ក្រុងបាត់ដំបង- លោក យ៉ែម ជ្រិន ជាគ្រូពេទ្យភូមិគ្មានអាជ្ញាប័ណ្ណដែលជាអ្នកទទួលខុសត្រូវចំពោះការចម្លងមេរោគអេដស៍ទៅប្រជាពលរដ្ឋដល់ទៅជាង២៨០នាក់ក្នុងឃុំរការ ខេត្តបាត់ដំបង ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំកាលពីព្រឹកម្សិលមិញ។
នៅឯសាលាដំបូងខេត្តបាត់ដំបង ចៅក្រមជំនុំជម្រះ យិច ឈាណាវី បានប្រកាសថា លោក យ៉ែម ជ្រិន អាយុ៥៦ឆ្នាំមានពិរុទ្ធភាពពីបទព្យាបាលអ្នកជំងឺដោយគ្មានអាជ្ញាប័ណ្ណវេជ្ជសាស្ត្រ មានចេតនាចម្លងមេរោគអេដស៍ទៅអ្នកដទៃ និងអំពើឃោរឃៅមានទារុណកម្មដែលបណ្ដាលឲ្យមនុស្សស្លាប់មានស្ថានទម្ងន់ទោស។
លោក យ៉ែម ជ្រិន បានរួចពីទោសជាប់ពន្ធនាគារមួយជីវិត បន្ទាប់ពីតុលាការបានសម្រាលបទចោទប្រកាន់ដំបូងពីបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬរំលោភសេពសន្ថវៈ។
ចៅក្រម យិច ឈាណាវី បានប្រាប់ទៅមនុស្សប្រហែល៣០នាក់ដែលភាគច្រើនជាសមាជិកគ្រួសាររបស់គ្រូពេទ្យរូបនេះដែលប្រមូលផ្ដុំគ្នានៅក្នុងសាលសវនាការថា ”តុលាការគិតថា គាត់ជាប់ពិរុទ្ធភាពគ្រប់គ្រាន់ពីបទព្រហ្មទណ្ឌគឺការព្យាបាលអ្នកជំងឺដោយគ្មានអាជ្ញាប័ណ្ណ ចម្លងមេរោគអេដស៍ទៅអ្នកជំងឺ និងការធ្វើទារុណកម្មបណ្ដាលឲ្យជនរងគ្រោះស្លាប់។ តុលាការសម្រេចលើបទចោទប្រកាន់ដូចតទៅនេះ ទី១ប្ដូរបទចោទប្រកាន់ពីបទអំពើឃោរឃៅមានទារុណកម្មចែងក្នុងមាត្រា២០៥ ដែលបង្កឲ្យជនរងគ្រោះស្លាប់រហូតដល់មាត្រា២១៥ ការធ្វើទារុណកម្មដែលបណ្ដាលឲ្យមនុស្សស្លាប់។ ទី២ សម្រេចផ្ដន្ទាទោស យ៉ែម ជ្រិន ឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ហើយបង្គាប់ឲ្យគាត់បង់ប្រាក់ពិន័យ៥លានរៀល [ប្រហែល១.២៥០ដុល្លារ]”។
នៅពេលចៅក្រម យិច ឈាណាវី អានសាលក្រមឮៗ គ្រួសាររបស់លោក យ៉ែម ជ្រិន បាននាំគ្នាយំ។ តុលាការក៏បង្គាប់ឲ្យលោក យ៉ែម ជ្រិន បង់សំណងជំងឺចិត្តដល់ជនរងគ្រោះចំនួន១០៧នាក់ ចាប់ពី៥ម៉ឺនរៀល (ប្រហែល១២,៥០ដុល្លារ) ដល់១២លានរៀល (ប្រហែល៣.០០០ដុល្លារ) ហាមមិនឲ្យព្យាបាលអ្នកជំងឺតទៅទៀតទៅថ្ងៃមុខ។
ពេលចេញពីសាលសវនាការក្រោយប្រកាសសាលក្រម លោក យ៉ែម ជ្រិន បាននិយាយបន្តិចបន្តួចដោយគ្រាន់តែប្រាប់អ្នកយកព័ត៌មានថា គាត់ជាមនុស្សស្លូតត្រង់។ ខណៈពេលឆ្មាំពន្ធនាគារខេត្តក្រៀកគាត់ចេញទៅ គាត់និយាយថា “អយុត្តិធម៌ណាស់ ព្រោះខ្ញុំមិនបានប្រព្រឹត្ត [បទល្មើស] ”។
