អ្នកស្រី ពិសិដ្ឋ ពិលីកា គឺជាអ្នករបាំប្រពៃណី និងជាតារាភាពយន្តស្រីល្បីល្បាញបំផុតនៅប្រទេសកម្ពុជា។ ជាតារាភាពយន្តស្រីវ័យក្មេងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ភាពល្បីល្បាញរបស់អ្នកស្រីបានឈានដល់កម្រិតថ្មីមួយទៀតក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ខណៈអ្នកស្រីបង្ហាញមុខក្នុងឧស្សាហកម្មវីដេអូតន្ត្រីខារា៉អូខេដ៏កាក់កប។
ហេតុដូច្នេះហើយទើបបានជាករណីឃាតកម្មដ៏រន្ធត់លើអ្នកស្រីនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៩ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខាងមុខផ្សារអូរឫស្សី ក្នុងរាជធានីភ្នំពេញ ជិតក្មួយស្រីវ័យ៧ឆ្នាំរបស់ខ្លួន បានបង្កការតក់ស្លុតទូទាំងប្រទេស នោះគឺដោយសារតែគ្មានជនល្មើសណាម្នាក់ត្រូវបានចាប់ខ្លួន។
ពាក្យចចាមអារ៉ាមបានលេចឮសុះសាយនៅរយៈពេលប៉ុន្មានខែក្រោយមកតារារូបនេះត្រូវភរិយារបស់មន្ត្រីជាន់ខ្ពស់មួយរូបបញ្ជាឲ្យសម្លាប់ចោលដោយសារផ្ទុះកំហឹងខ្លាំងបន្ទាប់ពីដឹងថា អ្នកស្រីមានស្នេហាលួចលាក់ជាមួយប្ដីរបស់ខ្លួន។
បន្ទាប់មកទស្សនាវដ្ដី L’ Express ចេញផ្សាយប្រចាំសប្ដាហ៍ដ៏ពេញនិយមរបស់បារាំង បានចុះផ្សាយអត្ថបទមួយដែលដកស្រង់សៀវភៅកំណត់ហេតុកត់ត្រាដោយអ្នកស្រី ពិសិដ្ឋ ពិលីកា ដែលទំនងជារៀបរាប់ពីការលួចជួបគ្នារាប់ឆ្នាំរបស់អ្នកស្រីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការបែកធ្លាយរឿងស្នេហាលួចលាក់នេះដល់លោកស្រី ប៊ុន រា៉នី ភរិយារបស់លោក។
លោកនាយករដ្ឋមន្ត្រី និងជំទាវទី១ បានច្រានចោលការអះអាងទាំងនេះដាច់អហង្ការ ហើយបានបន្ទោសលោក សម រង្ស៊ី ថាជាអ្នកប្រឌិតរឿងនេះដោយសារបងប្អូនថ្លៃស្រីរបស់លោក សម រង្ស៊ី ធ្វើការឲ្យទស្សនាវដ្ដី L’ Express ប៉ុន្តែមិនដែលប្ដឹងទស្សនាវដ្ដីនេះពីបទបរិហារកេរ្តិ៍តាមការគំរាមជាសាធារណៈរបស់ខ្លួនឡើយ។
រឿងអាស្រូវផ្លូវភេទនេះបានផ្ទុះឡើងភ្លាមៗជាថ្មីម្តងទៀតតាមរយៈការជជែកដេញដោលតាមប្រព័ន្ធអុីនធឺណិតក្នុងរយៈពេល១ខែមកនេះ ខណៈនិស្សិតមួយក្រុម និងថ្មីៗនេះលោក ហ៊ុន សែន ផ្ទាល់បានធ្វើយុទ្ធនាការបន្ទោសលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងចំពោះការមានស្រីកំណាន់។
ខណៈអ្នកខ្លះអះអាងថារដ្ឋាភិបាលជាប់ពាក់ព័ន្ធនឹងការបញ្ចេញខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទរាប់សិបភាគដែលគេអះអាងថាជាសំឡេងរបស់លោក កឹម សុខា និងស្រីកំណាន់របស់លោក ហើយលោក ហ៊ុន សែន ថែមទាំងអះអាងថាមានភ័ស្តុតាងរូបថតក្នុងទូរស័ព្ទស្មាតហ្វូនរបស់លោកនោះ ព័ត៌មានជុំវិញស្នេហាលួចលាក់របស់នាយករដ្ឋមន្ត្រីលេចឮសុសសាយក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដែលភាគច្រើនជាយុវវ័យ។
