The Cambodia Daily Khmer

ឧត្តមសេនីយ៍​​​​​​​​​ត្រី​​​​​​​​មួយ​​​រូប​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​ករណី​​​ពុក​​​រលួយ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ភ្នំពេញ​​​

កាល​​​ពី​​​យប់​​​មិញ ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ខេត្ត​​​តាកែវ បាន​​​ចាប់​​​ខ្លួន​​​ឧត្តមសេនីយ៍​​​មួួយ​​​រូប​​​ដែល​​​ជា​​​មនុស្ស​​​ជំនិត​​​របស់​​​លោក អាំង មាល​​​តី ប្រធាន​​​សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដែល​​​ត្រូវ​​​​​​បាន​​​ដក​​​ចេញ​​​ពី​​​តំណែង​​​​​​ជា​​​ផ្លូវ​​​ការ​​​កាល​​​ពី​​​​​​​​ថ្ងៃ​​​ពុធ ​​​​​​ចំពេល​​​មាន​​​​​​ការ​​​ចោទ​​​ប្រកាន់​​​​​​​​ពី​​​បទ​​​អំពើ​​​ពុក​​​រលួយ
​​​ដ៏​​​ធំ​​​។

ឧត្តមសេនីយ៍​​​ត្រី ឡា ឡាយ មេបញ្ជាការ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​តាកែវ​​​ បាន​​​មាន​​​​​​ប្រសាសន៍​​​​​​ថា កូន​​​ចៅ​​​​​របស់​​​លោក​​​​​​បាន​​​សហការ​​​ជា​​​មួយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ដើម្បី​​​ចាប់​​​ខ្លួន​​​ឧត្តមសេនីយ៍​​​ត្រី ពេជ្រ ព្រហ្មមុន្នី នាយ​​​សេនាធិការ​​​រង​​​នៃ​​​កង​​​ក​​​ង​​​ទ័ព​​​ជើង​​​គោក។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​សហការ​​​ជាមួយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​​​​ផ្ទៃ​​​​​​ប្រទេស​​​ដើម្បី​​​ចាប់​​​ខ្លួន ពេជ្រ ព្រហ្មមុន្នី នៅ​​​ឃុំ​​​រវៀង​​​ ស្រុក​​​សំរោង​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​ទេ​​​ អស់​​​លោក​​​អាច​​​​​​សួរ​​​ទៅ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​បាន​​​”។

លោក ខេង ទីតូ អ្នក​​​នាំ​​​ពាក្យ​​​​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​យប់​​​មិញ​​​​​​ថា ឧត្តម​​​សេនីយ៍ ពេជ្រ ព្រហ្មមុន្នី ​​​ត្រូវបាន​​​ឃាត់​​​ខ្លួន​​​​​​ក្រោយ​​​ពី​​​​​​មាន​​​ដីកា​​​ឃាត់​​​ខ្លួន​​​ចេញ​​​ដោយ​​​​​​​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​​​​ចាប់​​​ខ្លួន​​​គាត់​​​​​​នៅ​​​​​​ម៉ោង​​​ប្រហែល៦​​​ល្ងាច ហើយ​​​យើង​​​​​​បាន​​​​​​នាំ​​​​​ខ្លួន​​​គាត់​​​​​​ទៅ​​​​​​កាន់​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ ​​​គាត់​​​ត្រូវបាន​​​​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​​​​រារាំង​​​​ការងារ​​​​​​មន្ត្រី​​​​​​សាធារណៈ​​​”​​​។

