បន្ទាប់ពីប្តី និងកូនស្រីរបស់ខ្លួនត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅពន្ធនាគារក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ស្ត្រីមេគ្រួសារមួយរូបដែលជាប់គាំងនៅក្នុងវិវាទដីធ្លីមួយជាមួយ ក្រុមហ៊ុនអាហរ័ណនីហរ័ណរបស់លោក ឃុន សៀ អ្នកជំនួញផ្នែកអចលនទ្រព្យដ៏មានអំណាចម្នាក់ឥឡូវនេះកំពុងលាក់ខ្លួនជាមួយកូនប្រុសអាយុ១៨ឆ្នាំរបស់ខ្លួនកាលពីម្សិលមិញ ដោយខ្លាចក្រែងខ្លួនគឺជាអ្នកដែលត្រូវចាប់ខ្លួនបន្ទាប់។
យោងតាមលោក ហាន ម៉េងហឿង មេធាវីរបស់គ្រួសារដែលជាប់គាំងក្នុងវិវាទដីធ្លីនេះបានឲ្យដឹងថា លោក លី ស៊្រាងខេង អាយុ៥៨ឆ្នាំ និងកូនស្រីរបស់ខ្លួន ឈ្មោះ លី សៀមិញ អាយុ២៣ឆ្នាំត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារព្រៃសកាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានចោទប្រកាន់ក្រោមច្បាប់ភូមិបាលពីបទប្រើអំពើហិង្សាលើម្ចាស់អចលនទ្រព្យម្នាក់។
លោក ស៊្រាងខេង ត្រូវបានឃាត់ខ្លួននៅផ្ទះក្នុងខណ្ឌទួលគោក ហើយកូនស្រីគាត់ត្រូវបានឃាត់ខ្លួននៅពេលនាងទៅមើលឪពុករបស់ខ្លួននៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃដដែលនោះ។ ការចាប់ខ្លួនអ្នកទាំងពីរនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការយាយីម្តងហើយម្តងទៀតលើគ្រួសារនេះនាពេលកន្លងមក។ ហើយគ្រួសារនេះបានអះអាងថា វាជាការសងសឹកដោយសារការមិនព្រមទទួលយកប្រាក់ចំនួន១៥.០០០ដុល្លារជាសំណងនៃផ្ទះដែលគ្រួសារនេះបានកាន់កាប់ជាយូរមកហើយនោះ។
កាលពីខែតុលាឆ្នាំមុន គេបានបោះពស់វែកតាមបង្អួចចូលផ្ទះរបស់គ្រួសារនេះ។
អ្នកស្រី ម៉ក់ ស៊ីវហុង ដែលត្រូវជាភរិយាលោក ស៊្រាងខេង បាននិយាយកាលពីម្សិលមិញ នៅពេលលាក់ខ្លួនពីនគរបាលថា “តុលាការ និងអាជ្ញាធរកំពុងធ្វើដូច្នេះដើម្បីបង្ខំឲ្យយើងចាកចេញពីផ្ទះរបស់យើង”។
អ្នកស្រី ស៊ីវហុង បាននិយាយថា សន្តិសុខដែលធ្វើការឲ្យក្រុមហ៊ុនរបស់លោក ឃុនសៀ និងដែលឃ្លាំមើលផ្ទះរបស់អ្នកស្រីជារៀងរាល់ថ្ងៃ គឺជាជនប្រព្រឹត្តិអំពើហិង្សា ដែលរួមមានទាំងការវាយដំ ការធ្វើឲ្យមានអគ្គិភ័យ និងការសម្លាប់សត្វចិញ្ចឹមរបស់គាត់ផងដែរនោះ។
អ្នកស្រីបាននិយាយបន្ថែមថា “ពួកគេដឹងថា យើងគឺជាគ្រួសារតែមួយគត់ដែលនៅសល់ក្នុងពេលឥឡូវនេះ។ សន្តិសុខបានខិតខំធ្វើគ្រប់មធ្យោបាយដើម្បីបំភិតបំភ័យយើង ប៉ុន្តែ យើងមិនខ្លាច [ពួកគេ] ទេ។តែយើងខ្លាចនគរបាល”។
លោក ឃុនសៀ ដែលក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិគ្រប់គ្រងដីធ្លី ដែលគ្រួសារនេះកំពុងរស់នៅ នៅក្នុងការដោះដូរមួយជាមួយសាលារាជធានីកាលពីដើមខែវិច្ឆិកាឆ្នាំមុន បានលើកឡើងថា ការបដិសេធមិនព្រមចាកចេញរបស់គ្រួសារនេះបានធ្វើឲ្យមានការរាំងស្ទះដល់ការសាងសង់ខុនដូនៅទីនេះ។
គ្រួសារនេះបាននិយាយថា ខ្លួនបានរស់នៅលើដីនេះ ដែលនៅជាប់អគារមួយ ដែលមានសាលាសង្កាត់បឹងកក់១ និងការិយាល័យរបស់គណបក្សប្រជាជននៅទីនោះតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម្លេ៉ះរហូតដល់មានការដោះដូរដីនេះ។
យោងតាមអ្នកស្រី សីុវហុង បានឲ្យដឹងថា គ្រួសាររបស់អ្នកស្រីគឺស្ថិតក្នុងគ្រួសារចំនួនបីដែលបដិសេធមិនព្រមបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍របស់លោក ឃុន សៀ រហូតដល់ខែកញ្ញា ។ ប៉ុន្តែ នៅពេលនោះគ្រួសារចំនួនពីរព្រមទទួលយកប្រាក់សំណង ហើយយល់ព្រមចាកចេញ។ លោក ម៉េងហឿង បានលើកឡើងថា ក្រុមហ៊ុនបានដាក់ពាក្យប្តឹងគ្រួសាររបស់អ្នកស្រី ស៊ីវហុង ទៅសាលាដំបូងកាលពីខែកញ្ញា ប៉ុន្តែ សមាជិកទាំងបួននាក់នៅក្នុងគ្រួសារនេះមិនបានធ្វើតាមដីកាកោះឲ្យចូលខ្លួនដើម្បី សាកសួរនោះឡើយ។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ម្តាយ ហើយនិងកូនទាំងពីរនាក់នេះគឺជាមនុស្សដែលគេតាមចាប់ខ្លួនដើម្បីយកមកសាកសួរ ព្រោះថា ឈ្មោះរបស់ពួកគាត់ក៏ស្ថិតក្នុងពាក្យបណ្តឹងរបស់លោក ឃុន សៀ ដែរ”។
លោក សឿ វណ្ណនី ព្រះរាជអាជ្ញារង និងចៅក្រមស៊ើបសួរ លី លឹមម៉េង ដែលបានសាកសួរលោក ស៊្រាងខេង កាលពីថ្ងៃអង្គារ មិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕ស៊ុយឈាង