ជាឧទាហរណ៍ មួយវគ្គនៃភាពយន្តឯកសារដែលបង្ហាញពីទិដ្ឋភាពកន្លែងកើតហេតុបន្ទាប់ពីការបាញ់សម្លាប់អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវបានចែករំលែកតៗគ្នាជាង១៣.៨០០ដង និងទស្សនា៣៧០.០០០ដងតាមហ្វេសប៊ុក ចាប់តាំងពីវាត្រូវបានបង្ហោះដោយទំព័រប្រឆាំងរដ្ឋាភិបាល “Daily News” កាលពីថ្ងៃទី៩ ខែមីនា ពោលគឺមួយសប្ដាហ៍បន្ទាប់ពីខ្សែអាត់ដំបូងនៃការសន្ទនាតាមទូរស័ព្ទរបស់លោក កឹម សុខា បានបែកធ្លាយ។
បន្ទាប់មកកាលពីសប្ដាហ៍មុន ក្រោយពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ផ្ដើមការស៊ើបអង្កេតផ្លូវការថា តើលោក កឹម សុខា បានប្រាក់តាមវិធីណាដើម្បីសន្យាទិញផ្ទះឲ្យស្រីកំណាន់របស់លោកនោះ លោក ឆាំ ឆានី ដែលជាម្ចាស់ទំព័រហ្វេសប៊ុកប្រឆាំងដ៏មានប្រជាប្រិយភាពមួយ បានលើកឡើងជាសាធារណៈអំពីស្ដង់ដារពីរ។
សារនោះសរសេរថា “មានតែមួយក្នុងលោក៖អង្គភាពប្រឆាំងអំពើពុករលួយស៊ើបរឿងស្នេហា” ហើយបន្តចោទសួរថា ហេតុអ្វីបានជាករណីអ្នកស្រី ពិសិដ្ឋ ពិលីកា មិនទទួលបានការយកចិត្តទុកដាក់ដូចគ្នា។
លោក ឆាំ ឆានី ដែលត្រូវដែលកូនប្រុសច្បងរបស់លោក ហ៊ុន សែន គំរាមប្ដឹងពីបទបរិហារកេរ្តិ៍ពាក់ព័ន្ធសារបង្ហោះដោយឡែកមួយបានសួរថា “ហេតុអ្វីមិនស៊ើបរឿងនោះផង?”។
ទំព័រហ្វេសប៊ុកដ៏ពេញនិយមដែលមានឈ្មោះថា I Love Cambodia Hot News II ក៏បានបង្ហោះរូបថតនិស្សិតមួយក្រុមដែលបានដឹកនាំយុទ្ធនាការប្រឆាំងលោក កឹម សុខា ដែរ។
សំដៅដល់តារាពីររូបទៀតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីស្នេហាលួចលាក់ជាមួយមន្ត្រីជាន់ខ្ពស់ដែលធ្វើឲ្យពួកគាត់ពិការផ្នែកខ្លះនៃរាងកាយ ទំព័រនេះបានសួរថា “ឆ្ងល់ដល់ហើយ! ហេតុអ្វីក្រុមនេះមិនធ្វើបាតុកម្មរកយុត្តិធម៌ឲ្យ ពិសិដ្ឋ ពិលីកា ពៅ បញ្ញាពេជ្រ និង ទូច ស្រីនិច ផង?”។
ខណៈគ្មានភ័ស្តុតាងដើម្បីបញ្ជាក់ថា លោក កឹម សុខា ពិតជាបានទិញផ្ទះឲ្យស្រីកំណាន់របស់ខ្លួន ឯកសារជាច្រើនដែលបង្ហាញពីកាដូរបស់លោក ហ៊ុន សែន ត្រូវបានបញ្ចេញតាមអុីនធឺណិតកាលពីឆ្នាំ២០០២។
បីឆ្នាំបន្ទាប់ពីការចុះផ្សាយអត្ថបទរបស់ទស្សនាវដ្ដី L’Express អ្នកស្រី សៅ ដាវីណា ដែលជាបងប្អូនរបស់អ្នកស្រី ពិសិដ្ឋ ពិលីកា បានបញ្ចេញឯកសារទាំងនេះពីប្រទេសបារាំងតាមគេហទំព័រមួយដែលអះអាងថា វាបញ្ជាក់ថា លោកស្រី ប៊ុន រ៉ានី ជាប់ពាក់ព័ន្ធក្នុងឃាតកម្មនេះ។
