TAG
features1
លោក ស ខេង មានប្រសាសន៍ថា ភាពអសកម្មនៃការគ្រប់គ្រងអាចបង្កឲ្យមានបដិវត្ដន៍
កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា "បដិវត្តន៍ពណ៌" អាចនឹងកើតមាននៅកម្ពុជា នោះក៏ដោយសារតែភាពអសកម្មនៃការគ្រប់គ្រង ខណៈគណបក្សកាន់អំណាចបានបន្តបង្ក្រាបការតវ៉ា "ថ្ងៃច័ន្ទពណ៌ខ្មៅ”។
សុន្ទរកថារបស់លោក ស ខេង បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ្នកតវ៉ាដោយសន្តិវិធីចំនួនប្រាំនាក់ត្រូវបានចាប់ខ្លួនកាលពីពេលព្រឹក ខណៈកំពុងរង់ចាំចូលរួមការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅលើកទី២ ប្រឆាំងការចាប់ខ្លួនសកម្មជនអង្គការសង្គមស៊ីវិលកាលពីពេលថ្មីៗនេះ។
ឯកសារប៉ាណាម៉ាភ្ជាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទៅនឹងក្រុមលួចបន្លំ
អ្នកលួចបន្លំជាជនជាតិអាមេរិកដើមកំណើតខ្មែរពីរនាក់ដែលជាប់ទោសមានឈ្មោះក្នុងចំណោមកូនហ៊ុនប្រាំនាក់ ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍានា ម្នាក់ដែរ នៅក្នុងក្រុមហ៊ុនក្រៅប្រទេសដែលលែងមានរូបរាងទៅហើយ មានមូលដ្ឋាននៅកោះ វឺហ្ជីន (Virgin Islands) របស់អង់គ្លេស ក្នុងឯកសារដ៏ច្រើនចុងក្រោយរបស់ "ឯកសារប៉ាណាម៉ា" ដែលបានបញ្ចេញឲ្យដឹងកាលពីថ្ងៃអង្គារ។
ព័ត៌មានសម្រាំងស្តីពីក្រុមហ៊ុនក្រៅប្រទេសជាង២០០.០០០ក្រុមហ៊ុនត្រូវបានចេញឲ្យដឹងជាសាធារណដោយក្រុមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ (ICIJ) ជាសេចក្តីរាយកាណ៍ទី២នៃទិន្នន័យដែលផ្អែកលើ១១លានឯកសារ ដែលលេចធ្លាយពីក្រុមហ៊ុនច្បាប់ប៉ាណាម៉ា ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca)។
សេចក្តីរាយការណ៍ដំបូងរបស់ ICIJ កាលពីខែមុនបង្ហាញឲ្យដឹងថា លោក អង្គ វង្សវឌ្ឍានា...
ពន្ធនាគារគឺពោរពេញទៅដោយអ្នករិះគន់គណបក្សកាន់អំណាច
វាមិនមែនជាពេលល្អប្រសើរសម្រាប់អ្នករិះគន់លើរដ្ឋាភិបាលកម្ពុជាទេ។ឆ្នាំកន្លងមកនេះ មានអ្នករិះគន់ជាង២០នាក់កំពុងជាប់ពន្ធនាគារ ហើយបញ្ជីឈ្មោះនៃអ្នកដែលជាប់ពន្ធនាគារមានចាប់តាំងពីតំណាងរាស្ត្រនិងអ្នកប្រើហ្វេសប៊ុករហូតដល់អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាន់ខ្ពស់មួយរូប។
នៅក្នុងយុទ្ធនាការបោសសម្អាតជាក់ស្តែងប្រឆាំងនឹងអ្នកដែលរំខានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច៣១ឆ្នាំ ឬអ្នកដែលឆាឆៅគម្រោងរបស់លោកនៅតែកាន់អំណាចក្រោយពីការបោះឆ្នោតជាតិនាឆ្នាំ២០១៨នោះ អាជ្ញាធរថែមទាំងចោទប្រកាន់មន្ត្រីអង្គការសហប្រជាជាតិមួយរូបដែរ។
លោក ហ៊ុន សែន បានគំរាមបុរសម្នាក់កាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា អភ័យឯកសិទ្ធិរបស់គាត់ជាមន្ត្រីសហប្រជាជាតិ នឹងមិនអាចការពារគាត់ពីការអះអាងថា គាត់បានជួយបញ្ចុះបញ្ចូលស្ត្រីមួយរូបឲ្យបដិសេធរឿងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងថា "អ្នកឯងសូកប៉ាន់សាក្សី អ្នកឯងគាបសង្កត់ពួកគេ"។
មេឃុំមួយរូបរបស់គណបក្សប្រឆាំងកំពុងជាប់ពន្ធនាគារពីការអះអាងដូចគ្នានេះ ហើយមានអ្នកចូលជាប់ពន្ធនាគារជាមួយគាត់នៅសប្តាហ៍នេះ គឺបុគ្គលិកសមាគមសិទ្ធិមនុស្សអាដហុកជាន់ខ្ពស់បួនរូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប គឺលោក នី ចរិយា។
