មេដឹកនាំសហជីពម្នាក់ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីសប្ដាហ៍មុន ដែលរង់ចាំសវនាការជំនុំជម្រះតាមការចោទប្រកាន់បីបទគំរាមទារប្រាក់ និងធ្វើការគំរាមកំហែងអំឡុងការធ្វើកូដកម្មកាលពីខែមុននោះ បានសន្យាកាលពីថ្ងៃម្សិលមិញថា នឹងបន្តដឹកនាំសកម្មភាពឧស្សាហកម្មទៀត ប្រសិនបើកម្មករត្រូវការរូបលោក។
លោក សៀង រិទ្ធី ប្រធានសហព័ន្ធសហជីពសាមគ្គីការងារកម្ពុជា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ដោយមានដំបងឫស្សីចំនួន៥១ដើម តាមផ្លូវទៅកន្លែងធ្វើកូដកម្មនៅមុខរោងចក្រកាត់ដេរអប្សរាក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានធ្វើសន្និសីទកាសែតមួយនៅថ្ងៃបន្ទាប់ ថ្កោលទោសរបៀបនៃសកម្មភាពឧស្សាហកម្មរបស់លោក ហើយចាត់ទុកលោកថា ជាមេដឹកនាំសហជីពហិង្សាម្នាក់។ នៅថ្ងៃបន្ទាប់គឺថ្ងៃទី៥ ខែកុម្ភៈ លោកត្រូវបានចោទប្រកាន់ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារ។
យោងតាមលោក គុត កែវសុធា មេធាវីតំណាងលោក រិទ្ធី ដែលឥឡូវនេះកំពុងជំរុញឲ្យលើកលែងការចោទប្រកាន់បានឲ្យដឹងថា លោក រិទ្ធី ត្រូវបានដោះលែងកាលពីថ្ងៃទី២៧ ខែកុម្ភៈ បន្ទាប់ពីមានការដកពាក្យបណ្ដឹងពីអ្នកគ្រប់គ្រងរោងចក្រ។
មេដឹកនាំសហជីពរូបនេះបានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងមិនបញ្ឈប់សកម្មភាពរបស់លោកទេ ដោយសារលោកត្រូវបានដោះលែង។
លោក រិទ្ធី បានមានប្រសាសន៍ថា “ខ្ញុំមិនខ្លាចឡើយ។ មុនការចាប់ខ្លួន និងក្រោយការចាប់ខ្លួនគឺដដែល។ ប្រសិនបើកម្មករត្រូវការខ្ញុំឲ្យជួយពួកគេ ពីព្រោះអ្នកគ្រប់គ្រងបានដាក់សម្ពាធលើពួកគេ និងកេងប្រវ័ញ្ចពួកគេ ខ្ញុំនឹងជួយ”។
លោកបានបន្ថែមថា ” ខ្ញុំធ្វើការក្នុងវិស័យនេះ ហើយខ្ញុំក៏ដឹងដែរថា នៅថ្ងៃណាមួយខ្ញុំអាចត្រូវគេចាប់ខ្លួន និងចាប់ដាក់ពន្ធនាគារ។ នេះគឺជារឿងធម្មតាសម្រាប់ការងាររបស់យើង។ ខ្ញុំយល់ថា ពួកគេបានចាប់ខ្លួនខ្ញុំក្នុងពេលកន្លងមកនេះ ដើម្បីដាក់សម្ពាធលើកម្មករឲ្យបញ្ចប់កូដកម្មតែប៉ុណ្ណោះ”។
លោក រិទ្ធី បានអះអាងថា សហជីពរបស់លោកមានកម្មករប្រហែល២០.០០០នាក់នៅតាមរោងចក្រជាង៣៨ក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ និងខេត្តកំពង់ចាម ហើយមានការទទួលខុសត្រូវក្នុងការតំណាងឲ្យផលប្រយោជន៍របស់ពួកគេ។
នៅក្នុងបទសម្ភាសកាលពីឆ្នាំមុន លោក រិទ្ធី បានមានប្រសាសន៍ថា សហជីពតូចរបស់លោកនឹងដឹកនាំកូដកម្មនៅតាមរោងចក្រកាត់ដេរ នៅពេលសហជីពដែលបានបង្កើតឡើងកាន់តែច្រើន បានបដិសេធ ហើយថា ស្ថាប័ននោះទ្រទ្រង់ខ្លួនឯងតាមរយៈសមាជិកម្នាក់ៗបង់ប្រាក់ប្រចាំខែ០,៥០ដុល្លារ៕ សារុន