កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋផ្ញើពាក្យបណ្តឹងទាក់ទិនអំពើពុករលួយចូលក្នុងប្រអប់សារក្នុងទំព័រហ្វេសប៊ុកផ្ទាល់របស់លោក ដោយភ្ជាប់ភ័ស្តុតាងមកជាមួយនៅក្នុងអ្វីដែលលោកលើកឡើងថា ជាចំណាត់ការមួយដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ។
សារមួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន កាលពីព្រឹកម្សិល មិញ មានខ្លឹមសារដូច្នេះថា ”ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ ទប់ស្កាត់ និងលុបបំបាត់អំពើពុករលួយ និងផ្តល់នូវយុត្តិធម៌សង្គម សូមបងប្អូនជនរួមជាតិចូលរួមជាមួយសម្តេចតេជោទាំងអស់គ្នា”។
សារេនះបានអំពាវនាវឲ្យប្រជាពលរដ្ឋផ្ញើសារ និងលិខិតផ្សេងៗជា PDF ឬ Microsoft Word រួមជាមួយភ័ស្តុតាងនៃការប្រព្រឹត្តអំពើពុករលួយនានាមកកាន់ប្រអប់សារនៅក្នុងទំព័រហ្វេសប៊ុករបស់លោកដោយផ្ទាល់។
សារនេះមានខ្លឹមសារបន្តដូច្នេះថា”សំណូមពរ របាយការណ៍ និងពាក្យបណ្តឹងនានាត្រូវតែមានមូលដ្ឋានច្បាប់ពិតប្រាកដរួមជាមួយភ័ស្តុតាង និងសាក្សីច្បាស់លាស់”។
“ ទន្ទឹមនឹងនេះក្រសួងមន្ទីរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនានាត្រូវចូលរួមដោះស្រាយអំពើអយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យឈប់កសាងអំពើអាក្រក់តទៅទៀត”។
ខណៈរដ្ឋាភិបាលមានអង្គភាពប្រឆាំងអំពើពុករលួយរួចហើយជាមធ្យោបាយដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងវិស័យសាធារណៈរដ្ឋាភិបាលកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមានការប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតក្នុងតំបន់ នេះបើយោងតាមអង្គការតម្លាភាពកម្ពុជា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា គំនិតផ្តួចផ្តើមថ្មីបំផុតរបស់លោកនាយករដ្ឋមន្ត្រីលើកទឹកចិត្តឲ្យមានរំហូរ ព័ត៌មានកាន់តែសេរីអំពីអំពើពុករលួយ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ហ្វេសប៊ុកមានប្រសិទ្ធភាពប្រសើរច្រើនសម្រាប់រាយការណ៍អំពីបញ្ហានានា។វិធីសាស្ត្រ នេះបញ្ឈប់ ការិយាធិបតេយ្យ និងធ្វើឲ្យគម្លាតរវាងជនស៊ីវិល និងនាយករដ្ឋមន្ត្រីកាន់តែកៀកជិតគ្នា”។
លោក កែម ឡី អ្នកវិភាគនយោបាយបានលើកឡើងថា ការអំពាវនាវរបស់លោក ហ៊ុន សែន ត្រូវការការគាំទ្រដោយយន្តការផ្លូវការដើម្បីដោះស្រាយបណ្តឹងបែបនេះ។
លោកបានមានប្រសាសន៍ថា “ការមានប្រសាសន៍ដូច្នេះ គឺល្អ ប៉ុន្តែ គាត់មិនអាចដោះស្រាយបញ្ហាទាំងអស់តែម្នាក់ឯងបានទេ។ បន្ទាប់ពីសរសេរដូច្នេះ វាក៏ត្រូវការយន្តការសម្រាប់ការអនុវត្តផងដែរ គឺថា តើនរណានឹងអនុវត្តវា ហើយថា តើអ្នកអនុវត្តនឹងទទួលបានសិទ្ធិអំណាចប៉ុណ្ណា?”។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទទួលបានប្រយោជន៍ពីគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន សែន ដែលលោកបានលើកឡើងថា បានបង្ហាញឲ្យឃើញពីភាពបរាជ័យរបស់ស្ថាប័នប្រឆាំងអំពើពុករលួយដែលមានស្រាប់។
លោកបានមានប្រសាសន៍ថា “នៅក្នុងពេលវេលាដ៏យូរទៅមុខទៀត យើងសង្ឃឹមថា នឹងឃើញមានការធ្វើកំណែទម្រង់ស្ថាប័នសាធារណៈដែលអាចដោះស្រាយករណីអយុត្តិធម៌ និងបណ្តឹងដោយឯករាជ្យ ដោយពុំចាំបាច់មានការអំពាវនាវដោយផ្ទាល់បែបនេះទៀត”។
“អង្គភាពប្រឆាំងអំពើពុករលួយ តុលាការ និងស្ថាប័នអនុវត្តន៍ច្បាប់បច្ចុប្បន្នមិនអាចឆ្លើយតបនឹងភាពអយុត្តិធម៌ទាំងនេះដោយប្រសិទ្ធ ភាពបានឡើយ”៕ស៊ុយឈាង