អាជ្ញាធរបានឲ្យដឹងកាលពីម្សិលមិញថា ភាពតានតឹងចេះតែកើនឡើងជិតពីរខែមកនេះរវាងកម្មករ និងអ្នកគ្រប់គ្រងរោងចក្រនៅរោងចក្រស្បែកជើងមួយកន្លែងគ្រប់គ្រងដោយជនជាតិតៃវ៉ាន់នៅក្នុងខេត្តកំពង់ចាម បានដល់ចំណុចមួយខ្លាំងបំផុតកាលពីថ្ងៃសៅរ៍ នៅពេលកម្មកររោងចក្របានប៉ះទង្គិចគ្នាជាមួយនគរបាល ដោយធ្វើឲ្យមានការចាប់ខ្លួនមនុស្សចំនួន១០នាក់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស។
ជម្លោះនេះបានចាប់ផ្ដើមកាលពីថ្ងៃទី១ ខែកញ្ញា នៅពេលកម្មករជាង៥.០០០នាក់នៅរោងចក្រស្បែកជើង Juhui ដែលស្ថិតនៅក្នុងស្រុកជើងព្រៃបាននាំគ្នាធ្វើកូដកម្មទាមទារប្រាក់ឧបត្ថម្ភបន្ថែម និងផលប្រយោជន៍ផ្សេងៗទៀត។
កម្មកររោងចក្របាននាំគ្នាតវ៉ាជួនឈប់ជួនបន្តរហូតដល់ថ្ងៃទី១៦ ខែកញ្ញា នៅពេលរោងចក្របានបណ្ដេញពួកគាត់ទាំងអស់ចេញពីការងារ ដោយសារតែពួកគាត់បានធ្វើព្រងើយកន្តើយចំពោះសេចក្ដីបង្គាប់របស់តុលាការ ដែលបង្គាប់ឲ្យឈប់ធ្វើកូដកម្ម ហើយត្រឡប់មកធ្វើការងារវិញ។
រោងចក្របានទទួលកម្មករប្រហែល៣.០០០នាក់ឲ្យចូលធ្វើការវិញកាលពីចុងខែមុន ប៉ុន្តែបានបដិសេធមិនព្រមទទួលយកកម្មករចំនួនប្រហែល២.០០០នាក់ផ្សេងទៀតឡើយ។ កម្មករដែលគេមិនទទួលយកមកធ្វើការវិញទាំងនេះអះអាងថា ខ្លួនត្រូវបានស្ថិតក្នុងបញ្ជីខ្មៅដោយសារមានទំនាក់ទំនងជាមួយសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) ដែលដឹកនាំការធ្វើកូដកម្មនេះ។
រោងចក្របានផ្ដល់កញ្ចប់អតីតភាពការងារដល់សមាជិកសហជីពដែលត្រូវបានបណ្ដេញចេញទាំងនេះ ប៉ុន្តែសមាជិកសហជីពទាំងនេះបានច្រានចោល ដោយលើកឡើងពីមូលហេតុថា ពួកគាត់មិនបានបោះបង់ចោលការងាររបស់ខ្លួនឡើយ។
នៅម៉ោងប្រហែល៧ព្រឹកកាលពីថ្ងៃសៅរ៍ កម្មករប្រមាណ១.០០០នាក់បានប្រមូលផ្ដុំគ្នាដើម្បីទាមទារការងាររបស់ខ្លួនមកវិញ។
ខណៈកូដកម្មកំពុងបន្ត លោក តេង សម្បត្តិ ប្រធានរដ្ឋបាលនៅរោងចក្រ Juhui បានលេចមុខនៅច្រកទ្វារចូលរបស់រោងចក្រ ជាទីដែលលោកបានបង្ហាញបញ្ជីឈ្មោះនៃកម្មករដែលត្រូវបានជ្រើសរើសឲ្យធ្វើការងារនៅទីនោះ។ ទោះជាយ៉ាងណា បញ្ជីនេះមានឈ្មោះត្រឹមតែ៧២នាក់ប៉ុណ្ណោះ គឺសុទ្ធតែឈ្មោះរបស់កម្មករថ្មី ដោយធ្វើឲ្យអ្នកតវ៉ាមានកំហឹងកាន់តែខ្លាំង។
ហេល សុខលីន អាយុ២៣ឆ្នាំ ជាកម្មករម្នាក់ដែលចូលរួមក្នុងការតវ៉ានេះបាននិយាយកាលពីម្សិលមិញថា ” កម្មករមានកំហឹងកាន់តែខ្លាំងឡើងៗនៅពេល [លោក សម្បត្តិ] បង្ហាញបញ្ជីឈ្មោះនៃកម្មករថ្មីជាង៧០នាក់ ប៉ុន្តែមិនមានឈ្មោះរបស់ពួកយើងនោះ”។
សុខលីន បាននិយាយទៀតថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅពេលនគរបាលបង្ក្រាបបាតុកម្មព្យាយាមទាញយកក្បាលមីក្រូ និងឧគ្ឃោសនសព្ទពីអ្នកតវ៉ា។
យោងតាមលោក ជាង យុទ្ធ តំណាង ស៊ីខៅឌូ នៅរោងចក្រនេះបានឲ្យដឹងថា នគរបាលបង្ក្រាបបាតុកម្មដោយប្រហែល១០០នាក់ និងសន្តិសុខរបស់រោងចក្រ Juhui ប្រហែល១០០នាក់ដែរបានរុញច្រានកម្មករឲ្យត្រឡប់ចេញពីអគាររោងចក្រវិញ។
