ឪពុកម្តាយឧត្តមសេនីយ៍ ថោង សារ៉ាត់ ដែលកំពុងតាមចាប់ខ្លួនពីបទសម្របសម្រួលឲ្យមានការសម្លាប់លោក អឹុង ម៉េងជឺ ពាណិជ្ជករម្នាក់កាលពីខែវិច្ឆិកានោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីព្រឹកថ្ងៃសៅរ៍ដែលពួកគាត់ត្រូវបានឃុំខ្លួនតាមការចោទប្រកាន់ពីបទមានអាវុធខុសច្បាប់ នេះបើយោងតាមមេធាវីរបស់ពួកគាត់។
លោក ថោង ចំរើន ឪពុករបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ និងអ្នកស្រី កែវ សាវី ជាម្តាយរបស់គាត់ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសកាលពីថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីការឆ្មក់ចូលរបស់នគរបាលជាច្រើនលើកនៅភូមិគ្រឹះរបស់ក្រុមគ្រួសារនេះក្នុងរាជធានីភ្នំពេញ ហើយបានរកឃើញអាវុធខុសច្បាប់មួយចំនួន។ ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ កំពុងរត់គេចខ្លួននៅឡើយ។
លោក ម៉ុន កែវស៊ីវីន មេធាវីតំណាងលោក ថោង ចំរើន និងអ្នកស្រី កែវ សាវី បានមានប្រសាសន៍ថា ឪពុកម្តាយរបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍ ពីព្រោះចៅក្រមស៊ើបសួរ លី សុខឡេង បានសម្រេចដោះលែងពួកគាត់ឲ្យនៅ ក្រៅឃុំដោយសារបញ្ហាសុខភាព ខណៈដែលសាកសួរពួកគាត់នៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
លោក កែវស៊ីវីន បានមានប្រសាសន៍ថា “ចៅក្រមស៊ើបសួរ លី សុខឡេង បានកោះហៅពួកគាត់ឲ្យមកតុលាការដើម្បីសាកសួរបន្ត ហើយនៅថ្ងៃនោះលោកឃើញថា ពួកគាត់ទាំងពីរមានបញ្ហាសុខភាព”។
លោកបានបន្ថែមថា “ឪពុករបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ មានបញ្ហាភ្នែក ជំងឺផ្លូវចិត្ត និងជំងឺទឹកនោមផ្អែម។ អ្នកស្រី កែវ សារី មានសម្ពាធឈាមខ្ពស់នៅពេលគាត់ខឹង។ នោះជាមូលហេតុដែលចៅក្រមសម្រេចដោះលែងពួកគាត់។ ចៅក្រម សុខឡេង មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
លោក កែវសីុវិន បានមានប្រសាសន៍ថា កូនក្តីរបស់លោកស្ថិតក្រោមការឃ្លាំមើលរបស់តុលាការដដែល ហើយនឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេសបាន ប្រសិនបើពួកគាត់ទៅជាមួយមេធាវីរបស់ខ្លួន។
លោកបានមានប្រសាសន៍ ថា “ប្រសិនបើពួកគាត់ចង់ទៅក្រៅប្រទេស ពួកគាត់ត្រូវជម្រាបមេធាវីរបស់ខ្លួន ហើយមេធាវីរបស់ពួកគាត់នឹងជូនដំណឹងទៅតុលាការ។ មេធាវីទាំងនោះតែងតែទៅជាមួយពួកគាត់ជានិច្ច ហើយពួកគាត់នឹងបង្ហាញខ្លួន ប្រសិនបើតុលាការតម្រូវ”។
បើទោះជានគរបាលបានរកឃើញអាវុធយ៉ាងតិច១០ដើមក្នុងការឆែកឆេរផ្ទះរបស់ប្តីប្រពន្ធនេះក្នុងរាជធានីភ្នំពេញ រួមមានកាំភ្លើងអាកា-៤៧ បីដើម និងកាំភ្លើងខ្លីមួយដើម អំឡុងការឆ្មក់ចូលកាលពីខែមុនក៏ដោយ ក៏លោក កែវស៊ីវីន បានមានប្រសាសន៍ថា មានតែកាំភ្លើងបួនដើមប៉ុណ្ណោះជាកម្មសិទ្ធិរបស់កូនក្តីលោក។
លោកបានមានប្រសាសន៍ថា “ពួកគាត់ត្រូវបានចោទប្រកាន់ពីបទមានអាវុធខុសច្បាប់ប៉ុន្តែពួកគាត់ មានឯកសារស្របច្បាប់សម្រាប់អាវុធទាំងនោះ ដែលអនុញ្ញាតដោយក្រសួងការពារជាតិពីព្រោះម្តាយរបស់លោក ថោង សារ៉ាត់ ជាវរសេនីយ៍ទោ ហើយឪពុករបស់លោកវរសេនីយ៍ត្រី”។ លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីម្សិលមិញ៕សារុន