លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្របានយកទំព័រហ្វេសប៊ុកដើម្បីធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រើទឹកដោយសន្សំសំចៃនៅពេលមានគ្រោះរាំងស្ងួតខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ ហើយលោកបានពន្យល់ដែរថា រដ្ឋាភិបាលកំពុងដឹកទឹកចែកចាយឲ្យអ្នកដែលត្រូវការទឹកបំផុត។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា មានខេត្តយ៉ាងហោចណាស់ប្រាំបួនបានរងគ្រោះខ្លាំងដោយសាររលកកម្តៅ ដែលបានបណ្តាលឲ្យប្រភពទឹកជាច្រើនរីកស្ងួតយ៉ាងឆាប់រហ័ស។
លោកបានសរសេរថា “សូមបងប្អូនទាំងអស់ បន្ថយការប្រើប្រាស់ទឹកខ្ជះខ្ជាយ នៅពេលកំពុងប្រឈមការខ្វះខាតទឹក ហើយខ្ញុំសង្ឃឹមថា ជំនួយទឹកដែលអាជ្ញាធរកំពុងចែកចាយ នឹងជួយបំពេញសេចក្តីត្រូវការរបស់បងប្អូនទាំងអស់គ្នា”។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកបានអំពាវនាវដល់អាជ្ញាធរធ្វើយ៉ាងណាឲ្យទឹកបានទៅដល់សហគមន៍នានាដែលកំពុងត្រូវការ។
លោកបានសរសេរថា “ខ្ញុំបានស្នើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្តល់ប្រាក់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីទិញប្រេងសម្រាប់ការដឹកជញ្ជូនទឹកឲ្យប្រជាពលរដ្ឋប្រើ និងក្រសួងធនធានទឹកប្រើប្រាក់នោះដើម្បីបានទឹកពីប្រភពទឹកនានា”។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា គ្រោះរាំងស្ងួតបានបណ្តាលឲ្យមានការខ្វះខាតទឹកនៅ១៨ខេត្ត គឺខេត្តកំពង់ចាម កណ្តាល កំពង់ធំ ព្រៃវែង កំពង់ស្ពឺ ស្វាយរៀង ព្រះសីហនុ កំពត បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ សៀមរាប ព្រះវិហារ មណ្ឌលគិរី និង រតនគិរី។
នៅពេលដែលរដ្ឋាភិបាលកំពុងប្រមូលទិន្នន័យអំពីចំនួនមនុស្សដែលប៉ះពាល់ លោកបាននិយាយថា ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារកំពុងត្រូវការទឹកជាខ្លាំង។
លោកបាននិយាយថា “អាជ្ញាធរមូលដ្ឋានកំពុងដឹកទឹកពីប្រភពទឹកនៅទីផ្សេងដើម្បីផ្គត់ផ្គង់ដល់មនុស្សក្នុង១៣ខេត្ត ដែលកំពុងប្រឈមការខ្វះខាតទឹកខ្លាំងបំផុត”។
លោក កែវ វី បានបញ្ជាក់ថា គណៈកម្មាធិការនេះកំពុងចំណាយប្រាក់ដែលលៃទុកនៅពេលថ្មីៗ ដើម្បីទិញប្រេងនិងជីកអណ្តូងជ្រៅៗឲ្យប្រជាជនប្រើប្រាស់ ទោះជាយ៉ាងនេះក្តីលោកមិនបានដឹងថាទទួលបានប្រាក់ ឬចំណាយអស់ប្រាក់សរុបប៉ុន្មានទេ។
លោបាននិយាយថា ការរាំងស្ងួតនេះទំនងជាបន្តរហូតដល់ខែកក្កដា ហើយការដកស្ទូងស្រូវពន្យារពេលរហូតដល់ខែសីហា គឺមានន័យថា “កសិករនឹងប្រមូលផលបានតិចជាងឆ្នាំមុនៗ”។
លោក អ៊ំុ ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អាជ្ញាធរបានចាប់ផ្តើមដឹកទឹកទៅឲ្យគ្រួសារដែលខ្វះទឹកពីរសប្តាហ៍មកហើយ ប៉ុន្តែថា ស្ថានការណ៍កាន់តែលំបាក បន្ទាប់ពីកន្លែងស្តុកទឹកមង្គលបុរីបានរីងស្ងួតអស់កាលពីសប្តាហ៍មុន។
លោកបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋមួយចំនួនបានទិញទឹកពីអ្នកលក់ ពីព្រោះអាជ្ញាធររបស់យើងមិនអាចចែកចាយទឹកទៅដល់ផ្ទះរបស់គាត់”។
លោក ចែត ម៉ៅ កសិករនៅឃុំឫស្សីក្រោក ស្រុកមង្គលបុរី បានមានប្រសាសន៍ថា លោកមិនបានឃើញមានរថយន្តដឹកទឹករដ្ឋាភិបាលមួយគ្រឿងណាទេ តែគ្រួសាររបស់លោកផ្គត់ផ្គង់ទឹកដោយខ្លួនឯង។
លោកបានមានប្រសាសន៍ថា “គ្រួសាររបស់ខ្ញុំប្រឈមនឹងការលំបាកច្រើនណាស់ ដោយសារតែការខ្វះទឹក ជាពិសេសឥឡូវនេះខ្ញុំត្រូវតែទិញទឹក”។ លោកបានពន្យល់ថា ទឹក២.០០០លីត្រតម្លៃ៣៥.០០០រៀល។
ដើម្បីជួយសម្រាលគ្រោះរាំងស្ងួតក្នុងតំបន់នេះ ប្រទេសចិនបានបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនី ជីងហុង (Jinghong) ក្នុងខេត្តយូណាន ដែលការធ្វើបែបនេះទទួលបានការសរសើរពីរដ្ឋាភិបាលក្នុងតំបន់ ព្រោះបានផ្តល់ជំនួយដែលត្រូវការខ្លាំងដល់គ្រួសារដែលពឹងផ្អែកលើទន្លេនេះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បាននិយាយកាលពីសប្តាហ៍មុនថា ការបើកបង្ហូរទឹកដ៏ច្រើននេះនឹងជួយបួនយ៉ាង។
លោកបាននិយាយថា “ទី១ កម្រិតទឹកទាប ដែលធ្វើឲ្យសីតុណ្ហភាពទឹកឡើង ដែលបំផ្លាញត្រីនិងជីវចម្រុះ ដូច្នេះទឹកពីប្រទេសចិននឹងជួយសម្រាលបញ្ហានេះ”។
លោកបាននិយាយថា “ទី២ កសិករអាចប្រើទឹកនេះ។ ទី៣ តំបន់ដីសណ្តវៀតណាមកំពុងរងគ្រោះដោយទឹកសមុទ្រហូរចូលដោយសារតែជម្រៅនិងកម្ពស់ទឹកទន្លេទាប ដែលធ្វើឲ្យខូចជីវចម្រុះ។ ហើយទី៤ ដើម្បីជួយនាវាចរណ៍”។
យោងតាមលោក អេង ជាសាន ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ដែលបាននិយាយថា បឹងនេះមានជម្រៅតែ២០សង់ទីម៉ែត្រនោះ សីតុណ្ហភាពទឹកក្តៅគឺជាដើមហេតុនាំឲ្យត្រីងាប់៦៥តោននៅបឹងទន្លេឆ្មារ ក្នុងខេត្តកំពង់ធំកាលពីថ្ងៃសុក្រ។
លោក ម៉ែន ឈឿន ប្រធាននគរបាលការពារបេតិកភណ្ឌខេត្តសៀមរាបបាននិយាយថា ការស្លាប់ដំរីអាយុ៤៥ឆ្នាំ ដែលគេប្រើដឹកភ្ញៀវទេសចរនៅឧទ្យានអង្គរកាលពីព្រឹកថ្ងៃសុក្រ ក៏ដោយសារកម្តៅខ្លាំងនេះដែរ។ នៅពេលដែលមូលហេតុផ្សេងទៀតអាចជាដើមហេតុដែរនោះ លោកបាននិយាយថា សីតុណ្ហភាពឡើងដល់៤១អង្សានៅពេលដែលដំរីដួលស្លាប់នោះ។
លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំឭកប្រជាជនឲ្យមានការប្រយ័ត្នប្រយែងជាមុនទប់ទល់នឹងកម្តៅនេះ និងត្រូវធានាថា មានទឹកស្អាតផឹក។ លោកបាននិយាយថា កង្វល់មួយទៀតក្នុងពេលរដូវប្រាំងអូសបន្លាយពេលយូរនេះគឺការឆ្លងជំងឺ ដែលព្រួយបារម្ភបំផុតនោះគឺជំងឺអាសន្នរោគ ថ្វីបើរហូតមកដល់ពេលនេះមិនទាន់មានការរាយការណ៍អំពីករណីនេះក្តី។
លោកបាននិយាយថា “យើងបារម្ភអំពីជំងឺដែលមានភ្នាក់ងារចម្លង ដូចជាជំងឺគ្រុនឈាម និងជំងឺឆ្លងដោយសារទឹក ដូចជាជំងឺអាសន្នរោគនិងជំងឺចុះរាកជាដើម។ សូមហៅទូរស័ព្ទមកលេខ១១៥ដើម្បីរាយការណ៍អំពីករណីអាសន្នរោគដែលកើតឡើង”៕ និត