យោងតាមរបាយការណ៍មួយដែលចេញដោយអង្គការសិទ្ធិមនុស្ស លីកាដូ កាលពីថ្ងៃអង្គារបានឲ្យដឹងថា អ្នកទោសនៅតាមពន្ធនាគារទូទាំងប្រទេសកម្ពុជាបន្តប្រឈមនឹងការរំលោភបំពានជាប្រព័ន្ធ ស្ថានភាពរស់នៅកខ្វក់ស្មោកគ្រោក និងបញ្ហាពុករលួយថែមទៀត។
របាយការណ៍ “សិទ្ធិនៅលើការទិញដូរ៖ ជីវិតនៅក្នុងពន្ធនាគារកម្ពុជា” ផ្អែកលើបទសម្ភាសជាច្រើនជាមួយអ្នកទោស អតីតអ្នកទោស សាច់ញាតិរបស់ពួកគេ និងបុគ្គលិកនៅពន្ធនាគារ១៨កន្លែងក្នុងឆ្នាំកន្លងមក។ របាយការណ៍នេះហៅប្រព័ន្ធតុលាការនិងពន្ធនាគាររបស់ប្រទេសកម្ពុជាថាជា”រចនាសម្ព័ន្ធនយោបាយពុករលួយកើតឡើងដោយគ្រួសារនិយម”ដែលរួមគ្នាបង្កើតឲ្យមានជាការប្រព្រឹត្តព្រៃផ្សៃលើអ្នកទោស។ មន្ត្រីពន្ធនាគារម្នាក់បានហៅលទ្ធផលរកឃើញនេះថាជាការ”បំផ្លើស”។
របាយការណ៍នេះនិយាយថា “អ្នកខ្លះត្រូវគេបោកក្បាលនឹងជញ្ជាំង។ វត្ថុដែលប្រើក្នុងពេលវាយធ្វើបាបរួមមានកាំភ្លើង ដំបង សរសៃដែក ដំបងឆក់ អាយកូម ខ្នោះ ច្រវាក់ ខ្សែពួរ ខ្សែភ្លើង ដុំឥដ្ឋ និងខ្សែក្រវាត់”។ របាយការណ៍បានបន្ថែមថា ការធ្វើទារុណកម្មត្រូវគេប្រើដើម្បីឲ្យសារភាព ហើយមានការឆក់នឹងខ្សែភ្លើងនិងញីភ្លើងបារីផងដែរ។
របាយការណ៍ក៏បានលើកឡើងនូវលំដាប់អ្នកទោសយ៉ាងច្បាស់នៅខាងក្នុងពន្ធនាគារ ដែលតាមលំដាប់នេះ “របស់ប្រើប្រាស់ជាមូលដ្ឋាននិងសិទ្ធិបុគ្គលមានតាមតម្លៃទិញដូរ”។
របាយការណ៍ឲ្យដឹងទៀតថា “អ្នកទោសក្រីក្របំផុតនិងអ្នកដែលគ្មានគ្រួសារ ឬអ្នកដែលគ្រួសារនិងមិត្តភក្តិរបស់ពួកគេមិនអាចមកសួរសុខទុក្ខពួកគេបាននោះ ជាធម្មតា ស្ថិតនៅលំដាប់បាតនៃអ្នកទោស។ ពួកគេដេកផ្ទាល់លើកម្រាលគុកឥដ្ឋ ច្រើនតែនៅជិតបង្គន់ ហើយរស់នៅដោយអាហារនិងទឹកពន្ធនាគារបន្តិចបន្តួចដែលគេលៃទុកឲ្យ។ ពួកគេមួយចំនួនបានចំណាយពេលភាគច្រើនក្នុងបន្ទប់គុកក្តៅនិងគ្មានខ្យល់គ្រប់គ្រាន់”។
របាយការណ៍បន្តទៀតថា ម្យ៉ាងវិញទៀត អ្នកទោសដែលមានប្រាក់ច្រើននិងខ្នងក្រាស់អាចមានស្រា គ្រឿងញៀន ស្រីពេស្យា និង “បន្ទប់ VIP”។
