តុលាការខេត្តសៀមរាបបានចោទប្រកាន់លោក រឹម សំអុ៊ន នាយរងផ្នែករដ្ឋបាលជលផលពីបទពុករលួយកាលពីម្សិលមិញ ព្រោះការប្រមូលប្រាក់រាប់សែនដុល្លារជាសំណូកពីប្រជានេសាទ ជាថ្នូរនឹងការមិនអើពើនឹងការនេសាទខុសច្បាប់។
យោងតាមអង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងថា លោក រឹម សំអុ៊ន អាយុ៤៦ឆ្នាំ នាយរងផ្នែករដ្ឋបាលជលផលដំដែក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ។
លោក រៀម ចាន់មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បាននិយាយកាលពីម្សិលមិញថា “រឹម សំអុ៊ន ជាប់ចោទពីបទចាយវាយមូលនិធិរដ្ឋមិនត្រឹមត្រូវ ហើយលោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនគាត់នៅពន្ធនាគារ”។
លោកនិយាយថា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនករណីនេះទៅតុលាការ បន្ទាប់ពីមានការស៊ើបអង្កេតលោក សំអុ៊ន ក្រោយពីមានការតវ៉ាពីអ្នកនេសាទក្នុងមូលដ្ឋាន ហើយថា ការចោទប្រកាន់ទារសំណូកដោយនាយរងផ្នែករូបនេះមានតាំងពីឆ្នាំ២០១២។
ចៅក្រម សុវណ្ណរ័ត្ន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហោះសេចក្តីប្រកាសព័ត៌មានមួយទាក់ទិននឹងករណីនេះលើគេហទំព័ររបស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានមានខ្លឹមសារថា ”ផ្អែកលើភ័ស្តុតាងប្រមូលបាននៅពេលស៊ើបអង្កេត ACU បានសម្រេចចាប់ខ្លួន រឹម សំអុ៊ន នាយរងផ្នែករដ្ឋបាលជលផលដំដែក នៅខេត្តសៀមរាប នៅថ្ងៃទី២៦មេសា ហើយត្រូវបានបញ្ជូនខ្លួនទៅតុលាការខេត្តសៀមរាបនៅរសៀលថ្ងៃនោះ”។
“អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា រឹម សំអ៊ុន បានប្រព្រឹត្តអំពើពុករលួយ បទវីតិក្រមនៃក្រមព្រហ្មទណ្ឌ ដោយបានទាមទារនិងទទួលប្រាក់សរុបប្រមាណ៣៦៥.០០០ដុល្លារពីប្រជានេសាទ ដោយមិនបានបង្ក្រាបបទល្មើសជលផលដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន”។
សេចក្តីប្រកាសព័ត៌មាននេះមិនបានពន្យល់ថាភ័ស្តុតាងអ្វីដែលប្រមូលបានដាក់បន្ទុកលើលោក សំអ៊ុន នោះទេ ហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនអាចទាក់ទងបានទេ។ មន្ត្រីរដ្ឋបាលជលផលក៏មិនអាចទាក់ទងបានដែរ។
រដ្ឋបាលជលផលនេះរួមបញ្ចូលទាំងផ្នែកបឹងទន្លេសាបដែរ។ ក្រុមអ្នកជំនាញបានព្រមានអំពីការនេសាទហួសកម្រិតនៅទន្លេសាប ច្រើនឆ្នាំមកហើយ ទោះជាយ៉ាងនេះក្តី ការនេសាទខុសច្បាប់នៅតែកើតមានជាធម្មតា៕ និត