នៅខាងក្រៅសាលសវនាការ អ្នកស្រី យូម ចិន្តា ប្រពន្ធរបស់លោក យ៉ែម ជ្រិន បានព្យាយាមរក្សាភាពស្ងប់ស្ងាត់។ អ្នកស្រីនិយាយថា ”សេចក្ដីសម្រេចរបស់តុលាការអយុត្តិធម៌ណាស់ ពីព្រោះប្ដីរបស់ខ្ញុំជាមនុស្សល្អ ហើយគាត់តែងតែជួយព្យាបាលអ្នកភូមិទាំងនោះ។ ខ្ញុំស្នើសុំឲ្យសម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍ក្នុងសំណុំរឿងនេះដើម្បីដោះលែងប្ដីរបស់ខ្ញុំមកវិញ។ ខ្ញុំនិយាយទៀតលែងចេញហើយ ព្រោះខ្ញុំមានអារម្មណ៍ចង់គាំងបេះដូង”។
ស្រែកទៅកាន់មនុស្សនៅសល់ប៉ុន្មាននាក់ដែលប្រមូលផ្ដុំគ្នាក្នុងបរិវេណតុលាការ បន្ទាប់ពីលោក យ៉ែម ជ្រិន ត្រូវបានរថយន្តដឹកទៅកាន់ពន្ធនាគារខេត្ត អ្នកស្រី ឡាយ សាវ៉ន អាយុ៦០ឆ្នាំ ដែលជាបងថ្លៃរបស់គ្រូពេទ្យរូបនេះ ខកចិត្តចំពោះសេចក្ដីសម្រេចរបស់តុលាការ។ អ្នកស្រីនិយាយថា “ប្អូនខ្ញុំនឹងស្លាប់ បើគាត់ជាប់ពន្ធនាគារ២៥ឆ្នាំ”។
អ្នកភូមិដែលឆ្លងមេរោគអេដស៍ជិត៨០នាក់ បានផ្ដល់សក្ខីកម្មអំឡុងពេលសវនាការ ដោយភាគច្រើនប្រាប់តុលាការថា គ្រូពេទ្យតែម្នាក់ដែលធ្លាប់ព្យាបាលពួកគាត់ គឺលោក យ៉ែម ជ្រិន។
លោក ជេមស៍ ម៉ាកខេប (James McCabe) នាយកប្រតិបត្តិការនៅអង្គភាពគាំពារកុមារ ជាអង្គភាពបង្កើតគោលនយោបាយមួយ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីមូលនិធិកុមារកម្ពុជា ដែលបានជួយដល់ការស៊ើបអង្កេតបឋមនៅក្នុងឃុំរការ មានប្រសាសន៍ថា ការមិនបានចុះបញ្ជីត្រឹមត្រូវ និងការមិនទទួលបានការបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្ត្រឲ្យបានគ្រប់គ្រាន់របស់លោក យ៉ែម ជ្រិន អាចចាត់ទុកបានថាជាបំណងមួយ។
លោកមានប្រសាសន៍ទៀតថា ”ខ្ញុំគិតថា គ្មានអ្វីគួរឲ្យឆ្ងល់ទេដែលគាត់គិតថា គាត់ធ្វើបានល្អបំផុតតាមដែលគាត់អាចធ្វើទៅបាន។ នៅពេលចៅក្រមពិចារណាបទចោទប្រកាន់ ខ្ញុំហ៊ាននិយាយថា ពួកគេបានពិនិត្យមើលអ្វីដែលបានកើតឡើង និងអ្វីដែលអាចទប់ស្កាត់បាន ហើយការមិនបានចាត់វិធានការទាំងនោះគឺជាបំណងមួយ”។
លោក ប៊ី បេងសោ ប្រធានមណ្ឌលសុខភាពឃុំរការ បានលើកឡើងថា អ្នកភូមិដែលឆ្លងមេរោគអេដស៍មានចំនួនសរុប២៨៣នាក់ ហើយចាប់តាំងពីពេលនោះមក ១១នាក់ក្នុងចំណោមនោះបានស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងមេរោគអេដស៍នេះ។
