នគរបាលបានចាប់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ទៀតកាលពីព្រឹកម្សិលមិញ ពីបទរំលោភលក្ខខណ្ឌសុំនៅក្រៅឃុំទាក់ទងទៅនឹងការចូលរួមក្នុងការតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា នៅទីលានប្រជាធិបតេយ្យដែលបានក្លាយជាហិង្សា ហើយក្នុងនោះតុលាការបានចាត់ទុកថា ជាប៉ុនប៉ងធ្វើកុបកម្ម។
លោក ទេព ណារិន សកម្មជនគណបក្សសង្គ្រោះជាតិក្នុងវ័យខ្ទង់៣០ឆ្នាំ ត្រូវបានចាប់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទីដែលលោកត្រូវបានតម្រូវឲ្យទៅទីនោះពីរដងក្នុងមួយខែតាមសេចក្តីបង្គាប់របស់តុលាការ។
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីបានមានប្រសាសន៍ថា “ថ្ងៃនេះយើងគ្រាន់តែអនុវត្តដីកាតុលាការ ដោយចាប់ខ្លួនមនុស្សតែម្នាក់ប៉ុណ្ណោះគឺលោក ទេព ណារិន” ដោយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
លោក ទេព ណារិន ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងកុបកម្ម បន្ទាប់ពីការតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា ដើម្បីទាមទារ “ឲ្យដោះលែងទីលានប្រជាធិបតេយ្យ” ដែលក្នុងនោះមន្ត្រីគណបក្សសង្គ្រោះជាតិជាង១២នាក់ត្រូវបានបង្ហាញខ្លួននៅតុលាការ ហើយជាប់ពន្ធនាគារ ភាគច្រើនចាប់តាំងពីត្រូវបានដោះលែង។ លោក ណារិន បានចូលរួមជាមួយមន្ត្រីគណបក្សប្រឆាំងពីរនាក់ ដែលនៅជាប់ពន្ធនាគារនៅឡើយជុំវិញការតវ៉ានេះ។
ការចាប់ខ្លួនលោកកាលពីម្សិលមិញ ធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនលោក មៀច សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ពីបទចូលរួមក្នុងការប្រើអំពើហិង្សាកាលពីខែកក្កដា។
យោងតាមលោក អឿ ណារិទ្ធ អ្នកសម្របសម្រួលចលនាដ៏ធំនៅក្នុងនាយកដ្ឋានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា លក្ខខណ្ឌសុំនៅក្រៅឃុំរបស់លោក ណារិន ចែងថា លោកត្រូវរាយការណ៍ទៅស្នងការដ្ឋានរាជធានីពីរដងក្នុងមួយខែ ដែលលោកមិនបានធ្វើកាលពីខែតុលា។
លោក ណារិទ្ធ បានមានប្រសាសន៍ថា “កាលពីម្សិលមិញ លោក ណារិន ទទួលបានការហៅទូរស័ព្ទពីនគរបាលដោយបញ្ជាឲ្យគាត់រាយការណ៍ទៅស្នងការដ្ឋាន ហើយឥឡូវនេះគាត់ត្រូវបានចាប់ខ្លួន”។ លោកបានបន្ថែម លោក ណារិន បានខកខានការណាត់ជួបពីរដងកាលពីខែតុលា ពីព្រោះលោកជាប់រវល់ការងារ។ លោក ណារិទ្ធ បានមានប្រសាសន៍ថា លោក ណារិន ត្រូវបានសាកសួរកាលពីរសៀលម្សិលមិញដោយលោក កែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ លោកបានមានប្រសាសន៍ថា “បន្ទាប់ពីសាកសួរចប់សព្វគ្រប់ តុលាការបានសម្រេចឃុំខ្លួនគាត់ក្នុងពន្ធនាគារព្រៃស”៕សារុន