លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍កាលពីម្សិលមិញថា សមាជិកសភាគណបក្សប្រឆាំងម្នាក់ដែលកាលពីថ្ងៃសុក្រត្រូវបានរកឃើញពិរុទ្ធភាពថាបានជួយបុរសម្នាក់ចេញពីពន្ធនាគារនោះ អាចត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារនៅពេលអស់អភ័យឯកសិទ្ធិជាសមាជិកសភា។
លោក ចាន់ ចេង សមាជិកសភាគណបក្សសង្គ្រោះជាតិជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់ ដែលត្រូវបានផ្ដន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញពិរុទ្ធភាពថា បានផ្ដល់មធ្យោបាយធ្វើដំណើរដល់សមាជិកក្រុមប្រឹក្សាស្រុករបស់គណបក្សសង្គ្រោះជាតិ ដែលជាប់ចោទថា បានរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្ដាលកាលពីឆ្នាំ២០១១។
សមាជិកក្រុមប្រឹក្សារូបនេះឈ្មោះ មាស ប៉េង ក៏ត្រូវបានសាលាដំបូងខេត្តផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ១៨ខែផងដែរ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមសមាជិកគណបក្សប្រឆាំងបីរូបបានជាប់ពន្ធនាគារ ឬចាប់ខ្លួនឡើយ។
លោក ឈាង វុន បានមានប្រសាសន៍ថា អភ័យឯកសិទ្ធិរបស់លោក ចាន់ ចេង រួចផុតពីការផ្ដន្ទាទោសក្នុងនាមជាសមាជិកសភា នឹងរារាំងមិនឲ្យមានការចាប់ខ្លួនរូបលោករហូតដល់ដំណើរការប្តឹងទាស់ចប់រួចរាល់ ត្រង់ចំណុចនេះហើយអភ័យឯកសិទ្ធិរបស់លោកនឹងអស់សុពលភាព ប្រសិនបើសាលក្រមមិនត្រូវបានកែប្រែទេនោះ។
រដ្ឋធម្មនុញ្ញចែងថា អភ័យឯកសិទ្ធិរបស់សមាជិកសភាអាចត្រូវបានដកដោយសំឡេងឆ្នោតពីរភាគបីនៃសមាជិកសភា ឬក្នុងករណី “បទល្មើសជាក់ស្ដែង” នៅពេលពួកគេតាមទាន់ពេលកំពុងប្រព្រឹត្តបទឧក្រិដ្ឋ។
លោក ឈាង វុន ដែលជាសមាជិកសភាគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ” ឥឡូវនេះគ្មាននរណាម្នាក់អាចចាប់ខ្លួនគាត់បានទេ ពីព្រោះគាត់នៅមានអភ័យឯកសិទ្ធិនៅឡើយ។ គាត់នឹងបាត់បង់អភ័យឯកសិទ្ធិនៅពេលសាលដីកាចូលជាធរមាន”។
លោកបានមានប្រសាសន៍ថា “ឧទាហរណ៍ នៅពេលសាលាឧទ្ធរណ៍ និងតុលាការកំពូលបើកសវនាការជំនុំជម្រះរឿងក្ដីនេះ…វានឹងមានប្រសិទ្ធភាពនៅពេលនោះតែម្ដង”។
លោក ឈាង វុន ក៏បានបន្ទរការអត្ថាធិប្បាយរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងកាលពីសប្ដាហ៍មុនថា ការចរចានយោបាយអាចអន្តរាគមន៍ឲ្យមានការកែប្រែការផ្ដន្ទាទោស។លោក ឈាង វុន បានមានប្រសាសន៍ថា ” ខ្ញុំគិតថា មេដឹកនាំទាំងពីរអាចសម្របសម្រួលបញ្ហានេះបានតាមរយៈវប្បធម៌នៃការពិភាក្សា”។
លោក លឹម សុគន្ធថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា តុលាការត្រូវបានអនុញ្ញាតតាមផ្លូវច្បាប់ឲ្យផ្ដន្តាទោសសមាជិកសភា បើទោះជាពួកគាត់មានអភ័យឯកសិទ្ធិក៏ដោយ ហើយគ្រាន់តែតម្រូវឲ្យដកអភ័យឯកសិទ្ធិដើម្បីចាប់ខ្លួនសមាជិកសភាតែប៉ុណ្ណោះ។
កាលពីម្សិលមិញលោកបានបញ្ជាក់ពីការបកស្រាយអភ័យឯកសិទ្ធិសភារបស់លោក ឈាង វុន ហើយបានលើកឡើងថា លោក ចាន់ ចេង នឹងត្រូវចាប់ខ្លួនប្រសិនបើសាលក្រមរបស់តុលាការត្រូវបានតម្កល់។
លោកបានមានប្រសាសន៍ថា “មិនទាន់មានការចេញដីកាចាប់ខ្លួនទេ។ ពួកគេបានសម្រេចផ្ដន្ទាទោសគាត់បន្ទាប់ពីសាលក្រមចូលជាធរមានគឺក្នុងរយៈពេល៣០ថ្ងៃ ប្រសិនបើគាត់មិនប្ដឹងទាស់”។
លោក សុគន្ធថា បានមានប្រសាសន៍ថា “តុលាការបានផ្ដន្ទាទោសគាត់ ប៉ុន្តែរាប់ចំនួនថ្ងៃដែលសាលក្រមចូលជាធរមាន ដូច្នេះយើងត្រូវរង់ចាំរហូតដល់តុលាការចុងក្រោយចេញសេចក្តីសម្រេច គឺសាលាឧទ្ធរណ៍ និងតុលាការកំពូល។ ប្រសិនបើសាលដីកាចូលជាធរមាន ព្រះរាជអាជ្ញានឹងអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ”។
លោក មាស ប៉េង ដែលជាបុរសម្នាក់រងការចោទប្រកាន់ថា បានរត់គេចពីពន្ធនាគារបានលើកឡើងថា លោកបានដើរចេញពីពន្ធនាគារខេត្តកណ្ដាលដោយមានសេរីភាពនៅថ្ងៃដែលលោកត្រូវបានឃុំខ្លួន តាមការចោទប្រកាន់ពីបទញុះញង់អ្នកភូមិក្នុងវិវាទដីធ្លីកាលពីខែកញ្ញា ឆ្នាំ២០១១ បន្ទាប់ពីមេធាវីរបស់លោក និងលោក ចាន់ ចេង បានចរចាឲ្យដោះលែងរូបលោក៕ សារុន