កាលពីសប្ដាហ៍មុន ព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រោសព្រះរាជទានលើកលែងទោសលោក សួន សេរីរដ្ឋា ដែលត្រូវបានចោទ ប្រកាន់ពីបទរៀបចំផែនការភេរវកម្ម ហើយការ ព្រះរាជទានលើកលែងទោសនេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលបុរសនិរទេសខ្លួនឯងរូបនេះ គ្រោងបោះជំហានចុងក្រោយក្នុងការប្រែក្លាយក្រុមប្រឆាំងរបស់ខ្លួនទៅជាគណបក្សនយោបាយស្របច្បាប់។
ព្រះមហាក្សត្របានឡាយព្រះហស្តលេខាប្រោសព្រះរាជទានលើកលែងទោសនេះ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីលុបចោលទោសជាប់ពន្ធនាគាររយៈពេល៧ឆ្នាំរបស់លោក ដែលសាលាដំបូងរាជធានីភ្នំពេញបានកាត់ដោយកំបាំងមុខកាលពីខែមករា ពីបទញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ រៀបចំផែនការក្បត់ប្រឆាំងរដ្ឋាភិបាល និងរារាំងការបោះឆ្នោត។សំណុំរឿងនេះកើតចេញពីគម្រោងចែកផ្កាកុលាប និងអាវយឺតរបស់លោក សេរីរដ្ឋា ចំពេលការបោះឆ្នោតជាតិឆ្នាំ២០១៣មានភាពចលាចល។
ការប្រោសព្រះរាជទានលើកលែងទោស នេះ មិនបានលើកឡើងអំពីបុរសចំនួនបីនាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ជាមួយលោក សេរីរដ្ឋា ពីបទប៉ុនប៉ងចែកអាវយឺត ដែលមានសារជំរុញឲ្យពលរដ្ឋកុំទៅបោះឆ្នោត នោះឡើយ។ ពួកគេត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ៦ឆ្នាំ ហើយឥឡូវ នេះកំពុងតែអនុវត្តទោសជាប់ពន្ធនាគារ របស់ខ្លួននៅឯពន្ធនាគារព្រៃស។
ព្រះហស្តលេខារបស់ព្រះមហាក្សត្របានត្រួសត្រាយផ្លូវឲ្យលោក សេរីរដ្ឋា ប្រែក្លាយក្រុមរបស់ខ្លួនដែលមានឈ្មោះថា ចលនាអំណាចពលរដ្ឋខ្មែរ ទៅជាគណបក្សនយោបាយ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញកាលពីថ្ងៃពុធ លោក សេរីរដ្ឋា បានលើក ឡើងថា គណបក្សអំណាចពលរដ្ឋខ្មែរនឹងដាក់ជូនឈ្មោះនិងស្នាមមេដៃចំនួន៤.០០០ ដែលត្រូវការដើម្បីចុះបញ្ជីជូនក្រសួងមហាផ្ទៃនៅថ្ងៃនេះ។
ដោយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក សេរីរដ្ឋា បានសម្ដែងការខកចិត្តចំពោះប្រព័ន្ធបោះឆ្នោតដែលខ្វះចន្លោះនៅកម្ពុជា ហើយបានប្រកាសបង្កើតចលនាប្រឆាំងដែលយកតាមបដិវត្តន៍ផ្កាម្លិះ (Arab Spring) យ៉ាងចំហ ដើម្បីបង្ខំឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច ប៉ុន្តែបានច្រានចោលការប្រើអំពើហិង្សា។
បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ ដែលលទ្ធផលនៃការបោះឆ្នោតស្ទើរតែមិនអាចជួយឲ្យគណបក្សប្រជាជនកម្ពុជាបានកាន់អំណាចម្ដងទៀតនោះ លោក សេរីរដ្ឋា បានព្យាយមយកផ្កាកុលាបលឿងប្រមាណ១.០០០ទងចែកជូនទាហាននិងនគរបាលនៅទូទាំងរាជធានីភ្នំពេញ រួមជាមួយនឹងស្ទីកគ័រ ដោយជំរុញឲ្យពួកគេ”បង្វែរកាណុងកាំភ្លើងប្រឆាំងអំណាចផ្ដាច់ការ” ដោយសំដៅលើលោក ហ៊ុន សែន។ ក្រោយមក លោក សេរីរដ្ឋា បានពន្យល់ ថា លោកចង់មានន័យថា លោកធ្វើដូច្នេះគឺដើម្បីបញ្ចុះបញ្ចូលកងកម្លាំងប្រដាប់អាវុធឲ្យជួយការពារសាធារណជនពីលោកនាយករដ្ឋមន្ត្រី មិនមែនចង់វាយប្រហារលោកនាយករដ្ឋមន្ត្រីឡើយ។
ទោះបីជាខ្វះភ័ស្តុតាងក៏ដោយ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅចលនាអំណាចពលរដ្ឋខ្មែរជាសាធារណៈថា ជាអង្គការភេរវកម្ម ដែលមានបំណងផ្ដួលរំលំរដ្ឋាភិបាលដោយប្រើអាវុធ ហើយបានចោទប្រកាន់ចលនានេះថា មានភ្នាក់ងាររបស់ខ្លួននៅក្នុងគណបក្សសង្គ្រោះជាតិ។
ទោះបីជាយ៉ាងដូច្នេះក្ដី ក្រសួងមហាផ្ទៃនៅតែផ្ដល់ភ្លើងខៀវឲ្យក្រុមនេះចុះបញ្ជីគណបក្សនយោបាយដដែល។
កាលពីម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានការពារសំណើរបស់លោក ហ៊ុន សែន ដែលស្នើសុំឲ្យមានការប្រោសព្រះរាជទានលើកលែង ទោសជនដែលត្រូវចោទប្រកាន់ថា ជាភេរវ កររូបនេះ ដើម្បីជាភ័ស្តុតាងបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច ជាង៣០ឆ្នាំមកហើយនេះ ប្តេជ្ញាចិត្តប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលបានអនុញ្ញាតឲ្យគាត់ត្រឡប់មកប្រទេសវិញ គឺដើម្បីបង្កើតគណបក្សនយោបាយមួយ ដើម្បីចូលរួមនៅក្នុងការបោះឆ្នោតលើកក្រោយ។ វាមិនមែនមានន័យថា យើងអនុញ្ញាតឲ្យគាត់ត្រឡប់មកវិញដើម្បីធ្វើភេរវកម្មឡើយ”។
លោក ឥសាន បានបញ្ជាក់ថា រដ្ឋាភិបាល មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីផ្តន្ទាទោសលោក សេរីរដ្ឋា ពីបទចោទភេរវកម្មកាល ពី ខែមករា ប៉ុន្តែ លោកបានលើកឡើងថា ក៏ប្រាកដដែរថា គាត់លែងបង្កការគំរាមកំហែង ទៀតហើយ។
លោកបានមានប្រសាសន៍ថា “ យើងមានភ័ស្តុតាងគ្រប់គ្រាន់…គាត់បានធ្វើរឿងជាច្រើន នៅពេលគាត់ស្ថិតនៅក្នុងប្រទេសថៃ។ ដូច ជា ខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាលជាដើម នេះជាភេរវកម្ម”។
លោកបានបន្ថែមថា ឥឡូវ “ យើងមិនអាចសន្និដ្ឋានថា គាត់ជាភេរវករឡើយ បើគាត់មិនប្រព្រឹត្តភេរវកម្មជាថ្មីនោះ។ ឥឡូវគាត់មិនធ្វើរឿងអ្វីឡើយ ដូច្នេះតើយើងអាចនិយាយថា គាត់បង្កគ្រោះថ្នាក់ដល់ប្រទេសយ៉ាងម៉េចកើត?”។
អង្គការសិទ្ធិមនុស្ស អ្នកវិភាគ និងអ្នកសង្កេតការណ៍បោះឆ្នោតបាននិយាយថា ចលនាអំណាច ពលរដ្ឋខ្មែរមិនដែលបានបង្កការគំរាមសន្តិសុខតាំងពីដំបូង ហើយថា រដ្ឋាភិបាលគ្រាន់តែប្រើក្រុមនេះជាការបន្លាចអំឡុងការបោះឆ្នោតឆ្នាំ២០១៣ ហើយនឹងការតវ៉ាដែលបានកើតបន្ទាប់នោះ ។ ឥឡូវនេះមជ្ឈដ្ឋានខ្លះនិយាយថា គណបក្សប្រជាជនកម្ពុជាកំពុងប្រើលោក សេរីរដ្ឋា ម្តងទៀត លើកនេះក្នុងក្តីសង្ឃឹមថា គាត់នឹងជួយបង្វែរសន្លឹកឆ្នោតចេញពីគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨។