រហូតមកដល់ពេលនេះ គ្មានភ័ស្តុតាងណាមួយត្រូវបានបង្ហាញឲ្យដឹងជាសាធារណៈដើម្បីបញ្ជាក់ថា មន្ត្រីណាមួយក្នុងបណ្តាមន្ត្រីទាំងប្រាំមួយនាក់ពិតជាប៉ុនប៉ងសូកប៉ាន់ស្រីកំណាន់ ឬក៏មានហេតុផលអ្វីនោះទេ។
ប៉ុន្តែ រឿងនោះមិនបានបញ្ឈប់តុលាការពីការផ្តន្ទាទោសអ្នករិះគន់រដ្ឋាភិបាលកាលពីមុនបានទេ។
មន្ត្រីគណបក្សប្រឆាំងបីរូបត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំកាលពីឆ្នាំមុនពីបទដឹកនាំកុបកម្ម ដោយសារតែពួកគេមានវត្តមាននៅឯការតវ៉ាមួយដែលក្លាយទៅជាការប្រវាយប្រតប់គ្នារវាងអ្នកតវ៉ានិងក្រុមសន្តិសុខរដ្ឋដែលល្បីខាងប្រើហិង្សា។
គ្មានភ័ស្តុតាងណាមួយត្រូវបានបង្ហាញនៅក្នុងតុលាការ ដើម្បីបញ្ជាក់ថា មន្ត្រីទាំងនោះបានញុះញង់ឲ្យមានអំពើហិង្សា ឬបញ្ជាឲ្យមានហិង្សាទេ។សកម្មជនគណបក្សសង្គ្រោះជាតិប្រាំបីរូបផ្សេងទៀតក៏ជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំដែរ ដោយសារតែការតវ៉ានេះ។ សកម្មជនបីរូបទៀតកំពុងជាប់ពន្ធនាគារចាប់តាំងពីលោក ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនពួកគេកាលពីខែសីហា។
ក្នុងបញ្ជីឈ្មោះកាន់តែវែង ពួកគេចូលរួមជាប់ក្នុងពន្ធនាគារព្រៃសក្នុងក្រុងភ្នំពេញ ដោយមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក អ៊ុំ សំអាន និងសមាជិកព្រឹទ្ធសភា គឺលោក ហុង សុខហួរ ដែលត្រូវនគរបាលចាប់ខ្លួនដោយសារតែការបង្ហោះតាមហ្វេសប៊ុកកាលពីខែមុន និងក្នុងខែសីហា ទោះបីជាពួកគេមានអភ័យឯកសិទ្ធិតាមរដ្ឋធម្មនុញ្ញដែលរួចផុតពីការចាប់ខ្លួនក៏ដោយ។
គង់ យ៉ារ៉ា និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយអាយុ២៥ឆ្នាំ ដែលបានបង្ហោះតាមហ្វេសប៊ុក ដោយអំពាវនាវឲ្យមានបដិវត្តន៍ពណ៌ដើម្បីនាំប្រជាធិបតេយ្យមកប្រទេសកម្ពុជា គឺកំពុងតែអនុវត្តទោសរយៈពេល១៨ខែពីបទញុះញង់ដែរ។
លោក ចន ខាហ្វក្លែន អ្នកស្រាវជ្រាវអង្គការលើកលែងទោសអន្តរជាតិសម្រាប់កម្ពុជាបានមានប្រសាសន៍ថា "នេះគឺជាយុទ្ធនាការបោសសម្អាត ដើម្បីរំលាយចោលគណបក្សប្រឆាំង និងធ្វើលែងឲ្យមានប្រសិទ្ធភាពលើការងារដ៏មានតម្លៃរបស់ក្រុមសិទ្ធិមនុស្សឯករាជ្យរបស់ប្រទេសនេះ"។
អ្នកស្រាវជ្រាវអង្គការលើកលែងទោសអន្តរជាតិសម្រាប់កម្ពុជារូបនេះបានមានប្រសាសន៍ថា "ដោយពឹងផ្អែកលើតុលាការ អាជ្ញាធរកំពុងព្យាយាមផ្តល់ភាពស្របច្បាប់ដល់យុទ្ធនាការមួយដែលជារឿងនយោបាយសុទ្ធសាធនិងខុសច្បាប់ទាំងស្រុង"។
បញ្ជីឈ្មោះនៃអ្នកប្រឆាំងរដ្ឋាភិបាលដែលស្ថិតក្រោមគំនាបនៃប្រព័ន្ធច្បាប់ គឺរឹតតែវែងទៅទៀត ប្រសិនបើអ្នកដែលប្រឈមមុខនឹងការចាប់ខ្លួនត្រូវគេរាប់បញ្ចូល គឺមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប ឥឡូវនេះត្រូវកោះហៅមកបំភ្លឺទាក់ទងនឹងពេស្យាចាររបស់លោក សុខា អនុប្រធានគណបក្សប្រឆាំង។ លោក សុខា ក៏ត្រូវតុលាការកោះហៅកាលពីម្សិលមិញដែរ ដើម្បីបំភ្លឺការអះអាងដ៏ចម្លែកដែលថា លោកបានបរិហារកេរ្តិ៍សកម្មជនវ័យក្មេងគឺ ធី សុវណ្ណថា ក្នុងពេលសាសងតាមទូរស័ព្ទជាលក្ខណៈឯកជនជាមួយស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់ ជាសំឡេងខ្សែអាត់ដែលបែកធ្លាយបង្ហោះតាមអ៊ិនធឺណែតកាលពីខែមុន ដោយបង្កឲ្យរឿងអាស្រូវផ្ទុះឡើង។