លោក អាំង មាលតី ​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​​​​​​​តំណែង​​​​​​ជា​​​ផ្លូវ​​​ការ​​​​​​​ក្នុង​​​​​​ថ្ងៃ​​​​​​ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ​​​បាន​​​លើក​​​ឡើង​​​​​នៅ​​​ក្នុង​​​សុន្ទរក​​​ថា​​​ជា​​​សាធារណៈ​​​ថា ​​​ការ​​​សូក​​​ប៉ាន់​​​ប្រាក់​​​ចំនួន​​​៥​​​លាន​​​ដុល្លារ​​​ប្រហែល​​​ជា​​​​​​បាន​​​​​​បណ្តាល​​​ឲ្យ​​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​កែ​​​ប្រែ​​​សេច​​​ក្តី​​​​​​របស់​​​ខ្លួន​​​​​​​​​​​ក្នុង​​​ការ​​​ច្រាន​​​ចោល​​​​​​សំណើ​​​សុំ​​​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​សម្រាប់​​​​​​ឪពុក​​​ម្តាយ​​​របស់​​​ឧត្តមសេនីយ៍​​​ទោ ថោង សារ៉ាត់ ​​​ដែល​​​ជាប់​​​ចោទ​​​​​​​​​ថា​​​ជា​​​​​​មេខ្លោង​​​​​​នៅ​​​ពី​​​ក្រោយ​​​​​​​​ការ​​​ធ្វើ​​​ឃាត​​​ឧកញ៉ា អឹុង ម៉េងជឺ ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា។​​​

លោក ខេង ទីតូ បាន​​​លើក​​​ឡើង​​​បន្ថែម​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​ថា ឧត្តមសេនីយ៍​​​ត្រី ពេជ្រ ព្រហ្មមុន្នី  ត្រូវ​​​បាន​​​ចាប់​​​ខ្លួន ខណៈ​​​កំពុង​​​បួង​​​សួង​​​នៅ​​​វត្ត​​​ប្រាសាទ​​​នាង​​​ខ្មៅ​​​ក្នុង​​​ស្រុក​​​សំរោង​​​  ហើយ​​​ក៏​​​បាន​​​បង្ហោះ​​​វីដេអូ​​​​​​រូប​​​ឧត្តមសេនីយ៍​​​ត្រី ពេជ្រ ព្រហ្មមុន្នី  ដែល​​​ពាក់​​​អាវ​​​ក​​​បើក​​​ពណ៌​​​ស​​​​​​ និង​​​មួក​​​កាតិប​​​ ពណ៌​​​ក្រហម​​​ពេល​​​ទៅ​​​ដល់​​​សាលា​​​ដំបូង​​​រា​​​ជ​​​ធានី​​​ភ្នំពេញ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ថា “គាត់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រារាំង​​​ការ​​​ងារ​​​មន្ត្រី​​​សាធារណៈ​​​ និង​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ​​​​​​មិន​​ត្រឹម​​​ត្រូវ​​​”។ នៅ​​​ពេល​​​សាក​​​សួរ​​​ថា តើ​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដោះ​​​លែង​​​ឪពុក​​​ម្តាយ​​​របស់​​​ ថោង​​​ សារ៉ាត់ ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ លោក ខេង ទីតូ បាន​​​មាន​​​ប្រសាសន៍​​​ថា “មែន” ។

ឧត្តម​​​ក្រុមប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម​​​បាន​​​ដក​​​ អាំង មាលតី ចេញ​​​ពី​​​ត​​​ំណែង​​​ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​អង្គារ​​​ ពោល​​​គឺ​​​តែ​​​ប៉ុន្មាន​​​​​​ម៉ោង​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន ពាន​​​រិះ​​​គន់​​​លោក​​​​​​ខ្លាំង​​​ៗ​​​ចំពោះ​​​ការ​​​ដោះ​​​ស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំណុំ​​​រឿង​​​ដ៏​​​ក្រក្រើក​​​មួយ​​​ប្រឆាំង ថោង សារ៉ាត់ ដែល​​​ជាប់​​​ចោទ​​​ថា​​​ ជា​​​មេខ្លោង​​​នៅ​​​ពីក្រោយ​​​ករណី​​​ធ្វើ​​​ឃាត​​​ឧកញ៉ា អឹុង​​​ ម៉េង​​​ជឺ។

