កាលពីព្រឹកម្សិលមិញ អ្នកភូមិដែលប្រឈមការបណ្ដេញចេញដោយសារគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបាញ់ថ្នាំសរសេរអក្សរ SOS ធំៗនៅលើដំបូលផ្ទះរបស់ខ្លួនដោយសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមើលឃើញ នៅពេលលោកជិះយន្តហោះវិលត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ នៅក្នុងប្រទេសភូមាកាលពីយប់មិញ។
ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ថ្មគោល ក្នុងខណ្ឌដង្កោ ដែលស្ថិតនៅជាប់អាកាសយានដ្ឋាននេះ បានធ្វើស្រដៀងគ្នានេះដែរ នៅពេលប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ជិះយន្តហោះចូលមកក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៅក្នុងឆ្នាំ២០១២។
កាលពីពីរឆ្នាំមុន នគរបាលប្រដាប់អាវុធបានចុះទៅតំបន់នោះ ហើយបានបង្ខំឲ្យអ្នកភូមិដែលត្រូវបានជូនដំណឹងកាលពីខែកក្កដា ឆ្នាំ២០១២ថាពួកគាត់ត្រូវរើចេញនោះ ឲ្យយកសារ SOS ចេញ ដែលសារនោះមានបំណងធ្វើឲ្យលោក បារ៉ាក់ អូបាម៉ា ដឹងពីការបណ្ដេញពួកគាត់ចេញក្នុងពេលឆាប់ៗ។
លោក កៅ សុវណ្ណ តំណាងប្រជាពលរដ្ឋប្រមាណ៦០០គ្រួសារនៅសហគមន៍ថ្មគោលបានលើកឡើងថា កាលពីរសៀលម្សិលមិញ អាជ្ញាធរមូលដ្ឋានក្នុងសង្កាត់កាកាប បានចាប់ផ្ដើមដកសារអំពាវនាវដែលបាញ់ថ្នាំនៅលើដំបូលផ្ទះប្រកស័ង្កសីរបស់អ្នកភូមិ ដែលមានអមដោយរូបថតរបស់លោក ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី។ លោកបានលើកឡើងទៀតថា “ចៅសង្កាត់កាកាបបានចុះទៅជាមួយសន្តិសុខរបស់គាត់ ដើម្បីដករូបថតចេញ និងបាញ់ថ្នាំពីលើអក្សរ SOS”។
ប៉ុន្តែនៅពេលយប់ចូលមកដល់ ពេលជើងហោះហើររបស់លោកនាយករដ្ឋមន្ត្រីត្រូវចុះចត សន្តិសុខអាចបាញ់ថ្នាំពីលើអក្សរ SOS នៅលើដំបូលផ្ទះតែមួយប៉ុណ្ណោះក្នុងចំណោមដំបូលផ្ទះចំនួនបីដែលមានអក្សរនេះ ដែលអ្នកភូមិនិយាយថាតំណាងឲ្យពាក្យស្លោក “សាមគ្គីឈ្នះ” នេះបើយោងតាមលើកឡើងរបស់លោក ច្រាយ នីម ដែលជាមេគំនិតនៅពីក្រោយការតវ៉ាដោយប្រើនិមិត្តសញ្ញានេះ។
លោក ច្រាយ នីម មានប្រសាសន៍ថា “បន្ទាប់ពីយើងទទួលដំណឹងថា សម្ដេច [ហ៊ុន សែន] ទៅចូលរួមកិច្ចប្រជុំអាស៊ាននៅភូមា យើងបានឆ្លៀតឱកាសនេះបង្ហាញរូបថតរបស់សម្ដេចជាមួយនឹងសារ SOS ដើម្បីសុំឲ្យសម្ដេចស្វែងរកដំណោះស្រាយសម្រាប់ពួកយើង”។ លោកបានលើកឡើងទៀតថា អ្នកភូមិសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីនឹងបានឃើញសាររបស់ពួកគេ ពីព្រោះការតវ៉ាដោយមានច្បាប់ទម្លាប់ត្រឹមត្រូវមិនទទួលបានផ្លែផ្ការហូតមកទល់ពេលនេះ។
លោកបានលើកឡើងទៀតថា “យើងបានដាក់ញត្តិមួយកាលពីថ្ងៃទី២៧ ខែតុលា ប៉ុន្តែយើងមិនទាន់ទទួលបានដំណឹងអ្វីទាំងអស់ ដូច្នេះខ្ញុំគិតថាវាមិនបានទៅដល់ដៃសម្ដេចទេ ពីព្រោះអាជ្ញាធរមូលដ្ឋានមិនចង់ឲ្យនាយករដ្ឋមន្ត្រីដឹងពីបញ្ហារបស់យើង ដោយសារវានឹងបង្កបញ្ហាដល់ពួកគេ។ នៅពេលសម្ដេចដឹងរឿងនេះ នឹងមានដំណោះស្រាយសមស្របសម្រាប់សហគមន៍របស់យើង”។
លោក សុខ អែល ចៅសង្កាត់កាកាបបានមានប្រសាសន៍ថា លោកបានបញ្ជាឲ្យសន្តិសុខរបស់លោកបាញ់ថ្នាំពីលើសារ SOS ពីព្រោះវានឹងទាក់ទាញចំណាប់អារម្មណ៍អវិជ្ជមានមកលើសហគមន៍ នៅពេលលោក ហ៊ុន សែន ត្រឡប់ពីចូលរួមកិច្ចប្រជុំការទូតដ៏សំខាន់នេះ។
លោកបានមានប្រសាសន៍ទៀតថា “ហេតុអ្វីបានជាពួកគាត់ធ្វើបែបនេះ? វាបង្ករូបភាពអាក្រក់សម្រាប់សង្កាត់របស់យើង ពីព្រោះសម្ដេចនាយកសនឹងវិលត្រឡប់ពីកិច្ចប្រជុំកំពូលអាស៊ាននៅភូមាវិញ ដូច្នេះយើងក៏បាញ់ថ្នាំពីលើអក្សរ SOS របស់ពួកគាត់ ហើយដករូបថតចេញ និងប្រគល់ឲ្យទៅម្ចាស់ផ្ទះវិញ”៕ សុខុម