អគ្គិសនី ថ្នាំពេទ្យ និងការឈប់សម្រាកត្រូវគេផ្តល់ឲ្យតែអ្នកដែលអាចមានប្រាក់បង់ប៉ុណ្ណោះ។ របាយការណ៍បន្តទៀតថា អ្នកផ្តល់បទសម្ភាសម្នាក់ដែលប្រាប់ថាឈ្មោះ រដ្ឋា អះអាងថា នាងមិនត្រូវបានគេអនុញ្ញាតឲ្យនៅក្រៅបន្ទប់ទេ គឺនៅក្នុងបន្ទប់គុករហូតដល់ថ្ងៃទី១០ ដែលជាថ្ងៃដែលនាងបានសូកប្រាក់៥០ដុល្លារទៅអ្នកយាមម្នាក់។
យោងតាមរបាយការណ៍នេះឲ្យដឹងថា មានមនុស្ស១៥.១៨២នាក់ជាប់ក្នុងពន្ធនាគារកម្ពុជាគិតត្រឹមពាក់កណ្តាលខែកញ្ញា គឺ១៧៩ភាគរយនៃសមត្ថភាពផ្លូវការដែលអាចផ្ទុកបានត្រឹមតែ៨.៥០០នាក់ប៉ុណ្ណោះ។ យោងតាមតួលេខដែលប្រមូលដោយអង្គការអន្តរជាតិសិក្សាអំពីពន្ធនាគារមានមូលដ្ឋាននៅក្រុងឡុងបានឲ្យដឹងថា ការណ៍នេះធ្វើឲ្យពន្ធនាគារក្នុងប្រទេសកម្ពុជាក្លាយជាពន្ធនាគារចង្អៀតបំផុតទី២៩លើពិភពលោក។
តួលេខពីអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបង្ហាញថា អ្នកទោស៦៣ភាគរយកំពុងរង់ចាំការជំនុំជម្រះ ហើយក្នុងករណីជាច្រើនត្រូវគេដាក់ពន្ធនាគារលើសពី៦ខែ ជារយៈពេលអតិបរមាដែលជនជាប់ចោទត្រូវគេឃុំខ្លួន។
លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ការរកឃើញក្នុងរបាយការណ៍នេះគឺ “បំផ្លើស” ក្នុងបំណងដើម្បីទទួលបានមូលនិធិពីប្រទេសផ្តល់ជំនួយ។
លោកបានមានប្រសាសន៍ថា “របាយការណ៍របស់អង្គការនេះគឺដូចតែរាល់ឆ្នាំក្នុងន័យចោទប្រកាន់ទាក់ទិននឹងការធ្វើទារុណកម្ម អំពើពុករលួយ និងស្ថានភាពរស់នៅអាក្រក់ក្នុងពន្ធនាគារ។ គេធ្វើអ៊ីចឹងដើម្បីបំពេញចិត្តម្ចាស់លុយដើម្បីបានលុយ”។
លោក ប៊ុនសន មានប្រសាសន៍ថា “ខ្ញុំដឹងថា គ្រប់ពន្ធនាគារនិងមណ្ឌលកែប្រែនៅទូទាំងប្រទេសបានប្រឈមនឹងបញ្ហានៃការចង្អៀតណែន ប៉ុន្តែលក្ខខណ្ឌរបស់យើងមិនអាក្រក់ដូចដែលបានរាយការណ៍ដោយអង្គការលីកាដូទេ”។
លោកបានមានប្រសាសន៍ថា “ខ្ញុំបដិសេធដាច់ខាតថាមិនមានបញ្ហាអំពើពុករលួយដូចដែលបានចោទក្នុងរបាយការណ៍នេះទេ។វាជាការចោទគ្មានមូលដ្ឋាន ហើយខ្ញុំក៏បដិសេធការចោទដោយអ្នកទោសអំពីការធ្វើទារុណកម្មដែរ”។
លោក ប៊ុនសន បានមានប្រសាសន៍ថា បញ្ហាចង្អៀតពេកនឹងត្រូវដោះស្រាយបាន ពេលណាការសង់ពន្ធនាគារនៅខេត្តប៉ៃលិន កំពត ឧត្តរមានជ័យ សៀមរាប និងបាត់ដំបងរួចស្រេចហើយ៕មានិត