នគរបាលបាននិយាយកាលពីម្សិលមិញថា ស្ត្រីបួននាក់ត្រូវបានចាប់ខ្លួនពីបទកត់ឆ្នោតខុសច្បាប់នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាមកាលពីថ្ងៃសៅរ៍បន្ទាប់ពីអ្នកភូមិត្អូញត្អែរប្រាប់អាជ្ញាធរ។
លោក ម៉ា ចិន្តាអធិការនគរបាលស្រុកបានមានប្រសាសន៍ថា មន្ត្រីរបស់លោកបានសហការជាមួយនគរបាលខេត្តធ្វើការចាប់ខ្លួនក្នុងទីតាំងដាច់ដោយឡែកពីគ្នា។
លោកបានមានប្រសាសន៍ថា “យើងបានបំបែកកម្លាំងរបស់យើងឲ្យប្រចាំការតាមគោលដៅនីមួយៗ។ នៅពេលយើងទទួលបានការជូនដំណឹងមកមន្ត្រីនគរបាលសម្ងាត់របស់យើងហើយ យើងបានចាប់ផ្តើមធ្វើប្រតិបត្តិការនៅពេលជាមួយគ្នាតែម្តង”។
លោក ចិន្តា បានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួន ភោគ ណន អាយុ៦២ឆ្នាំ និង ឃុន សុត អាយុ៤៥ឆ្នាំនៅក្នុងឃុំព្រែកតានង់ សៀង ឆេង អាយុ៥៩ឆ្នាំ នៅក្នុងឃុំមហាខ្ញូង និង ឈុន ណាតរីម អាយុ៣៦ឆ្នាំនៅក្នុងឃុំកំពង់រាប។
លោកបានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនមនុស្សបួននាក់ និងដកហូតបានវត្ថុតាងមួយចំនួន រួមមានលុយ ក្រដាសឆ្នោត និងសម្ភារមួយចំនួនទៀត”។
លោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួនរយៈពេលតែពីរម៉ោងប៉ុណ្ណោះបន្ទាប់ពីទទួលបានការត្អូញត្អែរជាច្រើនអំពីស្ត្រីទាំងនេះ។ លោក រ័ត្ន បានមានប្រសាសន៍ថា “ប្រជាជនបានរាយការណ៍មកនគរបាលរបស់យើងអំពីការការលេងល្បែងខុសច្បាប់ ហើយបានត្អូញត្អែរថា នគរបាលមូលដ្ឋានធ្វើមិនដឹងមិនឮអំពីសំណើមុនៗរបស់ពួកគាត់”។ លោកបានបន្ថែមថា ជនសង្ស័យទាំងនេះនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ៕សារុន