គេហទំព័រនេះនៅតែដំណើរការរហូតដល់ពេលបច្ចុប្បន្ន ហើយរួមមានទាំងរូបភាពស្គែននៃបង្កាន់ដៃធនាគារក្នុងទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ និងបង្កាន់ដៃដាក់ប្រាក់៥ម៉ឺនដុល្លារដោយអ្នកស្រី ពិសិដ្ឋ ពិលីកា ក្រោមឈ្មោះកំណើតរបស់អ្នកស្រីគឺ សៅ ពិលី និងទំព័រសៀវភៅកំណត់ហេតុដែលអះអាងថា កាដូទាំងនោះចេញពីលោក ហ៊ុន សែន។
(ធនាគារកាណាឌីយ៉ា ដែលទទួលប្រាក់កក់នេះបាននិយាយកាលពីម្សិលមិញថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយអំពីភាពពិតនៃបង្កាន់ដៃធនាគារស្គែនទាំងនោះបានឡើយ ដោយសារវាជាគោលការណ៍រក្សាការសម្ងាត់របស់អតិថិជន)។
ការស្គែនសៀវភៅកំណត់ហេតុនោះក៏រៀបរាប់ដែរអំពីការព្រួយបារម្ភរបស់អ្នកស្រី ពិសិដ្ឋ ពិលីកា ចំពោះកំហឹងរបស់លោកស្រី ប៊ុន រ៉ានី ដែលដឹងរឿងអ្នកស្រីមានស្នេហាលួចលាក់ជាមួយលោក ហ៊ុន សែន អមដោយការអះអាងថា អ្នកស្រីត្រូវគេបង្ខំឲ្យ “ប្រគល់ផ្ទះពីរដែលសម្ដេច ហ៊ុន សែន ឲ្យខ្ញុំ ឲ្យទៅប្រពន្ធគាត់វិញ”។
សៀវភៅកំណត់ហេតុមួយមានខ្លឹមសារដូច្នេះថា “កាលពីថ្ងៃច័ន្ទ ថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៩៩ នៅម៉ោង៧និង៣០នាទីព្រឹក ខ្ញុំបានទៅដកលុយរបស់ខ្ញុំពីធនាគារកាណាឌីយ៉ាប៉ុន្តែគេបិទទ្វារមិនឲ្យខ្ញុំចូល មិនបើកលុយឲ្យខ្ញុំទេព្រោះមានបញ្ជាពី ប៊ុន រ៉ានី មិនឲ្យធនាគារនេះបើកលុយឲ្យខ្ញុំ ដោយសារវាជាលុយដែលប្តីគាត់ឲ្យ”។
សៀវភៅកំណត់ហេតុនេះដែលមានសរសេរចំនួនទឹកប្រាក់រាប់សែនដុល្លារ ប៉ុន្តែមិនច្បាស់លាស់ថាប៉ុន្មានឲ្យពិតប្រាកដនោះបានបន្តថា ”លុយសរុបទាំងអស់គឺជាលុយដុល្លារ [ដែលមិនដឹងថាប៉ុន្មាន] ប៉ុន្តែ ខ្ញុំអាចដកបានតែ៥០.០០០ដុល្លារ និងការប្រាក់ជិត២.០០០ដុល្លារប៉ុណ្ណោះ”។
នៅក្នុងសេចក្តីបញ្ចប់នៃសៀវកំណត់ហេតុេនះដែលចុះកាលបរិច្ឆេទថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩តារាភាពយន្តរូបនេះបានរៀបរាប់ឡើងវិញនូវការហៅឲ្យទៅជួបជាមួយលោក ហុក ឡងឌី អគ្គស្នងការនគរបាលជាតិដែលបាត់បង់ជីវិតទៅហើយនោះនៅឯភោជនីយដ្ឋានមួយក្រៅរាជធានីភ្នំពេញ។
សៀវភៅកំណត់ហេតុនេះមានខ្លឹមសារដូច្នេះថា “ខ្ញុំបានទៅជួប ហុក ឡងឌី នៅកៀនស្វាយជាភោជនីយដ្ឋានមួយស្ថិតនៅកន្លែងដ៏ស្ងាត់។ គាត់បានប្រាប់ឲ្យខ្ញុំលាក់ខ្លួនមួយរយៈព្រោះលោកស្រី ប៊ុន រ៉ានី ខឹងខ្លាំងណាស់រហូតដល់ថ្នាក់ព្យាយាមយកជីវិតរបស់ខ្ញុំ”។
សៀវកំណត់ហេតុនេះមានខ្លឹមសារបន្តថា ”ខ្ញុំមិនបានលក់ខ្លួនឲ្យសម្តេច ហ៊ុន សែន ទេ។ យើងស្រឡាញ់គ្នាដូចប្តីប្រពន្ធ។ ខ្ញុំគិតថា ខ្ញុំមិនដឹងទេថា តើគេនឹងទុកជីវិតឲ្យខ្ញុំ ឬក៏សម្លាប់ខ្ញុំ ព្រោះពួកគេជាអ្នកគ្រប់គ្រងផែនដី។ ខ្ញុំមានតែព្រះតែប៉ុណ្ណោះ”។
លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធមិនឲ្យសម្ភាសទេកាលពីម្សិលមិញ។ ទោះជាយ៉ាងណា ក្នុងនាមជាទីប្រឹក្សាម្នាក់ក្នុងចំណោមទីប្រឹក្សាដ៏ជំនិតរបស់លោក ហ៊ុន សែន លោក ឱម យិុនទៀង បានការពារលោកស្រី ប៊ុន រ៉ានី ពីការចោទប្រកាន់នេះ ពេលទស្សនាវដ្ដី L’Express ចុះផ្សាយអត្ថបទមួយនៅក្នុងខែតុលា ឆ្នាំ១៩៩៩។
លោក ឱម យិុនទៀង បានសរសេរនៅក្នុងលិខិតបដិសេធរបស់រដ្ឋាភិបាលដែលចេញនៅខែដដែលនោះថា “ការចេញផ្សាយរបស់ទស្សនាវដ្តី L’Express ចុះថ្ងៃទី២៨ ខែតុលា អំពីការស្លាប់របស់ ពិសិដ្ឋ ពិលីកា គឺជាការចោទប្រកាន់ពាក់ព័ន្ធរឿងនយោបាយ និងមានចេតនាលើលោកជំទាវ ប៉ុន រ៉ានី ហ៊ុន សែន ដែលគ្មានទោសកំហុស និងប្រតិបត្តិតាមព្រះពុទ្ធសាសនា”។
លោក ឱម យិុនទៀង បានមានប្រសាសន៍ថា ”ជាជនរងគ្រោះនៃស្ថានការណ៍ដ៏ស្មុគស្មាញនេះ លោកជំទាវ ប៊ុន រ៉ានី បានសម្រេចនៅថ្ងៃនេះ ទុកឲ្យច្បាប់ជាអ្នករកយុត្តិធម៌ឲ្យទាំងនៅក្នុងទីក្រុងប៉ារីស និងក្រុងភ្នំពេញ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយកាលពីម្សិលមិញថា លោកមិនព្រួយបារម្ភឡើយចំពោះការដែលថា យុទ្ធនាការនាពេលថ្មីៗប្រឆាំងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា បានធ្វើឲ្យកម្រើកឡើងសាជាថ្មីនូវរឿងទាក់ទិននឹង អ្នកស្រី ពិសិដ្ឋ ពិលីកានោះ ដោយលើកឡើងថា ការអះអាងនោះគ្មានមូល។
អ្នកនាំពាក្យរូបនេះ បានមានប្រសាសន៍ថា ”បញ្ហានេះគឺជាការចោទប្រកាន់ដែលគណបក្សប្រឆាំងរៀបចំឡើង វាគ្រាន់តែជាការចោទប្រកាន់តែប៉ុណ្ណោះ ហើយវាគ្មានភ័ស្តុតាងទេ ហេតុដូច្នេះវាខុសគ្នាទាំងស្រុងពីរឿងសហាយស្មន់របស់ កឹម សុខា”។
លោក ផៃ ស៊ីផាន នៅតែលើកឡើងថា សៀវភៅកំណត់ហេតុ និងបង្កាន់ដៃធនាគារដែលបង្ហោះដោយបងប្អូនស្រីរបស់ អ្នកស្រី ពិសិដ្ឋ ពិលីកា គឺសុទ្ធតែក្លែងក្លាយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា វាមិនមែនជាភ័ស្តុតាងពិតទេ។ ការបង្ហាញអ៊ីចឹងខ្ញុំគិតថា គឺជាការចោទប្រកាន់ ហើយអង្គការមិនមែនរដ្ឋាភិបាលបានខិតខំធ្វើការយ៉ាងខ្លាំងក្នុងបញ្ហានេះ ដើម្បីទម្លាក់កំហុសលើលោក ហ៊ុន សែន ក្នុងគោលបំណងបង្ខូចកិត្តិយសរបស់លោកនាយករដ្ឋមន្ត្រីសម្រាប់គោលនយោបាយ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ”ពួកគេបានចំណាយពេលជាយូរមកហើយហើយពួកគេមិនដែលរកឃើញភ័ស្តុតាងទេ… ប្រសិនបើវាជាការពិត ពួកគេគួរតែយកឯកសាររបស់ខ្លួនទៅកាន់តុលាការ។ នេះមិនមែនជារឿងថ្មីទេ រឿងនេះវាមានជាយូរឆ្នាំមកហើយ។ ការចោទប្រកាន់នេះមិនអាចបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកនាយករដ្ឋមន្ត្រីបានទេ”។
