សហភាពអឺរ៉ុបបានលើកឡើងនៅសប្ដាហ៍នេះថា ខ្លួនបានជួលអ្នកប្រឹក្សាយោបល់ពីររូប ដើម្បីជួយរដ្ឋាភិបាលរៀបចំប្រព័ន្ធមួយសម្រាប់ផ្ដល់សំណងដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលគេជឿថា ផ្ទះឬដីស្រែចម្ការរបស់ពួកគាត់ត្រូវបានរឹបអូសខុសច្បាប់ពីសំណាក់ក្រុមហ៊ុនចម្ការអំពៅឯកជននៅក្នុងប្រទេសកម្ពុជា។
សហភាពអឺរ៉ុបដែលនាំចូលភាគច្រើននៃការនាំចេញស្ករសរបស់កម្ពុជា និងដែលសុទ្ធតែរួចកាតព្វកិច្ចពន្ធ បានចរចាជាមួយរដ្ឋាភិបាលប្រហែល១ឆ្នាំ ដោយសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យផ្ដល់សំណងដល់គ្រួសាររងការបណ្ដេញចេញ ដែលសមនឹងទទួលបានសំណង។
ទោះជាយ៉ាងណា មិនយូរប៉ុន្មាន ភាគីទាំងពីរបានខ្វែងគំនិតគ្នាលើចំនួនគ្រួសារដែលសមទទួលបានសំណង ហើយបានដឹងតាំងពីខែកុម្ភៈថា ភាគីទាំងពីរត្រូវការជំនួយពីខាងក្រៅ។
សហភាពអឺរ៉ុបបានចាប់ផ្ដើមផ្សព្វផ្សាយជ្រើសរើសអ្នកប្រឹក្សាយោបល់ពីររូបកាលពីខែវិច្ឆិកា ហើយបានបញ្ជាក់នៅសប្ដាហ៍នេះថា អ្នកប្រឹក្សាយោបល់ទាំងនោះជ្រើសរើសបានហើយ ហើយទំនងជានឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូងនៅខែក្រោយ។សហភាពអឺរ៉ុបមិនទាន់បានឆ្លើយតបនឹងសំណើសុំព័ត៌មានបន្ថែមស្ដីពីអ្នកប្រឹក្សាយោបល់ទាំងពីររូបនេះទេ។
យោងតាមច្បាប់ចម្លងនៃលក្ខខណ្ឌសំអាងក្នុងគម្រោងនេះបានឲ្យដឹងថា អ្នកប្រឹក្សាយោបល់ទាំងនេះនឹងជួយរដ្ឋាភិបាលក្នុងការវាយតម្លៃការអះអាងសិទ្ធិកាន់កាប់ដីធ្លីដែលត្រូវបានរឹបអូស និងធានាការផ្ដល់សំណង។
ច្បាប់ចម្លងនៃលក្ខខណ្ឌសំអាងនេះមានខ្លឹមសារដូច្នេះថា “យ៉ាងហោចណាស់ លទ្ធផលចុងក្រោយគួរតែជាការស្ដារឡើងវិញនូវកម្រិតជីវភាពរស់នៅ និងកម្រិតប្រាក់ចំណូលមុនគម្រោងសម្រាប់អ្នកដែលរកឃើញថា បានរងភាពអយុត្តិធម៌”។ តាមការរំពឹងទុក ការងាររបស់ពួកគាត់នឹងត្រូវចំណាយពេលប្រហែល៤ខែ៕ សុខុម