លោក យុទ្ធ បានឲ្យដឹងទៀតថា ភ្លាមៗនោះ ភាគីទាំងពីរបានចាប់ផ្ដើមគប់ដុំថ្មដាក់គ្នា ហើយនគរបាលបានវាយកម្មករនឹងដំបង ដោយធ្វើឲ្យកម្មករចំនួន២៥នាក់បានរងរបួស ប៉ុន្តែគ្មាននរណាម្នាក់រងរបួសធ្ងន់ឡើយ។
លោក ហេង វុទ្ធី អធិការនគរបាលស្រុកបានទទួលស្គាល់ថា នគរបាលពិតជាបានប្រើដំបងប្រឆាំងកម្មករមែន ប៉ុន្តែនគរបាលបានប្រើដំបងនេះគឺបន្ទាប់ពីកម្មករវាយកម្ទេចបង្អួចប៉ុស្តិ៍យាមរបស់សន្តិសុខ បំផ្លាញខ្លោងទ្វារមុខរបស់រោងចក្រ និងប្រើចំពាមបាញ់គ្រាប់ថ្មដាក់មន្ត្រីនគរបាលតែប៉ុណ្ណោះ។ លោកបាននិយាយថា “កងកម្លាំងរបស់យើងគឺគ្រាន់តែការពារទ្រព្យសម្បត្តិក្រុមហ៊ុនតែប៉ុណ្ណោះ យើងមិនកាន់ជើងភាគីណាមួយឡើយ”។
លោក វុទ្ធី បានលើកឡើងបន្តទៀតថា នគរបាលបានចាប់ខ្លួនកម្មករចំនួន១០នាក់ បន្ទាប់ពីរកឃើញដំបង ដាវសាម៉ូរ៉ៃ និងចំពាមនៅកន្លែងកើតហេតុ ជាភ័ស្តុតាងដែលលោកលើកឡើងថា ប្រើសម្រាប់បង្កអំពើហិង្សា។ លោកបានបន្ថែមថា កម្មករក៏ត្រូវបានចោទប្រកាន់ពីបទបង្កអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនផងដែរ។ សន្តិសុខចំនួន១០នាក់ និងមន្ត្រីនគរបាលចំនួន៩នាក់ក៏បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះដែរ ក្នុងនោះមានមន្ត្រីនគរបាលម្នាក់បានរងរបួសធ្ងន់នៅពេលត្រូវដុំថ្មចំភ្នែកឆ្វេង។
លោក ឃុន ខូយ អ្នកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកំពង់ចាម បានឲ្យដឹងថា អំពើហិង្សាត្រូវបានបញ្ឈប់ទៅវិញនៅម៉ោងប្រហែល១០ព្រឹក នៅពេលមន្ត្រីនគរបាលម្នាក់បានបាញ់កាំភ្លើងឡើងលើចំនួនពីរគ្រាប់។ កម្មករបានរត់គេចទៅវាលស្រែក្បែរនោះ ហើយរត់ចូលផ្លូវធំមួយ ដោយធ្វើឲ្យមានការកកស្ទះចរាចរណ៍ប្រហែល៣០នាទី។
លោក ជឹម សេងហុង ស្នងការរងនគរបាលខេត្តបានឲ្យដឹងកាលពីម្សិលមិញថា អ្នកតវ៉ាទាំង១០នោះកំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តនៅឡើយ ហើយនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក សម្បត្តិ បានការពារការសម្រេចរបស់លោកក្នុងការបង្ហាញឈ្មោះកម្មករថ្មីនៅខាងក្រៅរោងចក្រ។
លោកបាននិយាយថា “ប្រសិនបើកម្មករចាស់ទាំងនោះចង់ធ្វើការនៅរោងចក្រម្ដងទៀត ពួកគេត្រូវតែដាក់ពាក្យសុំធ្វើការជាថ្មីឡើងវិញ”។
ការប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍ បានកើតឡើងមិនដល់បីសប្ដាហ៍ផងបន្ទាប់ពីកម្មករប្រហែល២.០០០នាក់បាននាំគ្នាសម្រុកចូលរោងចក្រ ហើយគប់ដុំថ្មដាក់អ្នកគ្រប់គ្រង ដោយធ្វើឲ្យមនុស្សយ៉ាងតិចចំនួនពីរនាក់បានរបួសក្បាលមុនពេលកងសន្តិសុខធ្វើអន្តរាគមន៍។
កាលពីថ្ងៃទី១២ ខែតុលា តំណាងស៊ីខៅឌូចំនួនប្រាំនាក់ត្រូវបានកោះហៅឲ្យមកបង្ហាញខ្លួននៅសាលាដំបូងខេត្តកំពង់ចាម ជុំវិញការវាយប្រហារនេះ ប៉ុន្តែកាលពីថ្ងៃពុធ សមាជិកសហជីពបានដាក់ជូនលិខិតមួយច្បាប់ស្នើសុំពន្យារពេលការសាកសួររហូតដល់ពួកគេរកមេធាវីបានសិន៕ ស៊ុយឈាង