អតីតចៅសង្កាត់មួយរូប ក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ដែលសារភាពថា បានជួលគេឲ្យសម្លាប់គូប្រជែងផ្នែកនយោបាយរបស់ខ្លួន ដោយឈានដល់ការគប់គ្រាប់បែកដែល ធ្វើឲ្យកូនប្រុសអាយុ១១ឆ្នាំម្នាក់របស់គូប្រជែងខ្លួនបានស្លាប់នោះ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីម្សិលមិញ។
កាលពីថ្ងៃទី៩ ខែតុលា ខណៈពេលលោក សន ស៊ីន កំពុង ទទួលទានអាហារពេលល្ងាចនៅខាងក្រៅផ្ទះជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងមកគប់គ្រាប់បែកសំដៅពួកគេដោយធ្វើឲ្យកូនប្រុសរបស់លោក សន ស៊ីន បាត់បង់ជីវិត។
កាលពីម្សិលមិញ លោក លាង សំណាត់ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសនៅក្នុងតុលាការថា ទាំងលោក ភី ណុបនិង ពៅ ប៊ុនធឿន សុទ្ធតែត្រូវបានចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ប៉ុន្តែ នឹងទទួលទោសជាប់ពន្ធនាគារខុសគ្នាឆ្ងាយ។
លោកបានមានប្រសាសន៍ថា “តុលាការកាត់ទោសឲ្យ ពៅ ប៊ុនធឿន អាយុ៣៣ឆ្នាំជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ ហើយ ភី ណុប ជាប់ពន្ធនាគារអស់មួយជីវិត”។
ឈ្មោះ នួន សំរិទ្ធ អាយុ២៨ឆ្នាំដែលជាអ្នកគប់គ្រាប់បែកផ្ទាល់ ក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដែរ រីឯឈ្មោះ អេង ប៉ូលីន ដែលមានអាយុ២៨ឆ្នាំដែរ និងដែលជាអ្នកបើកម៉ូតូ ជាប់រយៈពេល៣០ឆ្នាំ។ ជនទាំងពីរនេះសុទ្ធតែត្រូវបានចោទ ប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន។
ចៅក្រម លាង សំណាត់ បានលើកឡើងថា ការផ្តន្ទាទោសត្រូវបានធ្វើឡើង បន្ទាប់ពី “មានការពិចារណាយ៉ាងហ្មត់ចត់” ប៉ុន្តែ លោក មិនបានពន្យល់អំពីស្ថានទម្ងន់ទោសដែលខុសគ្នានេះទេ។
អំឡុងការបើកសវនាការជំនុំជម្រះក្តីកាលពីដើមខែនេះ លោក ភី ណុប សារភាពថា ខ្លួនពិតជាបានប្រាប់ឲ្យ ពៅ ប៊ុនធឿន រៀបផែនការសម្លាប់គូប្រជែងរបស់ខ្លួនមែន ប៉ុន្តែ បានអះអាងថា គាត់បានប្តូរចិត្តវិញ ហើយប្រាប់ឲ្យបញ្ឈប់ផែនការនេះ។
បន្ទាប់ពីការផ្តន្ទាទោសកាលពីម្សិលមិញ លោក ភី ណុប បែរជាទម្លាក់កំហុសលើ ពៅ ប៊ុនធឿន ដែលគាត់បានចោទប្រកាន់អំឡុង ការបើកសវនាការថា ធ្វើផ្ទុយពីបញ្ជារបស់គាត់ ព្រោះជននេះចង់បានប្រាក់១មឺុនដុល្លារ ដើម្បីយកទៅចែកគ្នាជាមួយគូកនរបស់ខ្លួន។
លោក ភី ណុប និយាយនៅខាងក្រៅបន្ទប់សវនាការថា “ខ្ញុំនឹងប្តឹងឧទ្ធរណ៍។ វាអយុត្តិធម៌សម្រាប់ខ្ញុំ ខ្ញុំមិនអាចទទួលយកបានទេ។ សំណុំរឿងនេះផ្អែកតែលើចម្លើយរបស់ ពៅ ប៊ុនធឿន ដែលទម្លាក់កំហុសដាក់ខ្ញុំប៉ុណ្ណោះ”។
អំឡុងពេលបើកសវនាការជំនុំជម្រះក្តីនួន សំរិទ្ធ បានលើកឡើងថា ខ្លួន និង អេង ប៉ូលីន អនុវត្តតាមផែនការ ព្រោះខ្លាចក្រែងមានគ្រោះថ្នាក់ដល់ជីវិតផ្ទាល់ខ្លួន។
នួន សំរិទ្ធ បាននិយាយនៅពេលនោះថា ”គាត់ [ពៅ ប៊ុនធឿន] បានប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំមិនធ្វើរឿងនេះទេ នឹងមានគេសម្លាប់ខ្ញុំ។ គាត់ប្រាប់ទៀតថា ប្រសិនបើមិនព្រមធ្វើទេក្រុមគ្រួសាររបស់យើងក៏គ្រោះថ្នាក់ដែរ”។
លោក ទេព មុនីជាតិ មេធាវីរបស់លោក ភី ណុប បានលើកឡើងថា ការផ្តន្ទាទោសកូនក្តីរបស់លោកគឺធ្ងន់ធ្ងរពេកហើយ ហើយមិនបានពិចារណាអំពីការព្យាយាមរបស់របស់កូនក្តីលោកឲ្យផ្អាកផែនការនេះឡើយ។
លោកថ្លែងថា ” គាត់ខឹងខ្លាំងពេក ក៏កើតគំនិតនេះឡើង។ ប៉ុន្តែ ក្រោយមក គាត់បានប្រាប់ ឲ្យបញ្ឈប់ផែនការនេះវិញ។ គាត់ប្រាប់ឲ្យឈប់គឺមានន័យថា គាត់ដឹងថា [ធ្វើអ៊ីចឹងគឺខុស]”។
លោកបន្តថា ”យើងមិនស្នើសុំឲ្យដោះលែងគាត់ទេ យើងគ្រាន់តែស្នើឲ្យជាប់ត្រឹម២០ឆ្នាំ ឬ៣០ឆ្នាំដោយផ្អែកលើស្ថានសម្រាលទោស មិនមែនអស់មួយជីវិតនោះទេ”។
លោក សន ស៊ីុន ដែលបានចូលរួមការបើកសវនាការជំនុំជម្រះក្តីកាលពីម្សិលមិញ បានលើកឡើងថា លោកចង់ឲ្យតុលាការកាត់ទោសប្រហារជីវិតលោក ភី ណុប។ លោកនិយាយថា “ការបាត់បង់របស់ខ្ញុំ គឺវាលើសពីនេះ។ ការបាត់បង់ជីវិតកូនរបស់ខ្ញុំ គ្មានអ្វីអាចប្តូរបានឡើយ។ ប្រសិនបើមានទោសព្យួរ ក ខ្ញុំនឹងឲ្យគេព្យួរកគាត់ទៀត”៕ស៊ុយឈាង