ក្រុមមន្ត្រីបាននិយាយថា កាលពីម្សិលមិញ សាលាដំបូងខេត្តពោធិ៍សាត់បានចោទប្រកាន់មន្ត្រីនគរបាលម្នាក់ពីបទប្រើហិង្សាដោយចេតនា ដោយបានយកកាំបិតប៉័ងតោកាប់ដាច់ប្រអប់ដៃសហសេវិករបស់ខ្លួននៅបន្ទាយរបស់ពួកគេកាលពីយប់ថ្ងៃសុក្រ។
យោងតាមលោក ធៀង ឡេង អធិការនគរបាលស្រុកបានឲ្យដឹងថា លោក ចាន់ តារា អាយុ៣០ឆ្នាំជាមន្ត្រីរដ្ឋបាលនៅអង្គភាពនគរបាលការពារព្រំដែន៨២៥ក្នុងស្រុកវាលវែង ត្រូវបានចាប់ខ្លួនក្រោយម៉ោង១០យប់ថ្ងៃសុក្រ បន្ទាប់ពីគាត់បានកាប់ដាច់ប្រអប់ដៃស្តាំរបស់លោក ក្រូច ប៊ុនណាក់អាយុ៣០ឆ្នាំ ដែលបានធ្វើឲ្យលោក តារា ខឹងយ៉ាងខ្លាំងដោយគ្រាន់តែទះកំផ្លៀងជាការលេងសើច។
លោកបានលើកឡើងថា លោក តារា បានផឹកស៊ីនៅផ្ទះអ្នកភូមិម្នាក់កាលពីល្ងាចថ្ងៃនោះ ហើយបានឈានដល់ជម្លោះក្តៅគកុកមួយជាមួយបុរសម្នាក់ទៀត ដែលបានក្លាយជាហិង្សាភ្លាមៗ។ នៅពេលលោក តារា យកដុំថ្មគប់បែកកញ្ចក់នៅក្នុងផ្ទះ អ្នកភូមិបានចាប់គាត់បោកដួលទៅលើដី បន្ទាប់មកបានហៅលោក លន់ លាង មេបញ្ជាការអង្គភាព៨២៥ដែលបានបញ្ជាឲ្យបុរសរូបនេះត្រឡប់ទៅបន្ទាយរបស់ខ្លួននៅទីស្នាក់ការអង្គភាព។
លោក ធៀង ឡេង បានមានប្រសាសន៍ថា “លោក តារា ត្រូវបានសហសេវិករបស់គាត់ចោមរោមពេលមកដល់បន្ទាយ។ ដោយស្រវឹងស្រាគាត់បានជេរចៅហ្វាយរបស់ខ្លួន ពេលនោះ លោក ប៊ុនណាក់ បានទះកំផ្លៀងជាការលេងសើច”។ លោកបានបន្ថែមថា ពេលនោះ មន្ត្រីផ្សេងទៀតបានជួយយកលោក តារា ទៅមុជទឹក ព្រោះគាត់ប្រឡាក់សុទ្ធតែដីដោយសារវាយតប់គ្នា។
លោកបានថ្លែងថា ”បន្ទាប់ពីងូតទឹករួច លោក តារា បានសួរលោក ប៊ុនណាក់ ថា តើគាត់អាចទះកំផ្លៀងវិញបានអត់ ហើយលោកបាននិយាយថា ‘ឯងចង់ធ្វើអីក៏ធ្វើទៅ!’។ បន្ទាប់មកលោក តារា បានយកកាំបិតប័ុងតោកាប់លោក ប៊ុនណាក់ តែម្តង ប៉ុន្តែ លោក ប៊ុនណាក់ បានលើកដៃរង” បណ្តាលឲ្យដាច់ប្រអប់ដៃអស់ម្រាមបួន។
អធិការនគរបាលស្រុករូបនេះបានមានប្រសាសន៍ថា លោក ប៊ុនណាក់ បានធ្វើដំណើរទៅព្យាបាលនៅប្រទេសកាលពីថ្ងៃសៅរ៍។ លោក ធៀង ឡេង មានប្រសាសន៍ថា ”គាត់គិតថា គ្រូពេទ្យនៅទីនោះអាចតប្រអប់ដៃរបស់គាត់ជាប់វិញ ប៉ុន្តែ ខ្ញុំទទួលបានព័ត៌មានថា គ្រូពេទ្យមិនអាចតជាប់ឡើយ ព្រោះប្រអប់ដៃដែលដាច់នោះមិនត្រូវបានក្លាសេឡើយ”។
លោកថ្លែងថា នគរបាលស្រុក បានចាប់ខ្លួនលោក តារា ភ្លាមៗបន្ទាប់ពីហេតុការណ៍កើតឡើង ហើយត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តរហូតដល់ពេលត្រូវបានបញ្ជូនទៅតុលាការកាលពីម្សិលមិញ។
លោក នាក់ សុវណ្ណ ក្រឡាបញ្ជីតុលាការបានមានប្រសាសន៍ថា លោក តារា ត្រូវបានចោទប្រកាន់ពីបទ ”បង្កហិង្សាដោយចេតនា ដែលបណ្តាលឲ្យរងបួសធ្ងន់ធ្ងរ ឬពិការភាពជាអចិន្ត្រៃយ៍”។
លោកបានថ្លែងថា មន្ត្រីរូបនេះប្រឈមនឹងការជាប់ពន្ធនាគារពីប្រាំឆ្នាំ ដល់ប្រាំពីរឆ្នាំ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តដើម្បីរង់ចាំការជំនុំជម្រះ៕ សារុន