លោក ប៊ី បេងសោ ដែលជាអ្នកនៅជួរមុខគេពេលឆ្លើយតបទៅនឹងការផ្ទុះករណីឆ្លងមេរោគអេដស៍នេះចាប់តាំងពីមានសេចក្ដីរាយការណ៍ដំបូងកាលពី១ឆ្នាំមុននោះ ថ្លែងថា “ខ្ញុំគិតថា ជាប់ពន្ធនាគារ២៥ឆ្នាំគឺស័ក្ដិសម ពីព្រោះពេលនេះគាត់ចាស់ទៅហើយ”។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋផ្សេងទៀតដែលរស់នៅក្នុងឃុំរការបានសម្ដែងការខកចិត្តចំពោះសេចក្ដីសម្រេចរបស់តុលាការដកបទចោទប្រកាន់មនុស្សឃាតប្រឆាំងលោក យ៉ែម ជ្រិន។
លោក ហាន ស្រី ជាអ្នកភូមិឆ្លងមេរោគអេដស៍ដែលត្រូវតុលាការសម្រេចផ្ដល់សំណងជំងឺចិត្តចំនួន១២លានរៀល (ប្រហែល៣.០០០ដុល្លារ) និយាយថា សេចក្ដីសម្រេចនេះគឺស្រាលពេកហើយសម្រាប់អ្នកដែលបានចម្លងមេរោគទៅកូនៗរបស់គាត់ធ្វើឲ្យពួកគេមានជំងឺប្រចាំកាយអស់មួយជីវិត។
គាត់បាននិយាយទៀតថា “ខ្ញុំគិតថា ការផ្ដន្ទាទោសរបស់តុលាការសម្រាប់លោក យ៉ែម ជ្រិន គឺខ្លីណាស់ ពីព្រោះគ្រួសារខ្ញុំមានមនុស្សបីនាក់ កូនប្រុសរបស់ខ្ញុំអាយុ១៨ឆ្នាំ កូនស្រីរបស់ខ្ញុំអាយុ៨ឆ្នាំ និងខ្លួនខ្ញុំដែលត្រូវគាត់ចម្លងមេរោគ។ ខ្ញុំចង់ឲ្យតុលាការផ្ដន្ទាទោសលោក យ៉ែម ជ្រិន ឲ្យជាប់ពន្ធនាគារមួយជីវិត ព្រោះកូនៗរបស់ខ្ញុំនិងខ្ញុំក៏ត្រូវលេបថ្នាំអស់មួយជីវិតដែរ”។
អ្នកស្រី ចក់ ចិន្តា ដែលកូនប្រុសតូចរបស់គាត់បានស្លាប់ដោយសារជំងឺពាក់ព័ន្ធមេរោគអេដស៍ បានយល់ស្របថា ការផ្ដន្ទាទោសនេះ ស្រាលពេក។អ្នកស្រីនិយាយថា “ខ្ញុំចង់ឲ្យតុលាការផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយ ជីវិត ព្រោះខ្ញុំផ្ទុកមេរោគអេដស៍ ហើយកូនរបស់ខ្ញុំអាយុ៤ខែដែលឆ្លងមេរោគបានស្លាប់ បាត់ហើយ”។ អ្នកស្រីបានបន្តថា សាច់ញាតិរបស់ គាត់ជាង១០នាក់ក៏ឆ្លងមេរោគនេះដែរ។
ស្ត្រីវ័យ៣២ឆ្នាំរូបនេះបាននិយាយទៀតថា “តើឲ្យខ្ញុំយកប្រាក់សំណងជំងឺចិត្ត៣លានរៀល (ប្រហែល៧៥០ដុល្លារ) ទៅធ្វើអីកើត? ខ្ញុំមិនចង់យកទេ ខ្ញុំចង់ឲ្យតុលាការផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត”។
ទោះជាយ៉ាងណា អ្នកភូមិម្នាក់ទៀតឈ្មោះ រឿម ស្រីយ៉ា អាយុ២៥ឆ្នាំ ដែលឆ្លងមេរោគអេដស៍និយាយថា សេចក្ដីសម្រេចរបស់តុលាការសម្រាលបទចោទប្រកាន់ប្រឆាំងលោក យ៉ែម ជ្រិន ហាក់ដូចជាមានឥទ្ធិពលតិចតួចប៉ុណ្ណោះលើការផ្ដន្ទាទោសចុងក្រោយនេះ។ គាត់និយាយទៀតថា “ខ្ញុំគិតថា ការជាប់ពន្ធនាគារ២៥ឆ្នាំសម្រាប់លោក យ៉ែម ជ្រិន គឺដូចទោសជាប់ពន្ធនាគារមួយជីវិតអ៊ីចឹង ព្រោះគាត់មានអាយុជាង៥០ឆ្នាំទៅហើយ”៕ សុខុម