ក្រុមមន្ត្រីបាននិយាយថា ភ្ញៀវទេសចរបីនាក់ត្រូវបានសាលាដំបូងខេត្តសៀមរាបធ្វើការសាកសួរកាលពីម្សិលមិញបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនពីបទថតរូបអាក្រាតកេរ្តិ៍ខ្មាសផ្នែកខាងក្រោយនៅប្រាសាទមួយក្នុងឧទ្យានបុរាណវត្ថុអង្គរកាលពីថ្ងៃអាទិត្យ។
លោក ឡុង កុសល អនុប្រធានអាជ្ញាធរអប្សរា ជាស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងប្រាសាទបានមានប្រសាសន៍ថា បុរសពីរនាក់មកពីប្រទេសអាហ្សង់ទីន និងអុីតាលីអាយុខ្ទង់៣០ឆ្នាំ ត្រូវបានសន្តិសុខចាប់ខ្លួនពេលកំពុងថតរូបអាក្រាតនៅម៉ោង២រសៀលនៅប្រាសាទតាព្រហ្ម ចំណែកស្ត្រីអាយុ១៩ឆ្នាំម្នាក់មកពីប្រទេសហុល្លង់ជាអ្នកថតរូបឲ្យពួកគេ។
លោកបានមានប្រសាសន៍ថា លោកមិនអាចប្រាប់ឈ្មោះភ្ញៀវទេសចរទាំងនេះបានទេ ពីព្រោះលោកមិនមានឯកសារពាក់ព័ន្ធករណីនេះនៅក្នុងដៃ។
លោក កុសល បានមានប្រសាសន៍ថា “កាលពីរសៀលថ្ងៃអាទិត្យ សន្តិសុខរបស់យើងបានចាប់ខ្លួនជនបរទេសបីនាក់នៅបរិវេណប្រាសាទតាព្រហ្ម ខណៈដែលពួកគេកំពុងថតរូបអាក្រាតកេរ្តិ៍ខ្មាសរបស់ខ្លួននៅទីនោះ”។
លោកបានមានប្រសាសន៍ថា អ្នកទាំងបីត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅប៉ុស្តិ៍នគរបាលទេសចរណ៍ខេត្តសៀមរាបដើម្បីធ្វើការសាកសួរ ដែលនៅទីនោះពួកគេត្រូវបានឃុំខ្លួនមួយយប់។
លោក កុសល បានមានប្រសាសន៍ថា ” នៅពេលសន្តិសុខទេសចររបស់យើងបានឃើញពួកគេថតរូបបែបនេះ សន្តិសុខទាំងនោះបានចាប់ខ្លួនពួកគេភ្លាមៗ ហើយបានឆែកមើលម៉ាស៊ីនថតរូបរបស់ជនបរទេសទាំងនេះ ហើយបានឃើញរូបថតជាច្រើន។ ពួកគេត្រូវបានបញ្ជូនទៅការិយាល័យនគរបាលទេសចរណ៍ខេត្តសៀមរាប ហើយនៅថ្ងៃនេះពួកគេត្រូវបានបញ្ជូនទៅតុលាការ”។
លោក កើត វណ្ណារ៉ារ៉េត ព្រះរាជអាជ្ញាបានមានប្រសាសន៍ថា តុលាការមិនទាន់សម្រេចថាតើត្រូវបញ្ជូនករណីនេះទៅចៅក្រមស៊ើបសួរដើម្បីផ្ដន្ទាទោសភ្ញៀវទេសចរទាំងនេះឬយ៉ាងណានោះឡើយ។ អ្នកទាំងបីត្រូវបានសាកសួរជាច្រើនម៉ោងនៅសាលាដំបូងខេត្តកាលពីម្សិលមិញ ប៉ុន្តែលោក វណ្ណារ៉ារ៉េត បានមានប្រសាសន៍ថា លោកមិនមានព័ត៌មានលម្អិតទេ។
កាលពីខែកុម្ភៈ បងប្អូនស្រីជនជាតិអាមេរិកពីរនាក់ដែលត្រូវបានចាប់ខ្លួនដោយសារថតរូបអាក្រាតពាក់កណ្ដាលខ្លួននោះ ត្រូវបានចោទប្រកាន់ពីបទថតរូបអាសអាភាស និងគ្មានការពិចារណា ហើយត្រូវបានព្យួរទោសរយៈពេល៦ខែ ពិន័យជាប្រាក់ប្រហែល២៥០ដុល្លារ និងហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជារយៈពេល៤ឆ្នាំ។ នៅខែនោះផងដែរ ភ្ញៀវទេសចរជនជាតិបារាំងបីនាក់ត្រូវបាននិរទេសទៅវិញតាមការចោទប្រកាន់ស្រដៀងគ្នានេះដែរ។
លោក កុសល បានមានប្រសាសន៍ថា ទង្វើបែបនេះគឺជាការប៉ះពាល់ដល់វប្បធម៌ខ្មែរ និងព្រលឹងដូនតានៅប្រាសាទអង្គរ។
លោកបានមានប្រសាសន៍ថា “ទី១ វប្បធម៌ខ្មែរមិនដែលអនុញ្ញាតឲ្យបង្ហាញរាងកាយអាក្រាតក្នុងទីសាធារណៈដូចនេះឡើយ ពីព្រោះជាទង្វើមិនល្អ។ ទី២ ឧទ្យានអង្គររបស់យើងត្រូវបានកសាងឡើងដើម្បីបម្រើដល់ជំនឿសាសនា ដូច្នេះហើយការបង្ហាញរាងកាយអាក្រាតមិនអាចទទួលយកបានឡើយ”។
លោកបានបន្ថែមថា ការធ្វើដូចនេះប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់យើងយ៉ាងធ្ងន់ធ្ងរ ពីព្រោះប្រាសាទរបស់យើងជាកន្លែងដែលប្រជាជនគោរពដល់សាសនា និងជាព្រលឹងរបស់ជាតិយើង”៕ សារុន