ការកាត់ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំចំពោះមេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ក៏ត្រូវលាតត្រដាងភ្លាមៗមួយរំពេចដោយក្រុមមន្ត្រីក្នុងខែវិច្ឆិកា។ លោក រង្ស៊ី បានភៀសខ្លួនទៅកាន់ប្រទេសបារាំង ដែលលោកទទួលរងបទចោទប្រកាន់ព្រហ្មទណ្ឌថ្មីៗមួយចំនួនដែលអាចធ្វើឲ្យលោកជាប់ពន្ធនាគារពីរទសវត្សរ៍។តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំពីររូបផ្សេងទៀត គឺមាន អ្នកស្រី មួរ សុខហួរ លោក កែវ ភីរម្យ លោក ម៉ែន សុថាវរិន្រ្ទ លោក ហូរ វ៉ាន់ លោក រៀល ខេមរិន្ទ លោក នុត រំដួល និង ឡុង រី ក៏ត្រូវបានចោទប្រកាន់ពីបទដឹកនាំកុបកម្ម ដោយសារតែពួកគាត់មានវត្តមាននៅឯការតវ៉ាដែលក្លាយទៅជាការប្រវាយប្រតប់គ្នា ដែលធ្វើឲ្យពួកគាត់ជាប់គុកមួយរយៈពេលខ្លី មុននឹងពួកគាត់ស្បថចូលសភាជាតិ។
លោក ហ៊ុន សែន បានព្រមានថា តំណាងរាស្ត្រទាំងប្រាំពីររូបអាចជាប់ពន្ធនាគារជាថ្មី ពីព្រោះពួកគាត់មិនបានទទួលអភ័យឯកសិទ្ធិរួចផុតពីការចាប់ខ្លួនបានទេ ប្រសិនបើពួកគេមិនទាន់បានស្បថចូលសភា។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានមានប្រសាសន៍អំពីការប្រើប្រព័ន្ធតុលាការប្រឆាំងនឹងអ្នករិះគន់ថា "តាមពិតទៅ នេះជាសញ្ញាវិជ្ជមាន"។
លោក បញ្ញា បានមានប្រសាសន៍ថា "ពីមុនមានអំពើហិង្សាច្រើន។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ មានហិង្សាដល់រាងកាយច្រើន ជួនកាលរហូតឈានដល់សម្លាប់។ ឥឡូវប្រព័ន្ធយុត្តិធម៌កំពុងត្រូវគេប្រើប្រាស់ដើម្បីចាប់សកម្មជនដាក់គុក"។
លោក បញ្ញា បានមានប្រសាសន៍បន្ថែមថា "តាមសតិអាម្មណ៍ ពលរដ្ឋនៅតែភ័យខ្លាច។ គឺជាការបង្កើតបរិយាកាសភ័យខ្លាចដល់ពលរដ្ឋ អង្គការសិទ្ធិមនុស្សនិងសង្គមស៊ីវិល។ ប៉ុន្តែ មានច្រើនតែសកម្មជនគណបក្សប្រឆាំងប៉ុណ្ណោះដែលត្រូវប៉ះពាល់"។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា លោកមិនមានការភ្ញាក់ផ្អើលទេដែលថា សកម្មជននិងសមាជិកសង្គមស៊ីវិលដែលចាប់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើស គឺបន្ទោសលើនយោបាយ។
លោក ឥសាន បានពន្យល់ថា "កុំច្រឡំនឹងការផ្សាយរឿងនេះ គឺវាមិនមែនរដ្ឋាភិបាលដាក់គុកអ្នកណាដែលរិះគន់នោះទេ"។ លោក ឥសាន បានមានប្រសាន៍ថា អ្នករិះគន់រដ្ឋាភិបាលទាំងអស់ដែលជាប់ពន្ធនាគារ គឺបានប្រព្រឹត្តបទល្មើសពិតប្រាកដ។
អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះបានមានប្រសាសន៍ថា "ជាធម្មតាចំពោះអ្នកដែលមានទោសគឺមិនដែលទទួលស្គាល់ការពិតលើសកម្មភាពរបស់ខ្លួនទេ អ៊ីចឹងនៅពេលតុលាការចាត់វិធានការផ្លូវច្បាប់ គឺពួកគេរិះគន់។ ប៉ុន្តែ យើងមិនខ្វល់ទេ ពីព្រោះយើងអនុវត្តតាមច្បាប់"។
លោក រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនចាំថា សម័យណាមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាបច្ចុប្បន្នដែលមានអ្នករិះគន់រដ្ឋាភិបាលនិងសមាជិកសង្គមស៊ីវិលច្រើននាក់ ត្រូវគេចាប់ដាក់គុកក្នុងពេលដូចគ្នាទេ។
លោក រង្ស៊ី បានលើកឡើងពីរលកនៃការចាប់ខ្លួនដោយសារតែការដឹងខ្លួនកាន់តែខ្លាំងនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលថា ខ្លួនមិនអាចឈ្នះការបោះឆ្នោតដែលរៀបចំឡើងដោយគ.ជ.ប.ថ្មី ដែលបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០១៥ ដោយមានសមាជិកមកពីគណបក្សប្រឆាំងនិងសង្គមស៊ីវិលនៅក្នុងគណៈកម្មការនិងមានតំណែងរដ្ឋបាលជាន់ខ្ពស់។
