The Cambodia Daily Khmer

បុរស​​​ជនជាតិ​​​តួកគី ​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ក្រោយ​​​ករណី​​​បាញ់ប្រហារ​​​នៅ​​​ក្រុង​​​ព្រះ​​​សីហនុ​​​

នគរបាល​​​ក្រុង​​​ព្រះ​​​សីហនុ​​​និយាយ​​​ថា ខ្លួន​​​បាន​​​ចាប់​​​ខ្លួន​​​អ្នកជំនួញ​​​ជន​​​ជាតិ​​​តួក​​​គី​​​ ម្នាក់​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​ ពោល​​​គឺ​​​មិន​​​ដល់​​​​​​២៤ម៉ោង​​​ផង​​​ទេ​​​ក្រោយ​​​ពី​​​ខ្មាន់​​​កាំភ្លើង​​​បាន​​​បាញ់​​​ចេញ​​​ពី​​​រថយន្ត​​​មួយ​​​គ្រឿង​​​ចំនួន​​​១០ គ្រាប់​​​សំដៅ​​​ទៅ​​​រថយន្ត​​​របស់​​​គាត់​​​ បណ្តាល​​​ឲ្យ​​​បុរស​​​ខ្មែរ​​​ម្នាក់​​​រង​​​របួស​​​នៅខាង​​​ក្រៅ​​​កាស៊ីណូ​​​ក្រុង​​​កំពង់​​​សោម កាល​​​ពី​​​យប់​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ។

នគរ​​​បាល​​​និយាយ​​​ទៀត​​​ថា ការ​​​បាញ់​​​ប្រហារ​​​នេះ​​​គឺ​​​ជា​​​ការ​​​សង​​​សឹក​​​​​​ពី​​​សំណាក់​​​ម្ចាស់​​​អជីវកម្ម​​​បរទេស​​​ផ្សេង​​​ៗ​​​ទៀត​​​ចំពោះករណី​​​ចាក់​​​គ្នា​​​​​​មួយ​​​។

ហេតុការណ៍​​​​​​ដែល​​​បាន​​​កើត​​​ឡើង​​​មិន​​​ដល់​​​មួយ​​​ខែ​​​ក្រោយ​​​ពី​​​ក្រុម​​​បុរ​​​សជនជាតិ​​​រុស្ស៊ី​​​បាន​​​ប៉ះទង្គិច​​​គ្នា​​​យ៉ាង​​​សាហាវ​​​នៅ​​​ខាង​​​ក្រៅ​​​កាស៊ីណូ​​​មួយទៀត​​​​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​នេះ​​​ បាន​​​កើត​​​ឡើង​​​នៅ​​​ម៉ោង​​​១១​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ នៅ​​​ពេល​​​រថយន្ត​​​មួយ​​​គ្រឿង​​​បាន​​​បើក​​​តាម​​​ពី​​​ក្រោយ​​​រថយន្ត​​​របស់​​​បុរ​​​សជន​​​ជាតិ​​​តួកគី​​​រូ​​​ប​​​នេះ​​​ ហើយ​​​បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​តែ​​​ម្តង​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​មន្ត្រី​​​មួយ​​​រូប​​​​​​នៅការិយាល័​​​យ​​​អន្តរាគមន៍​​​បទ​​​ល្មើស​​​របស់​​​នគរ​​​បាល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការបាញ់ប្រហារ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​បុរ​​​សខ្មែរ​​​ម្នាក់​​​​​​ដែល​​​នៅ​​​ខាង​​​មុខ​​​កាស៊ី​​​ណូ​​​ក្រុង​​​កំពង់​​​សោម​​​រង​​​របួស​​​ភ្លៅ​​​ខាង​​​ស្តាំ។ ពួកគេ​​​ចង់​​​សង​​​សឹក​​​​​​​​​គ្នា​​​ប៉ុន្មាន​​​ថ្ងៃ​​​មក​​​ហើយ​​​ ប៉ុន្តែ​​​យើង​​​ទៅដល់​​យឺត​​​ពេក​​​ទើប​​​មិន​​​អាច​​​ចាប់​​​ពួកគេ​​​បាន​​​”។

