កាលពីថ្ងៃសុក្រ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបន្ទោសលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវខ្លាំងៗចំពោះការរារាំងការហែក្បួនមួយដើម្បីទៅចូលរួមក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិកាលពីសប្ដាហ៍មុន ហើយនេះជាការបន្ទោសមួយដ៏កម្រពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ដែលជានិច្ចកាលមិនសូវខ្វាយខ្វល់អំពីការប្រើកម្លាំងដើម្បីបង្ក្រាបការតវា៉អហិង្សានោះ។
អំឡុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែរបស់ក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា អភិបាលខេត្តគ្មានសិទ្ធិរារាំងអ្នកហែក្បួនដោយគ្មានការអនុញ្ញាតពីថ្នាក់លើឡើយ។
លោកបានមានប្រសាសន៍ដោយគូសបញ្ជាក់អំពីអ្នកហែក្បួនទាំងនោះដែលរួមមានព្រះសង្ឃ តាជី ដូនជី និងសកម្មជនវ័យចំណាស់ៗគ្មានអាវុធក្នុងដៃថា “គាត់មិនបានស្នើសុំយោបល់ពីនរណាម្នាក់ឡើយ នៅពេលគាត់ឃាត់អ្នកហែក្បួន។ វាមិនត្រឹមត្រូវនោះទេ ព្រោះពួកគាត់គ្រាន់តែហែក្បួនប៉ុណ្ណោះ”។ លោកបានមានប្រសាសន៍បន្ថែមថា “ខេត្តទាំងអស់សុទ្ធតែធ្វើការបានល្អ លើកលែងតែខេត្តតាកែវនេះមួយចេញ។ ចាប់ពីពេលឥឡូវនេះទៅ គាត់ត្រូវតែស្នើសុំយោបល់ គឺមិនអាចដូច្នេះទៀតបានទេ”។
អំឡុងពេលហែក្បួននោះ ក្រុមប្រឹក្សាខេត្តបានលើកឡើងថា អាជ្ញាធរគ្មានជម្រើសអ្វី ក្រៅពីទៅរារាំងក្រុមអ្នកហែក្បួនមានគ្នាប្រហែល៨០នាក់ ដែលធ្វើដំណើរឆ្ពោះទៅរាជធានីភ្នំពេញឡើយ ព្រោះព្រះសង្ឃដែលដឹកនាំការហែក្បួននេះមិនបានសុំការអនុញ្ញាតពីក្រសួងធម្មការ និងសាសនានោះទេ។
ឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលក៏បានចូលរួមនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រដែរនោះ ក៏បានលើកឡើងដែរថា លោក វណ្ណៈ គួរតែសុំភ្លើងខៀវពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមុននឹងទៅរារាំងការហែក្បួន ហើយថា លោក អុ៊ុក សំណាង ស្នងការនគរបាលខេត្តត្រូវបានប្រាប់ឲ្យយកព័ត៌មាននេះទៅប្រាប់លោកអភិបាលខេត្ត។
ឧត្ដមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា “យើងបានប្រាប់ស្នងការនគរបាលខេត្តឲ្យទៅប្រាប់អភិបាលខេត្តមថា ត្រូវស្នើសុំយោបល់ពីលោកនាយករដ្ឋមន្ត្រីស្ដីទី [លោក ស ខេង] ព្រោះគាត់គ្មានសិទ្ធិបញ្ជាកងកម្លាំងប្រដាប់អាវុធឲ្យទៅឃាត់ការហែក្បួននោះឡើយ”។
គេមិនអាចទាក់ទងលោក វណ្ណៈ បានទេកាលពីម្សិលមិញ។
តែទោះជាយ៉ាងណា កាលពីថ្ងៃសុក្រ អភិបាលខេត្តបានប្រាប់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ថា លោកសង្ស័យថា អ្នកហែក្បួនមួយចំនួនមិនមែនជាពលរដ្ឋខ្មែរទេ ហើយគឺមកពីប្រទេសវៀតណាមភាគខាងត្បូង ជាតំបន់ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរ និងដែលគេហៅថា កម្ពុជាក្រោមនោះ។
លោកបានប្រាប់ VOD ថា “យើងបានឆែកឆេរពួកគេ ព្រោះមានសេចក្ដីរាយការណ៍ថា មានព្រះសង្ឃមកពីកម្ពុជាក្រោមបានចូលរួម ហេតុដូច្នេះទើបយើងស្នើសុំឆែកឆេរអត្តសញ្ញាណប័ណ្ណ និងឆៃយ៉ា ឬសង្ឃដីកា”។
លោកអភិបាលខេត្តមិនបានប្រាប់ពីលទ្ធផលនៃការឆែកឆេរនោះឡើយ។
កាលពីឆ្នាំ២០១២ លោក វណ្ណៈ ត្រូវនគរបាលចោទប្រកាន់ថា បានបាញ់ម្ចាស់ហាងខារ៉ាអូខេម្នាក់ត្រូវចំជើងអំឡុងពិធីជប់លៀងពេលយប់មួយ។
អំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រនោះដែរ លោក ស ខេង ដែលគូសបញ្ជាក់ពីរឿងចម្លែកៗមួយចំនួនដែលកើតឡើងនៅក្នុងខេត្តតាកែវនោះ ក៏បានរិះគន់លោក វណ្ណៈ ចំពោះកោះហៅមន្ត្រីតុលាការមកសាកសួរនៅក្នុងការិយាល័យរបស់លោកក្នុងពេលថ្មីៗនេះផងដែរ។
នៅក្នុងលិខិតមួយចុះថ្ងៃទី៧ ខែតុលា លោក វណ្ណៈ បានកោះហៅប្រធានសាលាដំបូងខេត្តតាកែវ និងព្រះរាជអាជ្ញាមកសាកសួរអំពីសេចក្ដីសម្រេចដែលមិនឃុំខ្លួនមនុស្សពីរនាក់ ដែលត្រូវបានសង្ស័យថា រក្សា និងប្រើប្រាស់គ្រឿងញៀន។
ដោយប្ដូរប្រធានបទនោះ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានលើកឡើងថា “ប្រព័ន្ធថ្មីដែលឲ្យមន្ត្រីរាជការបើកប្រាក់ខែតាមរយៈគណនីធនាគារដើម្បីកាត់បន្ថយឈ្មោះខ្មោច” ដែលបើកប្រាក់ខែដោយមិនបានមកធ្វើការនោះ កំពុងប្រឈមនឹងបញ្ហា។
លោកបានរអ៊ូរទាំថា “អ្នកខ្លះដែលមិនមកធ្វើការនៅតែអាចបើកប្រាក់ខែបានដដែល។ ពួកគេគឺជាមនុស្ស ហើយនៅរស់នៅឡើយ ប៉ុន្តែពួកគេមិនមកធ្វើការទេ។ នេះគឺជាបញ្ហា ហើយយើងចាំាបាច់ត្រូវតែពិនិត្យពិច័យឲ្យបានហ្មត់ចត់៕ ស៊ុយឈាង