លោក រង្ស៊ី បានមានប្រសាសន៍ថា "ពីទស្សនៈច្បាប់ កម្ពុជារបស់លោក ហ៊ុន សែន បានក្លាយជារដ្ឋក្រៅច្បាប់ ហើយគួរចាត់ទុកជាអន្តរជាតិថាជាប្រទេសបែបនេះ។ ច្បាប់ទាំងអស់របស់យើងដែលចាប់ផ្តើមពីរដ្ឋធម្មនុញ្ញគឺត្រូវគេរំលោភយ៉ាងចំហ និងដោយឥតកេរ្តិ៍ខ្មាស។ រដ្ឋាភិបាលក៏រំលោភសន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិដែរ"។
លោក រង្ស៊ី បានមានប្រសាសន៍បន្ថែមថា "ឥឡូវនេះច្បាស់ក្រឡែតថា ហ៊ុន សែន កំពុងព្យាយាមធ្វើឲ្យខូច ឬធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់លើដំណើរការបោះឆ្នោត ពីព្រោះគាត់ដឹងថា គណបក្សប្រជាជនកម្ពុជារបស់គាត់នឹងចាញ់ឆ្នោតពិតប្រាកដក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដែលរៀបចំដោយ គ.ជ.ប. ថ្មី។ ដូច្នេះការប្រឹងប្រែងរបស់លោក ហ៊ុន សែន ដើម្បីបំផ្លាញបក្សប្រឆាំងនិងសង្គមស៊ីវិល ដោយប្រើមធ្យោបាយថោកទាបបំផុតដែលបង្ហាញឲ្យឃើញជាក់ស្តែងតាមរយៈការចាប់ខ្លួននាពេលថ្មីៗកន្លងមកនេះ ដោយមានមនុស្សថែមទៀតនឹងត្រូវចាប់ខ្លួន"។
មនុស្សមួយចំនួនដូចជា អ្នកធ្វើអត្ថាធិប្បាយនយោបាយគឺលោក កែម ឡី បានផ្តល់ទឡ្ហីករណ៍ថា រលកនៃការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង និងបុគ្គលិកសិទ្ធិមនុស្ស តាមពិតមានឥទ្ធិពលតិចតួចក្នុងការបង្ក្រាបបក្សប្រឆាំងដែលកាន់តែកើនឡើងប្រឆាំងនឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
លោក ឡី បានមានប្រសាសន៍ថា "មនុស្សខ្លាចកាលពី១០ឆ្នាំមុន ប្រហែលបីឆ្នាំមុន ប៉ុន្តែ ពេលនេះគេស៊ាំនឹងការភិតភ័យ គឺសូម្បីតែខ្ញុំក៏អ៊ីចឹងដែរ។ ខ្ញុំជឿទុកចិត្តលើការនិយាយខ្លាំងៗ ហើយរិះគន់ក្នុងលក្ខណៈត្រឹមត្រូវ។ គេគ្រប់គ្នាចាត់ទុកការបោះឆ្នោតនាឆ្នាំ២០១៣ថា ជាចំណុចរបត់"។
ទោះជាយ៉ាងនេះក្តី សកម្មជនបឹងកក់ អ្នកស្រី ទេព វណ្ណី ដែលតែងតែជាប់ពន្ធនាគារហើយចេញមកវិញម្តងហើយម្តងទៀត ដោយសារតែតវ៉ា ប៉ុន្តែ នៅថ្មីៗនេះបានជាប់ពន្ធនាគារពីខែវិច្ឆិកា ឆ្នាំ២០១៤ដល់ខែមេសា ឆ្នាំ២០១៥ បានមានប្រសាសន៍ថា ការភ័យខ្លាចជាប់គុកអាចបណ្តាលឲ្យសកម្មជនដ៏ក្រាញននៀលបំផុតត្រូវគិតពិចារណាទ្វេដង។
អ្នកស្រី វណ្ណី បានមានប្រសាសន៍ថា "រដ្ឋាភិបាលចង់លុបបំបាត់អ្នកស្នេហាជាតិ ហើយគេមិនចង់ឲ្យមានអ្នករិះគន់ទេ។ ឥឡូវវាកៀកនឹងការបោះឆ្នោត អ៊ឹចឹងគេមិនចង់ឲ្យមានការតស៊ូមតិដែលធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការរបស់គេទេ"។
អ្នកស្រី វណ្ណី បាននិយាយបន្ថែមថា "ជីវិតក្នុងគុកធ្វើឲ្យអ្នកព្រាត់ប្រាស់ពីគ្រួសារ កូននិងប្តី។ គេខ្លាចជាប់គុក ពីព្រោះគេយល់ថា គ្មានសិទ្ធិសេរីភាពក្នុងគុកទេ ហើយគេនឹងបាត់អនាគតរបស់គេ"៕
រដ្ឋមន្ត្រីក្រសួងការបរទេសស្វាគមន៍សមភាគីរបស់លោក
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីមិនបានខ្ជះខ្ជាយពេលវេលាទេដោយទាញយកការកោតសរសើរពីម្ចាស់ជំនួយដ៏ធំបំផុតរបស់ប្រទេសកម្ពុជាកាលពីម្សិលមិញ ក្នុងពេលដែលសមភាគីចិនរបស់លោកបានមកធ្វើទស្សនកិច្ចជាផ្លូវការលើកទីមួួយនៅកម្ពុជាចាប់តាំងពីលោក សុខុន បានទទួលតំណែងពីលោក ហោ ណាំហុង កាលពីដើមខែនេះ។
ឈរជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិននៅឯសន្និសីទកាសែតក្នុងក្រុងភ្នំពេញ លោក សុខុន បានមានប្រសាសន៍អំពីភក្តីភាពជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាជាមួយប្រទេសមហាអំណាចអាស៊ីមួយនេះ និងក៏បានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរដែរ។
លោក សុខុន បានមានប្រសាសន៍ថា "យើងទាំងពីរមានទស្សនដូចគ្នាក្នុងការវាយតម្លៃខ្ពស់លើទំនាក់ទំនងរបស់យើង...យូរលង់មកហើយ។ ជាទំនាក់ទំនងដែលបង្កើតឡើងដោយអតីតព្រះមហាក្សត្ររបស់យើង ជាមួយអតីតមេដឹកនាំចិន។ ទំនាក់ទំនងនេះត្រូវបានពង្រឹងនិងពង្រីកដោយសម្តេចតេជោនាយករដ្ឋមន្ត្រី "។
រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីជម្លោះសមុទ្ទចិនខាងត្បូងដែលកើតមានយូរមកហើយ គឺជាជម្លោះដែលឃើញប្រទេសកម្ពុជាប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃដោយសារតែគេគិតថាមានការកាន់ជើងប្រទេសចិន ក្នុងជម្លោះទឹកដីជាមួយប្រទេសអាស៊ានមួយចំនួនដែលទាមទារយកបណ្តុំកោះនិងសមុទ្ទ។
ជាប្រធានអាស៊ានក្នុងឆ្នាំ២០១២ ប្រទេសកម្ពុជាត្រូវបានចោទថាបានរារាំងមិនឲ្យប្រើភាសាធ្ងន់ៗប្រឆាំងនឹងចិនទាក់ទងនឹងជម្លោះនោះ ហើយសមាគមនេះបានខកខានមិនបានចេញសេចក្តីថ្លែងការណ៍រួមទេក្រោយពីកិច្ចប្រជុំនោះ។
លោក សុខុន បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា "កម្ពុជានៅតែមានជំហរអព្យាក្រឹត។ ជំហររបស់ប្រទេសកម្ពុជាតែងតែអំពាវនាវគ្រប់ភាគីដែលពាក់ព័ន្ធឲ្យប្រឹងប្រែង ដើម្បីដោះស្រាយដោយសន្តិវិធី។ ប្រសិនបើប្រទេសទាំងអស់ប្រកាន់យកនយោបាយដូចប្រទេសកម្ពុជា យើងនឹងមិនមានបញ្ហាកើតឡើងទេ"។
លោក យី បានបញ្ជាក់ថា ប្រទេសចិនចង់រក្សាសន្តិភាព ក្នុងពេលមានជម្លោះ ហើយបន្ទាប់មកក៏រិះគន់ខ្លាំងៗចំពោះប្រទេសហ្វីលីពីន ដែលបានដាក់ពាក្យប្តឹងប្រទេសចិនទៅតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ក្នុងក្រុងឡាអេ ទាក់ទងនឹងការទាមទាររបស់ក្រុងប៉េកាំងទៅលើផ្នែកនៃសមុទ្ទនោះ។
លោក យី បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា " យើងព្រួយបារម្ភថា មានមហាអំណាចខ្លះយកបញ្ហាសមុទ្ទចិនខាងត្បូង ដើម្បីពង្រឹងបន្ថែមសកម្មភាពយោធានៅក្នុងតំបន់នេះ។ ទង្វើទាំងអស់នេះពុំបានផ្តល់ផលប្រយោជន៍ដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់សមុទ្ទចិនខាងត្បូងទេ។
លោករដ្ឋមន្ត្រីក្រសួងការបរទេសចិនរូបនេះបានមានប្រសាសន៍ថា "ការប្តឹងរបស់ប្រទេសហ្វីលីពីនបានរំលោភច្បាប់អន្តរជាតិ"។
លោក ខាលិល ថេយើ អ្នកជំនាញខាងអាស៊ីអាគ្នេយ៍នៅបណ្ឌិត្យសភាកងកម្លាំងការពារជាតិអូស្ត្រាលីក្នុងក្រុងកង់ប៊ឺរ៉ា បានមានប្រសាសន៍ថា ការប្រឹងប្រែងបន្តរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងសេចក្តីស្មោះត្រង់របស់ខ្លួនជាមួយប្រទេសចិន ជាប្រទេសដែលផ្តល់ជំនួយបរទេសដ៏ធំបំផុតតែមួយគត់របស់ខ្លួនចាប់តាំងពីឆ្នាំ២០១០ គឺមិនគួរឲ្យភ្ញាក់ផ្អើលទេ។
លោក ខាលិល បានមានប្រសាសន៍ក្នុងសារអុីម៉េលថា "សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសវៀតណាមយូរមកហើយ ចាត់ទុកតួនាទីរបស់ប្រទេសកម្ពុជាថាជាអ្នកបញ្ជោរលុតក្រាបក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន។ ប្រទេសកម្ពុជាពឹងផ្អែកចិនលើជំនួយ ជំនួញ និងវិនិយោគទុន។ ក្នុងភាសាទំនាក់ទំនងអន្តរជាតិ ប្រទេសកម្ពុជាកំពុងតែគាំទ្រប្រទេសចិនដោយរំពឹងថាបានរង្វាន់ខាន់ខៅ"។