លោក ឥសាន បានបដិសេធគំនិតនេះ។ នៅពេលទាក់ទងកាលពីម្សិលមិញ នៅប្រទេសថៃ លោក សេរីរដ្ឋា ក៏បានបដិសេធគំនិតនេះដែរ។ លោក សេរីរដ្ឋា បាននិយាយថា “ វាមិនមែនជាការវិភាគល្អទេ។ ខ្ញុំគិតថា នេះជាការបារម្ភពីខាងគណបក្សសង្គ្រោះជាតិ”។ លោកបានបន្ថែមថា ប្រសិនបើនរណាម្នាក់គិតថា គណបក្សថ្មីរបស់លោកនឹងអាចធ្វើឲ្យខូចចំនួនសំឡេងឆ្នោតរបស់គណបក្សប្រឆាំងនោះ គេផ្តល់កិត្តិយសឲ្យខ្ញុំពេកហើយ”។ លោក សេរីរដ្ឋា បាននិយាយថា លោកមានអារម្មណ៍ “ធម្មតា” អំពីការព្រះរាជទានលើកលែងទោស ហើយថា ទង្វើនេះគឺជារបៀបទទួលស្គាល់របស់លោកនាយករដ្ឋមន្ត្រីថា លោកមិនមែនជាភេរវករ។ លោកបាននិយាយ ទៀតថា “គាត់ហៅខ្ញុំភេរវករ…ប៉ុន្តែ មិនអាចរកឃើញភ័ស្តុតាងណាមួយបញ្ជាក់ថា ខ្ញុំជាភេរវករទេ។ ខ្ញុំជឿថា លោក ហ៊ុន សែន ដឹងច្បាស់ថា ធ្វើជាអ្នកនយោបាយ ជាអ្នកប្រយុទ្ធរបៀបណា។ យើងជាអ្នកប្រយុទ្ធ មិនមែនជាសត្រូវទេ”។
លោក សេរីរដ្ឋា បាននិយាយថា ក្រុមរបស់លោកនឹងដាក់ពាក្យសុំបើកគណបក្សរបស់ខ្លួនទៅក្រសួងមហាផ្ទៃថ្ងៃេនះតាមការគ្រោង ទុក ប៉ុន្តែថា លោកនឹងមិនត្រឡប់មកប្រទេសកម្ពុជាវិញទេ លុះត្រាតែគណបក្សនេះបានចុះបញ្ជីជាផ្លូវការ ហើយមនុស្សបីនាក់ដែលត្រូវបានផ្តន្ទាទោសជាមួួយរូបលោកកាលពីខែមករានោះ ក៏ត្រូវទទួលបានការលើកលែងទោសដែរ។
លោក ឥសាន បានមានប្រសាសន៍ថា អ្នកទាំងបីនឹងទទួលបានការលើកលែងទោស “ នៅពេលក្រោយ”។
លោក សេរីរដ្ឋា បានឲ្យដឹងថា ប្រសិនបើ និងពេលណាលោកត្រឡប់មកវិញ កិច្ចការដំបូងរបស់គណបក្សនេះគឺត្រូវធ្វើកំណែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងគ្នាធ្វើកំណែទម្រង់គណៈកម្មាធិការនេះកាលពីឆ្នាំមុន ដោយសម្រេចជ្រើសតាំងសមាជិកបួនរូបមកពីគណបក្សនីមួយៗ និងបានព្រមព្រៀងលើសមាជិកទី៩ដោយមតិរួម។ លោក សេរីរដ្ឋា បាននិយាយថា លោកចង់បានសមាជិកទាំងប្រាំបួនរូបឯករាជ្យខាងនយោបាយ បើមិនដូច្នោះទេ នឹងបញ្ចុះបញ្ចូលអង្គការសហប្រជាជាតិឲ្យជួយរៀបចំការបោះឆ្នោតលើកក្រោយនេះ ដូចដែលអង្គការសហប្រជា ជាតិបានធ្វើកាលពីឆ្នាំ១៩៩៣។
លោកបាននិយាយថា នៅពេលនោះគណបក្សរបស់លោកនឹងពិចារណាអំពីការចូលរួម។
លោកបន្តថា “ ជំហានដំបូងគឺត្រូវគាំទ្រឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌…។ ការបោះឆ្នោតជាអាទិភាពទី២។ ប្រសិន បើប្រជាពលរដ្ឋគាំទ្រខ្ញុំ ខ្ញុំ [នឹង] ក្លាយជាមេដឹកនាំនៃប្រទេសកម្ពុជា”៕ស៊ុយឈាង និង និត