​​​នៅ​​​ពេល​​​​​​សាក​​​សួរ​​​​​​ថា តើ​​​ការ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ​​​ពាក់​​​ព័ន្ធ​​​​​​​​​​​​នឹង​​​ការ​​​​​​ដោះ​​​​​​ខ្លួន​​​ឪពុក​​​ម្តាយ​​​របស់​​​ ថោង សារ៉ាត់ ដែល​​​ជាប់​​​ចោទ​​​​​​ពី​​​បទ​​​រក្សា​​​ទុក​​​អាវុធ​​​ខុស​​​ច្បាប់​​​ និង​​​ដែល​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​​​​​ឡើង​​​វិញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ខណៈ​​​​​​កំពុង​​​ព្យាយាម​​​​​​រត់​​​គេច​​​ខ្លួន​​​ទៅ​​​​​​​​​កាន់​​​ប្រទេស​​​វៀតណាម ​​​ក្រោយ​​​ពី​​ទទួល​​​បាន​​​​​​ការ​​​ដោះ​​​លែង​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​កាល​​​ពី​​​ដើម​​​ខែ​​​​​​នេះ ឬ​​​យ៉ាង​​​ណា​​​នោះ ​​​លោក ខេង ទីតូ ​​​​​​បាន​​ឆ្លើយ​​​​​​ថា “មែន”។

អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​​​​អាវុធ​​​ហត្ថ​​​រូប​​​នេះ​​​បាន​​​សរសេរ​​​នៅ​​​​​​ទំព័រ​​​ហ្វេសប៊ុក​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​​​​កាល​​​ពី​​​យប់​​​មិញ​​​ថា ​​​ឧត្តម​​​សេនីយ៍​​​ ពេជ្រ ព្រហ្មមុន្នី ​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​​ខណៈ​​​​​​​​​កំពុង​​​បួង​​​សួង​​​​​​នៅ​​​​​​វត្ត​​​​​​ប្រាសាទ​​​នាង​​​ខ្មៅ​​​ ក្នុង​​​ស្រុក​​​សំរោង ហើយ​​​ក៏​​​បាន​​​បង្ហោះ​​​​​​វីដេអូ​​​​​​​មួយ​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​​​​​​​​​​​​ឧត្តមសនីយ៍ ពេជ្រ ព្រហ្មមុន្នី ​​​ពាក់​​​អាវ​ក​​​បើក និង​​​មួក​​​​​​កាតឹប​​ពណ៌​​ក្រហម​​ទៅ​​​ដល់​​​សាលា​​​​​ដំបូង​​​រាជ​​​ធានី​​​ផង​​​ដែរ។

លោក អាំង មាលតី ​​​ដែលបាន​​​ឡើង​​​កាន់​​​តំណែង​​​ជា​​​​​​ប្រធាន​​​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​កាល​​​ពី​​​ខែ​​​មេសា ​​​បាន​​​​​ស្នើ​​​​​​​​សុំឧត្តម​​​សេនីយ៍​​​ត្រី ពេជ្រ ព្រហ្មមុន្នី កាល​​​ពី​​​ខែ​​​កក្កដាឲ្យ​​​មក​​​ ​​​”ជួយ​​​​​​ផ្តល់​​​សន្តិសុខ​​​ និង​​​រក្សា​​​សណ្តាប់​​​ធ្លាប់​​​សាធារណៈ​​​​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ភ្នំ​​​ពេញ​​​” ​​​នេះ​​​បើ​​​យោង​​​តាម​​​​​​លិខិត​​​មួយ​​​ច្បាប់​​​ដែល​​​លោក​​​បាន​​​ផ្ញើ​​​ជូន​​​​​​លោក​​​ មាស សុភា ​​​អគ្គ​​​មេបញ្ជា​​​ការ​​​រង​​​​នៃ​​​កង​​​យោធពល​​​ខេរភូមិន្ទ​​​។​​​​​

​​​​​​​​​កាល​​​ពី​​​យប់​​​មិញ ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុន្នី ​​​បាន​​​ស្ថិត​​​នៅ​​​ក្នុង​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​នៅឡើយ​​​ ហើយ​​​ឧត្តមសេនីយ៍​​​ត្រី ខេង ទីតូ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ពេជ្រ ព្រហ្មមុន្នី  នឹង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​នៅ​​​ទី​​​បញ្ជាការ​​​កង​​​រាជ​​​អាវុធហត្ថ​​​លើ​​ផ្ទៃ​​​ប្រទេស​​​ នៅ​​​ពេល​​​ព្រះរាជ​​​អាជ្ញារង​​​ លី​​​ សុ​​​ផាណា បញ្ចប់​​​ការ​​​សាក​​​សួរ​​​គាត់។  ចំណែក​ឯ​​លោក លី សុផាណា មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​​​​បញ្ហា​​​នេះ​​​៕សុខុម​​​

 

Exit mobile version