អ្នកជំនាញរូបនេះបានមានប្រសាសន៍ថា "មេដឹកនាំកម្ពុជាពុំដែលសញ្ជឹងគិតលើសំណួរ "ចុះបើ" នៅពេលដែលប្រទេសវៀតណាមបានលុកលុយប្រទេសកម្ពុជា ហើយប្រសិនបើប្រទេសហ្វីលីពីនបានប្រកាន់យកជំហរថា វាជាបញ្ហាទ្វេភាគី ហើយមិនមែនជារឿងរបស់អាស៊ាន តើមេដឹកនាំកម្ពុជានឹងនៅឯណា សព្វថ្ងៃនេះ? មួយគឺស្លាប់នៅក្រោមរបបខ្មែរក្រហម ឬក៏ជាកូនជឹងនៅក្នុងរដ្ឋមួយដែលគ្រប់គ្រងដោយវៀតណាម"៕
ព្រះសង្ឃដែលជាសកម្មជនប្រឆាំងរដ្ឋាភិបាលបានសិទ្ធិជ្រកកោននៅស៊ុយអែត
សឹង ហៃ ដែលជាអតីតព្រះសង្ឃប្រឆាំងរដ្ឋាភិបាលនិងដែលរដ្ឋាភិបាលតាមចាប់ខ្លួននោះ បាននិយាយកាលពីម្សិលមិញថា គាត់បានរស់នៅក្នុងប្រទេសស៊ុយអែតចាប់តាំងពីខែវិច្ឆិកាមកម្លេ៉ះ បន្ទាប់ពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិជួយគាត់ឲ្យទទួលបានសិទ្ធិជ្រកកោននយោបាយនៅទីនោះ។
ប៉ុន្តែស្ថានទូតស៊ុយអែតប្រចាំរាជធានីភ្នំពេញបានលើកឡើងថា ខ្លួនមិនដឹងថា លោក សឹង ហៃ នៅក្នុងប្រទេសស៊ុយអែតឡើយ ហើយអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានលើកឡើងថា លោកស្រីមិនអាចធ្វើអត្ថាធិប្បាយលើករណីនេះបានទេ។
លោក សឹង ហៃ ដែលធ្លាប់ជាបន្លានៅក្នុងកែវភ្នែករបស់រដ្ឋាភិបាលរៀងរហូតមកត្រូវរដ្ឋាភិបាលចេញបទបញ្ជាឲ្យចាប់ខ្លួននៅក្នុងខែវិច្ឆិកា ដោយសារនៅតែបន្តគ្រងស្បង់ចីវរ បន្ទាប់ពីត្រូវបានផ្សឹក ហើយបញ្ជូនទៅពន្ធនាគារ នៅចុងឆ្នាំ២០១៤ ពាក់ព័ន្ធការតវ៉ា។
ដោយត្រូវបានដោះលែងជាមួយសកម្មជនចំនួន៧នាក់ផ្សេងទៀតនៅខែមេសា ឆ្នាំមុននោះ លោក សឹង ហៃ បាននិយាយតាមទូរស័ព្ទពីខេត្ត Ostersund នៅក្នុងប្រទេសស៊ុយអែតកាលពីម្សិលមិញមកថា គាត់បានភៀសខ្លួនទៅប្រទេសថៃកាលពីខែកក្កដាដើម្បីស្វែងរកសិទ្ធិជ្រកកោនជាមួយអង្គការសហប្រជាជាតិនៅទីនោះក្នុងខែវិច្ឆិកា ហើយបានទៅដល់ប្រទេសស៊ុយអែតនៅខែកុម្ភៈ។
លោក សឹង ហៃ...
មេធាវី៖ លោក ហ៊ុន ម៉ាណែត ត្រូវបានចេញដីកាបង្គាប់ឱ្យចូលខ្លួននៅអាមេរិក
មេធាវីដែលកំពុងរៀបចំករណីនាំយកលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជាទៅកាត់ទោសនៅសហរដ្ឋអាមេរិកចំពោះការដាក់ពន្ធនាគារមិនត្រឹមត្រូវ បានលើកឡើងកាលពីម្សិលមិញថា ដីកាបង្គាប់ឲ្យចូលខ្លួនមួយត្រូវបានអនុវត្តផ្លូវការហើយបានអះអាងថា ករណីនេះអាចដំណើរការទៅមុខក្នុងរយៈពេលមួយខែ។
លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ និងជាពលរដ្ឋអាមេរិក ត្រូវបានជាប់ពន្ធនាគារកាលពីឆ្នាំមុនពីបទកុបកម្មដោយសារវត្តមានរបស់លោកនៅឯការតវ៉ាមួយកាលពីឆ្នាំ២០១៤ ដែលបានប្រែក្លាយជាហិង្សា។ លោកកំពុងដាក់ពាក្យប្តឹងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលទាមទារសំណងជំងឺចិត្តដែលបណ្តាលមកពី "ការធ្វើទារុណកម្មតាមតែអំពើចិត្ត ការឃុំខ្លួនហួសពីផ្លូវច្បាប់ និងរយៈពេលយូរ"។
ថ្លែងតាមទូរស័ព្ទពីទីក្រុងឡូសអែនជឺឡេស (Los Angeles) កន្លែងដែលក្រុមគ្រួសាររបស់លោក មាជ សុវណ្ណារ៉ា រស់នៅនិងជាកន្លែងដែលករណីនេះត្រូវបានប្តឹងក្នុងតុលាការសហព័ន្ធអាមេរិកកាលពីព្រឹកថ្ងៃសុក្រ មេធាវី ម័រតុន...
