យោងតាមស្នងការនគរបាលខេត្តដែលលើកឡើងថា មន្ត្រីរបស់ខ្លួនមានបំណងធ្វើតាមសំណើរបស់អាជ្ញាធរវៀតណាមបានឲ្យដឹងថា អាជ្ញាធរវៀតណាមបានស្នើឲ្យនគរបាលកម្ពុជាចាប់ខ្លួន និងនិរទេសជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១៦នាក់ ដែលបានចូលមកក្នុងខេត្តរតនគិរីក្នុងពេលថ្មីនេះទៅប្រទេសវៀតណាមវិញ។
សមាជិកចំនួន១៣នាក់នៃជនជាតិភាគតិចម៉ុងតាញ៉ាដែលប្រមូលផ្ដុំគ្នានៅតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសវៀតណាម កំពុងតែលាក់ខ្លួននៅក្នុងស្រុកលំផាត់ ភាគខាងជើងនៃខេត្តរតនគិរីក្នុងពេលសព្វថ្ងៃ ក្រោយពេលភៀសខ្លួនឆ្លងព្រំដែនចូលមកខេត្តនេះកាលពីខែមុន។
លោក ងួន គឿន ស្នងការនគរបាលខេត្តបានឲ្យដឹងកាលពីម្សិលមិញថា ថ្មីៗនេះលោកទទួលបានរបាយការណ៍មួយដែលមានបញ្ជីឈ្មោះមនុស្សចំនួន១៦នាក់តាមរយៈក្រសួងមហាផ្ទៃ។
ឧត្តមសេនីយ៍ត្រី ងួន គឿន បានមានប្រសាសន៍ថា ” អាជ្ញាធរវៀតណាមបានផ្ដល់មកឲ្យយើងនូវបញ្ជីឈ្មោះមនុស្ស១៦នាក់ ដែលរត់គេចពីប្រទេសកំណើតរបស់ខ្លួន។ ពួកគេបានស្នើឲ្យអាជ្ញាធររបស់យើងតាមរកអ្នកទាំងនេះ ហើយបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ព្រោះពួកគេគឺជាជនជាតិភាគតិចម៉ុងតាញ៉”។ លោកបានបន្ថែមថា ” យើងនឹងចាប់ខ្លួនអ្នកទាំងនោះ ហើយបញ្ជូនពួកគេត្រឡប់ទៅឲ្យអាជ្ញាធរវៀតណាមវិញ”។
ជនជាតិភាគតិចម៉ុងតាញ៉ាដែលក៏មានឈ្មោះថា Degar ត្រូវបានផ្ដន្ទាទោសជាយូរមកហើយពីបទជួយគាំទ្រកងទ័ពអាមេរិក និងបារាំងអំឡុងសង្គ្រាមនៅឥណ្ឌូចិនទាំងលើកទី១ និងលើកទី២។
ជនជាតិភាគតិចម៉ុងតាញ៉ាភាគច្រើនដើរតាមសាសនាគ្រិស្តនិកាយប្រូតេស្តង់ ដែលអាជ្ញាធរវៀតណាមមិនទទួលស្គាល់តាមផ្លូវច្បាប់ ជាហេតុធ្វើឲ្យមានការបង្ក្រាបដ៏ហិង្សាលើព្រះវិហាររបស់ជនជាតិភាគតិចម៉ុងតាញ៉ាចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០១១។
ជនជាតិភាគតិចនេះរាប់ពាន់នាក់បានមកស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជាអំឡុងពេលនោះ និងជាច្រើននាក់ទៀតបានគេចខ្លួនទៅសហរដ្ឋអាមេរិក ប៉ុន្តែពួកគេភាគច្រើនត្រូវបានបង្ខំឲ្យធ្វើមាតុភូមិនិវត្តន៍មកវិញ។ ពួកគេភាគច្រើនដែលត្រូវបានបញ្ជូនត្រឡប់មកប្រទេសវៀតណាមវិញ ត្រូវបានគេបញ្ជូនទៅពន្ធនាគារ និងធ្វើទារុណកម្ម។
គេមិនអាចទាក់ទងក្រសួងការបរទេសវៀតណាមសុំការធ្វើអត្ថាធិប្បាយបានឡើយ។
អ្នកភូមិជនជាតិដើមភាគតិចចារា៉យ ដែលរស់នៅក្នុងឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ បាននិយាយថា អាជ្ញាធរមូលដ្ឋានបានចាប់ខ្លួនបុរសជនជាតិភាគតិចម៉ុងតាញ៉ាវ័យកណ្ដាលចំនួនពីរនាក់នៅក្នុងឃុំរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។
លោក ប៉យ យ៉ាង អាយុ៥១ឆ្នាំ ដែលកុលសម្ព័ន្ធរបស់ខ្លួនគឺជាកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធជាង៣០ ដែលបង្កើតបានជាជនជាតិភាគតិចម៉ុងតាញ៉ាបាននិយាយថា ” ខ្ញុំបានឃើញប្រជាការពារភូមិយ៉ាងតិច១០មកពីភូមិទៀន បានចាប់ខ្លួនមនុស្សពីរនាក់”។