លោក ឯម វលក្ខណ៍ ស្នង​​​ការ​​​រង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​បុរ​​​សជន​​​ជាតិ​​​តួកគី​​​ រូប​​​នេះ​​​​​​កាល​​​ពី​​​ម្សិល​​​មិញ ពីព្រោះ​​​មាន​​​ពាក្យ​​​បណ្តឹង​​​ប្រឆាំង​​​រូប​​​គាត់​​​កាល​​​ពី​​​ម្សិលម្ងៃ។លោកមាន​​​ប្រសាសន៍ទៀត​​​ថា លោក​​​មិន​​​ចាំ​​​ឈ្មោះ​​​បុរ​​​សនេះ​​​ទេ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា” បុរ​​​ស​​​ជនជាតិ​​​តួកគី​​​ដែល​​​ត្រូវ​​​ចាប់ខ្លួន​​​ថ្ងៃ​​​េនះ​​​ គឺ​​​ជា​​​ជនសង្ស័យ​​​ដែល​​​បាន​​​​​​វាយ​​​ប្រហារ​​​បុរស​​​ម្នាក់​​​ទៀត​​​នឹង​​​កាំបិត​​​ ដូច្នេះ​​​ហើយ​​​យើង​​​ក៏​​​បាន​​​ចុះ​​​ទៅ​​​ដល់​​​កន្លែង​​​លក់​​​សំបុត្រ​​​ទូក​​​របស់​​​គាត់​​​ ហើយ​​​នាំ​​​ខ្លួន​​​គាត់​​​ទៅ​​​​​​ប៉ុស្តិ៍​​​នគរ​​​បាលតែម្តង​​​”។

លោក ឈិត សុខុន អភិបាល​​​ខេត្ត​​​ព្រះ​​​សីហនុ បានមាន​​​ប្រ​​​សាសន៍​​​ថា ​​​​​​ក្រុម​​​ម្ចាស់​​​ភោជនីយ​​​ដ្ឋាន​​​បរទេស​​​​​​មាន​​​ការ​​​ពាក់​​​ព័ន្ធ​​​​​​ក្នុង​​​ជម្លោះ​​​រក​​​ស៊ី​​​​​​ជាមួយ​​​ជន​​​ជាតិ​​​តួកគី រូប​​​នេះ​​​ដែលជា​​​ម្ចាស់​​​ក្រុមហ៊ុន​​​ទូក​​​​​​មួយ​​​។

លោកបានមាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ទាន់​​​ដឹង​​​​​​​​​ពី​​​សញ្ជាតិ​​​របស់​​​ក្រុម​​​ដែល​​​បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​នៅឡើយទេ ហើយ​​​ក៏​​​មិន​​​ដឹង​​​ថា​​​មាន​​​សមាជិក​​​ប៉ុន្មាន​​​នាក់​​ ឬក៏​​​ភោជនីយដ្ឋាន​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ ឬ​​​យ៉ាង​​​ណា​​​ទេ​​​។ យើង​​​ចាំ​​​បាច់​​​ត្រូវ​​​ចាប់ខ​​​្លួន​​​ពួក​​​គេ​​​ជាមុនសិន​​​ មុន​​​ពេល​​​យើង​​​ពិនិត្យមើល​​​អត្ត​​​សញ្ញាណ​​​របស់​​​ពួក​​​គេ​​​”។

លោក គៀត​ ច័ន្ទថារិទ្ធ​​​ អ្នកនាំពាក្យ​​​នគរ​​​បាល​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​វាយ​​​ប្រហារ​​​ដ៏​​​សាហាវ​​​មួយ​​​ទៀត​​​ដែល​​​ប្រព្រឹត្ត​​​ឡើង​​​ដោយ​​​ជន​​​បរទេស​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​ គឺ​​​ជា​​​ស្ថានភាព​​​​​​វិវឌ្ឍ​​​ន៍​​​ដ៏​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា ជន​​​បរទេស​​​ទាំង​​​នេះ​​​បាន​​​កាំភ្លើង​​​ទាំង​​​អស់​​​នេះ​​​ដោយ​​​របៀប​​​ណា ឬកន្លែង​​​ណា​​​ទេ ប៉ុន្តែ ទោះ​​​ជា​​​យ៉ាង​​​ណា ​​​យើង​​​មាន​​​ការ​​​បារម្ភ​​​យ៉ាង​​​ខ្លាំង ហើយ​​​ពេល​​​នេះ​​​កំពុង​​​សិក្សា​​​​​​ថា តើ​​​យើង​​ចាំ​​​បាច់​​​​​​ត្រូវ​​​ចាត់វិធានការ​​​អ្វី​​​ទៅ​​​ថ្ងៃ​​អនាគត់​​​”៕សុខុម​​​​​​

 

Exit mobile version