ផ្ទុះអំពើហិង្សានៅក្រៅរដ្ឋសភា ខណៈតំណាងរាស្ត្រកំពុងអនុម័តច្បាប់សហជីពដ៏ចម្រូងចម្រាស
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានអនុម័តច្បាប់សហជីពដ៏ចម្រូងចម្រាសជាឯកតោភាគីកាលពីម្សិលមិញ ទោះបីជាមានការតវា៉ពីសំណាក់សហជីព ការព្រួយបារម្ភក្នុងចំណោមនិយោជក និងការព្រមានពីសំណាក់អង្គការពលកម្មអន្តរជាតិ (ILO)ថាច្បាប់នេះបំពានច្បាប់ក្នុងស្រុក និងអនុសញ្ញាស្ដីពីការងារដែលកម្ពុជា បានចុះហត្ថលេខាទទួលស្គាល់យ៉ាងណាក្ដី។
អំឡុងពេលតវ៉ាប្រឆាំងច្បាប់នេះនៅខាងក្រៅរដ្ឋសភាកាលពីពេលព្រឹក សន្តិសុខរបស់រដ្ឋាភិបាលបានដាល់មុខមន្ត្រីសហជីពម្នាក់ និងចាប់គ្រវែងប្រធានសហជីពម្នាក់ទៀតឲ្យដួលទៅនឹងដី ខណៈកំពុងស្រែកដាក់គ្នា។
នៅក្នុងការពិភាក្សាដេញដោលកាលពីរសៀលម្សិលមិញ តំណាងរាស្ត្រគណបក្សកាន់អំណាចបាននិយាយការពារច្បាប់នេះប្រឆាំងការតវ៉ារបស់គណបក្សសង្គ្រោះជាតិ ដែលតំណាងរាស្ត្ររបស់ខ្លួនបានដើរចេញពីរដ្ឋសភាម្នាក់ម្តងៗពេញមួយថ្ងៃនោះ ហើយទីបំផុតបានបោះឆ្នោតប្រឆាំងនៅម៉ោងជាង៦បន្តិច។
លោក ប៉ែន បញ្ញា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបានគូសបញ្ជាក់ថា ច្បាប់ដែលកំណត់វិធានថ្មីៗសម្រាប់ការបង្កើត ដំណើរការ និងបិទសហជីពនេះ ត្រូវបានផ្ដួចផ្ដើមឡើងអស់រយៈពេល៧ឆ្នាំហើយ។
លោកបានថ្លែងថា "សេចក្ដីព្រាងច្បាប់នេះទទួលបានមតិយោបល់ជាច្រើនពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហជីព និយោជក និងអង្គការ ILO ហើយច្បាប់នេះឆ្លើយតបគ្រប់សំណើរបស់ភាគីពាក់ព័ន្ធទាំងអស់"។
ទោះជាយ៉ាងណា អ្នកដែលពាក់ព័ន្ធក្នុងដំណើរការធ្វើសេចក្ដីព្រាងច្បាប់នេះបានបន្តបញ្ចេញមតិប្រឆាំងច្បាប់នេះរហូតដល់ពេលអនុម័ត ដោយសហជីពនានាបាននាំគ្នាធ្វើការតវ៉ារហូតឈានដល់ការផ្ទុះអំពើហិង្សា។
នៅម៉ោងប្រហែល១០ព្រឹក សន្តិសុខខណ្ឌដូនពេញ បានចូលទៅបំបែកហ្វូងមន្ត្រីសហជីព និងសកម្មជនរាប់សិបនាក់ដែលប្រមូលផ្តុំគ្នានៅខាងក្រៅរដ្ឋសភាដើម្បីបង្ហាញពីការតវ៉ារបស់ខ្លួនចំពោះច្បាប់នេះ។
សន្តិសុខទាំងនោះ បានទាញលោក ស៊ុត ចិត្រ មន្ត្រីសហព័ន្ធសហជីពចលនាកម្មករកម្ពុជា ចេញពីរដ្ឋសភា ហើយពេលនោះសន្តិសុខម្នាក់ដែលពាក់មួយសុវត្ថិភាពពណ៌សមានក្បាំងបិទមុខជិត បានដាល់មន្ត្រីសហជីពរូបនោះចំចំណុចក្បែរភ្នែកខាងឆ្វេងបណ្ដាលឲ្យបែកឈាម។ ក្រោយហេតុការណ៍នោះ លោក...
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គំរាមថា លោក កឹម សុខា អាចប្រឈមនឹងការស៊ើបអង្កេត
កាលពីម្សិលមិញ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានគំរាមលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងថា រដ្ឋសភាអាចនឹងបើកការស៊ើបអង្កេតលើការអះអាងថា លោកមានរឿងអាស្រូវស្នេហាលួចលាក់ ដោយលើកឡើងពីនីតិវិធីប្រឆាំងលោក ប៊ីល គ្លីនតុន ប្រធានាធិបតីសហរដ្ឋអាមេរិក។
ការគំរាមនេះកើតមានឡើងនៅពេលលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចេញមុខគំរាមបញ្ចេញព័ត៌មានដាក់បន្ទុកលើលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ប្រសិនបើលោកបន្តរិះគន់ស្ថាប័នប្រឆាំងអំពើពុករលួយមួយនេះចំពោះការពាក់ព័ន្ធរបស់ខ្លួនទៅនឹងការចោទប្រកាន់លោក កឹម សុខា។
លោក ឈាង វុន តំណារាស្ត្រជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានគំរាមផ្តើមការស៊ើបអង្កេតពិសេសលើទង្វើរបស់លោក...