លោក ឆាយ ធី អ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី ដែលលើកឡើងថា អ្នកភូមិមួយចំនួននៅតំបន់នោះបានប្រាប់លោកអំពីការចាប់ខ្លួននេះ បានមានប្រសាសន៍ថា ” ឥឡូវនេះយើងកំពុងតែព្យាយាមស្វែងរកកន្លែងដែល [អាជ្ញាធរ] កំពុងឃុំខ្លួនពួកគេ”។
ឧត្ដមសេនីយ៍ត្រី ងួន គឿន បានបដិសេធថា ប្រជាការពារភូមិមិនបានចាប់ខ្លួនជនជាតិភាគតិចម៉ុងតាញ៉ាម្នាក់ណាឡើយ។
លោកស្រី វីវៀន តាន មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មានប្រចាំតំបន់របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងកាលពីម្សិលមិញថា ទីភ្នាក់ងារជនភៀសខ្លួននឹងបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ថាតើជនជាតិភាគតិចម៉ុងតាញ៉ាដែលកំពុងតែលាក់ខ្លួននៅក្នុងខេត្តរតនគិរីអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាជនភៀសខ្លួនឬក៏អត់។
លោកស្រីបានមានប្រសាសន៍ថា ” យើងនឹងមិនដឹងអ្វីច្បាស់ឡើយ លុះត្រាតែរដ្ឋាភិបាលមានឱកាសស្ដាប់ការអះអាងរបស់ពួកគេ។ ប៉ុន្តែយើងបានតស៊ូមតិជាយូរមកហើយថា អ្នកណាដែលស្ថិតនៅក្នុងភាពគ្រោះថ្នាក់មិនគួរត្រូវបានបញ្ជូនត្រឡប់ទៅវិញឡើយ។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃបានឲ្យដឹងថា រដ្ឋាភិបាលនឹងកំណត់តែម្នាក់ឯងថាតើជនជាតិភាគតិចម៉ុងតាញ៉ាជាជនភៀសខ្លួនស្របច្បាប់ឬក៏អត់ ហើយប្រសិនបើមិនស្របច្បាប់ទេពួកគេគួរតែត្រូវបានបញ្ជូនទៅប្រទេសវៀតណាមវិញ។
ឧត្ដមសេនីយ៍ សុខ ផល បានមានប្រសាសន៍ថា ” បញ្ហាថាតើពួកគេជាជនភៀសខ្លួនមែនឬមិនមែន គឺអាស្រ័យលើអាជ្ញាធរកម្ពុជា។ វាមិនមែនអាស្រ័យលើការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សឡើយ ព្រោះគេបានផ្ទេរតួនាទីនេះមកឲ្យរដ្ឋាភិបាលខ្មែរយើង។ ប៉ុន្តែប្រសិនបើយើងរកឃើញថា ពួកគេមិនមែនជាជនភៀសខ្លួនទេនោះ យើងនឹងបញ្ជូនពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញ”។
នៅក្នុងកិច្ចសម្ភាសមួយក្នុងខេត្តរតនគិរីកាលពីថ្ងៃពុធ ជនជាតិភាគតិចម៉ុងតាញ៉ាម្នាក់បានលើកឡើងថា ខ្លួនគេចខ្លួនមកប្រទេសកម្ពុជាព្រោះនគរបាលបានគំរាមចាប់ខ្លួនគាត់ពីបទជួយគាំទ្រមូលនិធិ Degar មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលតស៊ូមតិសម្រាប់សិទ្ធិជនជាតិភាគតិចម៉ុងតាញ៉ា។ ជនជាតិភាគតិចម៉ុងតាញ៉ាម្នាក់ទៀតបាននិយាយថា ខ្លួនត្រូវបានចាប់ខ្លួននៅក្នុងប្រទេសវៀតណាម ព្រោះខ្លួនបានបង្ហាញនិមិត្តសញ្ញារបស់មូលនិធិ Degar នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
លោក កុក ក្ស អាយុ៧០ឆ្នាំ ប្រធានមូលនិធិ Degar បានលើកឡើងកាលពីម្សិលមិញថា ខ្លួនបានប្រាប់ជនជាតិភាគតិចម៉ុងតាញ៉ានៅក្នុងប្រទេសវៀតណាមម្ដងហើយម្ដងទៀតថា កុំឲ្យឆ្លងដែនចូលមកប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍តាមរយៈទូរស័ព្ទពីរដ្ឋ North Carolina ជាទីដែលលោកបានរស់នៅតាំងពីឆ្នាំ១៩៤៧មកថា ” ខ្ញុំបានប្រាប់ពួកគេកុំឲ្យទៅ ព្រោះរដ្ឋាភិបាលកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម។ ប៉ុន្តែពួកគេជឿជាក់ថា អង្គការសហប្រជាជាតិឬនរណាម្នាក់ផ្សេងទៀតនឹងជួយពួកគេ៕ ស៊ុយឈាង