថា លោកនឹងព្យាយាមដោះស្រាយវិវាទការងារដែលកំពុងកើតឡើងនៅរោងចក្រ ចៀន ឡឹ ក្នុងក្រុងភ្នំពេញ។
កម្មករប្រហែល១.០០០នាក់នៅរោងចក្រនេះបានដើរចេញមិនធ្វើការកាលពីពាក់កណ្តាលខែកញ្ញា បន្ទាប់ពីតំណាងសហជីពម្នាក់របស់ពួកគេត្រូវបានគេបណ្តេញចេញ ពេលដែលរោងចក្រនេះប្តូរម្ចាស់កាលពីខែសីហា។ កម្មករក៏ព្រួយបារម្ភផងដែរថា ការលក់រោងចក្រនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់បំណាច់ការងាររបស់ខ្លួន។
លោក សំហេង បានមានប្រសាសន៍ថា “ខ្ញុំធានាថា ប្រាក់អតីតភាពការងាររបស់បងប្អូននឹងមិនបាត់បង់ឡើយ”។មានិត
(រាយការណ៍បន្ថែមដោយ ZsomborPeter)