ប៉ុន្តែការអះអាងនេះមានការបញ្ជាក់តតាំង។ នៅក្នុងកិច្ចសម្ភាសន៍កាលពីខែសីហា ឆ្នាំ២០០៦ ជាមួយទស្សនាវដ្តី L’Express លោក ហេងពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញដែលអបយសនិងកំពុងជាប់ពន្ធនាគារបន្ទាប់ពីបាត់បង់តំណែងនៅក្នុងការប្រជែងដណ្តើមអំណាចគ្នា បានលើកឡើងថា រឿងនេះជាការពិត។
លោក ហេង ពៅ ត្រូវបានគេដកស្រង់សម្តីមកថា ”ខ្ញុំត្រូវបានគេចាត់តាំងជានាយរងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឲ្យទទួលបន្ទុកផ្នែកសើុបអង្កេត។ ជាលទ្ធផលខ្ញុំបានរកឃើញថា អ្នកស្រីដំបូងឡើយមានទំនាក់ទំនងជាមួយលោក ហុក ឡងឌី ដែលណែនាំគាត់ទៅឲ្យលោក ហ៊ុន សែន”។
លោកបន្តថា ” ប៉ុន្តែ ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន បានដឹងរឿងសហាយស្មន់រវាងស្វាមីរបស់គាត់ និងតារាភាពយន្តរូបនេះ។ គាត់បានចោទប្រកាន់លោក ហុក ឡងឌី ថាជាមេអណ្តើក។ គាត់ [លោក ហុក ឡងឌី]បានទៅជួបលោកស្រីដើម្បីប្រាប់ថា នារីម្នាក់នេះស្លាប់ហើយ”។
អតីតស្នងការនគរបាលរូបនេះ បានបន្តទៀតថា “ខ្ញុំបានដឹងចេញពីការសើុបអង្កេតរបស់ខ្ញុំថា លោក ហុក ឡងឌី បានសន្យាបំបែក ពិសិដ្ឋ ពិលីកា ចេញពីហ៊ុន សែន”។
លោក ប៉ាង សុឃឿន ដែលជាម្ចាស់ទំព័រហ្វេសប៊ុក “ខ្មែរសុវណ្ណភូមិ” ជាទំព័រដែលគាំទ្រគណបក្សប្រឆាំង និងជាទំព័រមួយក្នុងចំណោមទំព័រហ្វេសប៊ុកជាច្រើនដែលបានបង្ហោះអត្ថបទពាក់ព័ន្ធនឹងអ្នកស្រី ពិសិដ្ឋពិលីកា ក្នុងពេលថ្មីៗនេះបានលើកឡើងកាលពីម្សិលមិញថា ខ្លួនជឿថា ការចងចាំនេះនឹងបង្កបញ្ហាដល់រដ្ឋាភិបាល។
លោកបាននិយាយនៅក្នុងសារតាមអីុនធឺណិតថា ”ឥឡូវនេះពលរដ្ឋមានទំនោរផ្តោតលើបញ្ហាប្រទេសជាតិ និងបញ្ហាយុត្តិធម៌សង្គមសម្រាប់ប្រយោជន៍ជាតិជាងរឿងផ្ទាល់ខ្លួន។ វាក៏មានការកត់សម្គាល់ផងដែរថា ក្មេងជំនាន់ក្រោយមួយចំនួនមិនដែលដឹងអំពីករណីនេះទេពីមុនមក ប៉ុន្តែ ឥឡូវនេះករណីនេះបានដឹងឮទូទាំងប្រទេសក្នុងចំណោមពួកគេ”។
លោក សុឃឿន បានបន្តថា “ពលរដ្ឋគិតថា ករណី ពិសិដ្ឋ ពិលីកា គឺជាបញ្ហានិទណ្ឌភាពសង្គម ដែលធ្វើឲ្យខូចប្រព័ន្ធតុលាការ និងសិទ្ធិមនុស្សក្នុងប្រទេស រីឯករណីរបស់លោក កឹម សុខា គឺដូចជាផែនការនយោបាយរបស់គូប្រជែងគណបក្សសង្គ្រោះជាតិ និងជាបញ្ហាផ្ទាល់ខ្លួនសុទ្ធសាធ” ៕ សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Michelle Vachon និង សេក ឧត្តម)