ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វុ៊នស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ អនុប្រធានទី២បានចេញដំណើរទៅប្រទេសចិនកាលពីម្សិលមិញដើម្បីជួបជាមួយមន្ត្រីមកពីគណបក្សកុម្មុយនីស្តចិន ជាអ្នកឧបត្ថម្ភគាំទ្រដល់គណបក្សរាជានិយមនេះជាយូរមកហើយ។
ចិនបានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គណបក្សហ្វុ៊នស៊ិនប៉ិចចាប់តាំងពីគណបក្សនេះបានបង្កើតឡើងកាលពីឆ្នាំ១៩៨១ ជាចលនាតស៊ូប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ ដោយព្រះអង្គម្ចាស់ នរោត្តម សីហនុ ហើយរហូតមកដល់សព្វថ្ងៃនេះបានបន្តផ្ដល់មូលនិធិ និងការបណ្ដុះបណ្ដាលនយោបាយដល់គណបក្សនេះ។
គណៈប្រតិភូជាច្រើនរូបត្រូវបានផ្លាស់ប្តូរបទពិសោធន៍ដោយគណបក្សទាំងពីររៀងរាល់ឆ្នាំ ប៉ុន្តែដំណើរលើកនេះគឺជាការចេញដំណើរលើកដំបូងរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ ចាប់តាំងពីព្រះអង្គបានយាងមកដឹកនាំគណបក្សហ្វុ៊នស៊ិនប៉ិចវិញនៅឆ្នាំនេះ បន្ទាប់ពីព្រះអង្គត្រូវបានបណ្ដេញចេញពីប្រធានគណបក្សកាលពីឆ្នាំ២០០៦។
មានបន្ទូលនៅសន្និសីទកាសែតខ្លីមួយមុនពេលយាងទៅប្រទេសចិន ព្រះអង្គម្ចាស់ រណឫទ្ធិ បានច្រានចោលការដែលថា គណបក្សហ្វុ៊នស៊ិនប៉ិចជាកម្លាំងមិនសំខាន់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីគណបក្សនេះបានបាត់បង់អាសនៈទាំងអស់នៅក្នុងសភា។
ព្រះអង្គម្ចាស់បានមានបន្ទូលថា គណបក្សរាជានិយមនៅតែដើរតួនាទីសំខាន់ពាក់ព័ន្ធនយោបាយក្នុងប្រទេស និងអន្តរជាតិ ដែលគណបក្សសង្គ្រោះជាតិមិនអាចធ្វើបាន។
ព្រះអង្គម្ចាស់បានមានបន្ទូលថា ” គណបក្សប្រឆាំងពឹងផ្អែកទៅលើវប្បធម៌នៃការចរចា និងការពិភាក្សាតែប៉ុណ្ណោះ ប៉ុន្តែ…គណបក្សមួយជាដៃគូ ហើយគណបក្សមួយទៀតជាគណបក្សប្រឆាំង។ គណបក្សហ្វុ៊នស៊ិនប៉ិចគឺជាដៃគូរបស់គណបក្សប្រជាជនកម្ពុជា ហើយពួកគេជាគណបក្សប្រឆាំង”។
មេដឹកនាំគណបក្សហ្វុ៊នស៊ិនប៉ិចបានបង្ហើបឲ្យដឹងកាលពីឆ្នាំមុនថា គណបក្សកុម្មុយនីស្តចិនបានបន្តផ្ដល់ការបណ្ដុះបណ្ដាលប្រចាំឆ្នាំដល់មន្ត្រីរាជការ និងយុវជនរបស់គណបក្ស ព្រមទាំងផ្ដល់កង់អគ្គិសនី និងប្រាក់សម្រាប់ថ្លៃជួលការិយាល័យ និងការចំណាយផ្សេងៗទៀត។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សហ្វុ៊នស៊ិនប៉ិចបានមានបន្ទូលថា ព្រះអង្គមិនដឹងពីគោលបំណងជាក់លាក់នៃការយាងដំណើរនេះទេ ប៉ុន្តែថា ទំនាក់ទំនងជិតស្និទ្ធត្រូវបានធ្វើឡើងរវាងគណបក្សហ្វុ៊នស៊ិនប៉ិច និងចិនអំឡុងសង្គ្រាមស៊ីវិលនាទសវត្សរ៍ឆ្នាំ១៩៨០។
ព្រះអង្គម្ចាស់បានមានបន្ទូលបន្ថែមថា ” គណបក្សកុម្មុយនីស្តចិនមានទំនាក់ជិតស្និទ្ធបំផុតជាមួយយើង ហើយតែងតែជួយគណបក្សហ្វុ៊នស៊ិនប៉ិចអំឡុងការតស៊ូរបស់យើង។ យើងរក្សាបានទំនាក់ទំនងនោះរហូតមកដល់សព្វថ្ងៃនេះ ហើយយើងមានទំនាក់ទំនងជិតស្និទ្ធបំផុតចំពោះពួកគេ”។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន បានពន្យល់ថា ” ទោះជាយ៉ាងណា មន្ត្រីគណបក្សហ្វុ៊នស៊ិនប៉ិចនឹងចេញដំណើរទៅប្រទេសចិន ហើយយើងទៅទីនោះក្នុងឋានៈស្មើគ្នាដូចគណបក្សប្រជាជនកម្ពុជាដែរ”។
ព្រះអង្គម្ចាស់បានមានបន្ទូលថា ” មន្ត្រីចិនជួបពិភាក្សាជាមួយយើងក្នុងឋានៈស្មើគ្នា”៕ សារុន