តុលាការផ្តន្ទាទោសឧកញ៉ា ខូវ ផល្លាបុត្រ ឲ្យជាប់ពន្ធនាគារ២0ឆ្នាំ
ទាយាទស្នងមរតកនៃអាណាចក្រពាណិជ្ជកម្មធំបំផុតមួយនៅកម្ពុជា ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំកាលពីម្សិលមិញ ពីបទរៀបផែនការរំលោភសម្លាប់ភរិយា និងកូនស្រីរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅក្នុងសំណុំរឿងដ៏ស្មុគស្មាញដែលមានភ័ស្តុតាងបញ្ជាក់តិចតួច និងដែលពេញដោយការអះអាងថា មានអ្នករៀបចំនៅពីក្រោយឆាក។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យលោក ខូវ ផល្លាបុត្រ ឧកញ៉ាផ្នែកសំណង់ និងកសិកម្មដែលគ្រប់គ្រងមួយភាគធំនៃទ្រព្យសម្បត្តិរបស់ឪពុកលោករួមជាមួយអ្នកស្រី ឡាយ ហួង ប្រពន្ធឥតខាន់ស្លារបស់លោក ឲ្យជាប់ពិរុទ្ធភាពពីបទធ្វើជាមេខ្លោងក្នុងផែនការនេះ។
លោក ខូវ ផល្លាបុត្រ ត្រូវបានតុលាការផ្ដន្ទាទោសដោយកំបាំងមុខ ចំណែកឯអ្នកស្រី ឡាយ ហួង ដែលត្រូវបានចាប់ខ្លួននៅប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ២០១៤ ហើយធ្វើបត្យាប័នបញ្ជូនមកកាន់កម្ពុជាវិញ មានវត្តមាននៅក្នុងតុលាការ។
ចៅក្រម សាន សុផាត បានប្រាប់តុលាការថា "តុលាការសម្រេចឲ្យ ឡាយ...
អង្គភាពប្រឆាំងអំពើពុករលួយអះអាងថា ខ្លួនមានយុត្តាធិការលើករណីរបស់លោក កឹម សុខា
កាលពីម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជាបានសម្រេចថា ខ្លួនមានយុត្តាធិការលើការចោទប្រកាន់បទពុករលួយប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចំពោះការសន្យាផ្ដល់ជីវភាពហ៊ឺហារដល់នារីម្នាក់ដែលគេអះអាងថា ជាស្រីកំណាន់របស់លោកតាមរយៈខ្សែអាត់សំឡេងបែកធ្លាយ។
លោក កឹម សុខា នៅតែរក្សាភាពស្ងាត់ស្ងៀមពាក់ព័ន្ធរឿងអាស្រូវនេះ ចាប់តាំងពីខ្សែអាត់សំឡេងសន្ទនាគ្នារវាងរូបលោក និងស្រីកំណាន់ម្នាក់ចាប់ផ្ដើមបែកធ្លាយតាមហ្វេសប៊ុកនៅដើមខែនេះ។ អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងកាលពីម្សិលមិញថា ការដែលលោក កឹម សុខា មិនបដិសេធថាសំឡេងក្នុងខ្សែអាត់ដែលបែកធ្លាយកាលពីពេលថ្មីៗនេះមិនមែនជាសំឡេងរបស់ខ្លួនគឺជាការសារភាពដោយប្រយោលថាវាជាសំឡេងរបស់លោក។
ទោះជាយ៉ាងណា អ្នកជំនាញផ្នែកច្បាប់ដែលលេចធ្លោមួយរូប បានចោទសួរអំពីហេតុផលរបស់រដ្ឋាភិបាលទាក់ទិនករណីនេះ។
និស្សិតមួយក្រុមដែលអះអាងថាខ្លួនគ្មានហេតុផលនយោបាយ ឬជាប់ពាក់ព័ន្ធនយោបាយ បានស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតលោក កឹម សុខា ទាក់ទិនការចោទប្រកាន់រឿងផិតក្បត់ដែលខុសច្បាប់យោងតាមច្បាប់ស្ដីពីអំពើផិតក្បត់ដែលគេមិនសូវប្រើ និងអំពើពុករលួយ។
នៅឯកិច្ចប្រជុំមួយរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីម្សិលមិញ លោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពនេះបានមានប្រសាសន៍ថា អំពើផិតក្បត់មិនមែនជាកិច្ចការដែលអង្គភាពរបស់លោកត្រូវដោះស្រាយទេ។ ប៉ុន្តែលោកបានថ្លែងថា អំពើពុករលួយគឺជាកិច្ចការដែលអង្គភាពរបស់លោកត្រូវដោះស្រាយ ហើយអង្គភាពនេះនឹងសម្រេចថា តើត្រូវចាប់ផ្ដើមស៊ើបអង្កេតឬក៏អត់នៅត្រឹមថ្ងៃព្រហស្បតិ៍។
លោកមានប្រសាសន៍ថា "កិច្ចប្រជុំនេះមិនមែនដើម្បីកាត់ទោសនរណាម្នាក់ទេ។ កិច្ចប្រជុំនេះគឺដើម្បីពិភាក្សាគ្នាថា តើត្រូវទទួលយកពាក្យបណ្ដឹងឬក៏អត់ ហើយវាស្ថិតក្រោមយុត្តាធិការរបស់យើង"។
ដោយប្រើឈ្មោះហ្វេសប៊ុករបស់នារីម្នាក់ឈ្មោះ ខឹម ចាន់តារាទី វ័យ២៥ឆ្នាំ ដែលបម្រើការនៅហាងកាត់សក់ លោកមានប្រសាសន៍ថា "យើងអាចសុំឲ្យគាត់បញ្ជាក់បានតាមរយៈការផ្ញើលិខិតសុំឲ្យគាត់បកស្រាយថា តើគាត់បានប្រាក់នោះពីណា។ ប៉ុន្តែយើងនឹងមិនសួរគាត់ថា តើគាត់មានស្រីកំណាន់ម្នាក់ឈ្មោះ ស្រីមុំ ឬអត់ទេ"។
លោក...
Latest news
© 2021, ដេលី. All rights reserved.

