លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយបកទៅលើអ្នករិះគន់ច្បាប់ចរាចរណ៍ថ្មីវិញកាលពីម្សិលមិញ ដោយទិទៀនចំៗលើប្អូនស្រីរបស់លោកចំពោះអ្វីដែលលោកលើកឡើងថា ជាសារអវិជ្ជមានដែលមិនចាំបាច់បង្ហោះតាមហ្វេសប៊ុក។
កាលពីថ្ងៃទី១ ខែមករា កម្ពុជាបានចាប់ផ្តើមអនុវត្តជាផ្លូវការនូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលផាកពិន័យចំពោះការមិនគោរព តាមច្បាប់ ដែលកំណត់ចំនួនអ្នករួមដំណើរក្នុងម៉ូតូមួយគ្រឿង និងដែលតម្រូវឲ្យអ្នករួមដំណើរពាក់មួកសុវត្ថិភាពដែរនោះ។
ដោយលើកឡើងអំពីការរិះគន់តាមបណ្តាញ ទំនាក់ទំនងសង្គមទាក់ទិននឹងបទប្បញ្ញត្តិថ្មីនេះ កាលពីម្សិលមិញ លោក ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋអត់ធ្មត់បន្តិច។
លោកបានមានប្រសាសន៍អំឡុងពេលថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មីមួយក្នុងរាជធានីភ្នំពេញ ថា “ការពិតហើយ ខ្ញុំព្រះករុណាខ្ញុំដឹងថា មានប្រជាពលរដ្ឋមួយចំនួនដែលមិនពេញចិត្តចំពោះការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះប៉ុន្តែ សូមប្រជាពលរដ្ឋរបស់យើងទុកពេលឲ្យរដ្ឋាភិបាលអនុវត្តសិន”។
លោកបានគូសបញ្ជាក់ថា ក្នុងចំណោមអ្នករិះគន់ក៏មានប្អូនស្រីរបស់លោកដែរ គឺ លោកស្រី ហ៊ុន ស៊ីណាត ដែលបង្ហោះសារយ៉ាងវែងតាមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យដោយជំទាស់ ថា អាជ្ញាធរគួរតែផ្តោតគោលដៅលើអ្នកដែលចតរថយន្តពីរជួរនៅតាមផ្លូវក្នុងរាជធានីជាជាង “ផាកពិន័យប្រជាពលរដ្ឋក្រីក្រ”។
លោកស្រីក៏បានរិះគន់ចំពោះការតម្រូវឲ្យអ្នកបើកបរយកប័ណ្ណបើកបរច្បាប់ដើម កាតគ្រី និងឈៀកតាមខ្លួនផងដែរ ដោយលើកឡើងថា ពួកគាត់អាចជ្រុះបាត់ ឬត្រូវគេលួច។
លោក ហ៊ុន សែន បានមានប្រសាសន៍ទាក់ទិននឹងការបង្ហោះនេះដែលត្រូវបានចុះផ្សាយយ៉ាងព្រោងព្រាតដោយស្ថាប័នផ្សព្វផ្សាយក្នុងស្រុកថា “ខ្ញុំព្រះករុណាខ្ញុំ ទិទៀនដោយត្រង់ចុះ មិនគួរប្អូនស្រីខ្ញុំ ព្រះករុណាខ្ញុំអាចធ្វើរឿងអ៊ីចឹងទៅកើត”។
លោកបានមានប្រសាសន៍បន្តថា “សូមផ្តាំទៅប្អូនស្រីវិញឲ្យស្គាល់បញ្ហា។ ទោះបីជាមានបញ្ហាមួយចំនួន [ពាក់ព័ន្ធច្បាប់ថ្មីនេះ] ក៏ដោយ តែជីវិតសំខាន់ជាង”។
លោក ហ៊ុន សែន បានលើកឡើងបន្តទៀតថា នឹងមានការរៀបចំកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជាក់លាក់ដែលកើតមានឡើងចាប់តាំងពីមានការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះមក ដូចជាការចោទសួររបស់ព្រះសង្ឃនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីជាដើម ដោយមានចម្ងល់ថាតើព្រះសង្ឃក៏ត្រូវពាក់មួកសុវត្ថិភាពដែរ ឬយ៉ាងណា។
ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ខណៈបញ្ហាជាក់លាក់ត្រូវកែសម្រួល “ការអនុវត្តនឹងបន្តអនុវត្តឲ្យបានតឹងរុឹង”។
ដោយឆ្លើយតបចំពោះការរិះគន់ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា តម្លៃក្នុងការទទួលបានប័ណ្ណបើកបរថ្មីបានបន្ថយដ៏គួរឲ្យកត់សម្គាល់ពី៧៤.០០០រៀល មកនៅត្រឹម២៥.០០០រៀល រីឯតម្លៃប្តូរប័ណ្ណបើកបរថ្មីបានបន្ថយពី២៥.០០០រៀល មកត្រឹម ២០.០០០រៀល។
លោកបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋគ្រប់រូបត្រូវតែមានប័ណ្ណបើកបរ ពេល
បើកបរ ព្រោះពួកគាត់មិនអាចខ្ចីពីអ្នកផ្សេងបានឡើយ”។ លោកបានបន្ថែមថា អ្នកបើកបរជាង២លាននាក់នៅទូទាំងប្រទេសនៅមិនទាន់មានប័ណ្ណបើកបរនៅឡើយទេ។
លោក ហ៊ុន សែន ក៏បានប្រកាសផងដែរថា លោកផ្តល់ការលើកលែងចំពោះម្ចាស់រថយន្តចង្កូតស្តាំជាង៤០០នាក់ដែលបានតវ៉ាប្រឆាំងចំពោះការប្រឹងប្រែងអនុវត្តតាមបម្រាមហាមឃាត់មិនឲ្យមានរថយន្តចង្កូតស្តាំរាប់ទសវត្សរ៍មកនេះ។
លោកបានលើកឡើងថា អ្នកដែលមានរថយន្តចង្កូតស្តាំរួចហើយត្រូវបង់ពន្ធនាំចូលប៉ុន្តែ មិនចាំបាច់កែចង្កូតពីចង្កូតស្តាំមកចង្កូតឆ្វេងឡើយ ដោយលោកលើកឡើងបន្ថែមថា ការនាំចូលរថយន្តចង្កូតស្តាំបន្ថែមនឹងត្រូវហាមឃាត់ ទោះបីជាបម្រាមបែបនេះបានចូលជាធរមានតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកក៏ដោយ។
ម្ចាស់រថយន្តចង្កូតស្តាំដែលនាំគ្នាតវ៉ាយ៉ាងខ្លាំងរាប់ខែមកហើយបានលើកឡើងកាលពីម្សិលមិញថា ពួកគាត់ស្វាគមន៍ចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។
លោក ហួរ សុខលីម អាយុ៣២ឆ្នាំបាននិយាយថា “ខ្ញុំពិតជាកោតសរសើរចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីទាក់ទិននឹងរថយន្តរបស់យើង ព្រោះយើងមិនចង់កែចង្កូតទៅជាចង្កូតឆ្វេងឡើយ”។
លោកបានបន្ថែមថា លោកកំពុងតែរៀបចំឯកសារដើម្បីបង់ពន្ធរថយន្តធុនធំរបស់លោកដែលត្រូវបង់ជាង៤.០០០ដុល្លារ៕ ស៊ុយឈាង