កាលពីថ្ងៃពុធ តុលាការក្រុងភ្នំពេញបានលុបចោលសំណើមួយទៀតពីពាណិជ្ជករអង់គ្លេសដែលជាប់រឿងក្តី គឺ លោក ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett) សុំឲ្យស៊ើបអង្កេតឡើងវិញនូវភ័ស្តុតាងទាំងអស់ដែលប្រមូលបានដោយលោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញអបយស ក្នុងរឿងក្តីឆបោកមួយ ដែលឃើញលោក ហ្វ្រីយ៉េត ជាប់ពន្ធនាគាររយៈពេលជាងបីឆ្នាំហើយ។
ក្នុងនីតិវិធីតុលាការបន្ត លោក ហ្វ្រីយ៉េត និងសហចុងចោទបួននាក់រងការចោទប្រកាន់ពីបទក្លែងឯកសារ ដើម្បីទទួលបានដីសម្រាប់ក្រុមហ៊ុនជីវឥន្ធនៈរបស់លោក គឺក្រុមហ៊ុន International Green Energy (IGE)។ លោក អាំង មាលតី ដែលបានដឹកនាំការស៊ើបអង្កេតដំបូងលើក្រុមហ៊ុន IGE នៅពេលធ្វើជាប្រធានតុលាការខេត្តបន្ទាយមានជ័យ ក្រោយមកបានក្លាយជាប្រធានតុលាការក្រុង មុនពេលត្រូវបានដកហូតតំណែងរបស់លោក និងជាប់ចោទពីបទពុករលួយកាលពីឆ្នាំមុន។
លោក ហ្វ្រីយ៉េត បានប្រាប់ព្រះរាជអាជ្ញា លី សុវណ្ណា ក្នុងសវនាការកាលពីថ្ងៃពុធថា “បំណងជារួមនៃការស្នើសុំឲ្យមានការស៊ើបអង្កេតភ័ស្តុតាងឡើងវិញគឺឲ្យអ្នកពិនិត្យឡើងវិញ ប្រសិនបើអ្នកមានឋានៈផ្លូវច្បាប់”។
ដោយបញ្ជាក់ថា ការពាក់ព័ន្ធដ៏អាក្រក់របស់លោក មាលតី ក្នុងរឿងក្តីនេះត្រូវបានចងក្រងឯកសារយ៉ាងច្បាស់ដោយអតីតអភិបាលខេត្តបន្ទាយមានជ័យ ក្រុមមន្ត្រី និងក្នុងរបាយការណ៍ក្រសួងមហាផ្ទៃនោះ លោកបានជំរុញឲ្យព្រះរាជអាជ្ញារូបនេះដកខ្លួនចេញពីការប្រើភ័ស្តុតាងនោះ ហើយចាប់ផ្តើមជាថ្មី។
លោកបានក្រើនរំឭកលោក សុវណ្ណា ថា “កុំទុកចិត្តលើ អាំង មាលតី បើពុំនោះទេ លោកអាចជាប់ [ពន្ធនាគារ] ជាមួយគាត់”។
ចៅក្រម ជួន សុខរាសី បានបដិសេធសំណើរបស់លោក ហ្វ្រីយ៉េត ដោយបានលើកឡើងថា ការស្នើស្រដៀងគ្នានេះត្រូវបានបដិសេធចោលពីមុនរួចហើយ និងបានបញ្ជាក់ថា សកម្មភាពបែបនេះនឹងគ្រាន់តែធ្វើឲ្យយឺតដល់នីតិវិធីប៉ុណ្ណោះ។
ជំហានយឺតយ៉ាវនៃរឿងក្តីនេះបានធ្វើឲ្យចុងចោទជាប់ឃុំដោយគ្មានការកាត់ទោសរយៈពេលរវាង៣៨ទៅ៤០ខែមកហើយ។
លោកបាននិយាយថា “ការជំទាស់ណាមួយដែលបណ្តាលឲ្យមានការរអាក់រអួលនីតិវិធី តុលាការមិនអាចទទួលបានទេ។ ផ្អែកលើមូលហេតុនិងការយល់ដឹងនៃក្រមព្រហ្មទណ្ឌ តុលាការបានសម្រេចបដិសេធសំណើរបស់លោក ហ្គ្រេក ថូម៉ាស ហ្វ្រីយ៉េត”។
នៅពេលរសៀល ការសាកសួរបានបង្វែរទៅលើការក្លែងផែនទីដោយក្រុមហ៊ុន IGE ទាក់ទិននឹងសម្បទានដីសេដ្ឋកិច្ចក្នុងខេត្តបន្ទាយមានជ័យ និងកសិដ្ឋានមួយក្នុងខេត្តបាត់ដំបង ដែលទីតាំងទាំងពីរត្រូវបម្រុងទុកប្រើធ្វើជីវឥន្ធនៈ។
សេចក្តីថ្លែងការណ៍ចុះហត្ថលេខាបីឆ្នាំមកហើយពីលោក ហ្វ្រីយ៉េត នាយកក្រុមហ៊ុន IGE គឺលោក អ៊ុំ សំអាង និងបុគ្គលិកក្រុមហ៊ុនម្នាក់ឈ្មោះ ប៉ូច គង្គា ទទួលយកដោយលោក មាលតី នៅឆ្នាំ២០១៣ ក៏ត្រូវបានអានទាំងស្រុងនៅមុខតុលាការដែរ។
ក្នុងសេចក្តីថ្លែងការណ៍របស់លោក លោក សំអាង បាននិយាយថា លោកបានប្រាប់អ្នកស្រី គង្គា ឲ្យកែប្រែផែនទីនៃសម្បទានដី៥.០៧៩ហិកតា។ លោក សំអាង បានថ្លែងថា លោកបានធ្វើតាមសំណើរបស់លោក ហ្វ្រីយ៉េត។
និយាយនៅក្រៅតុលាការ លោក ហ្វ្រីយ៉េត បានច្រានចោលការអះអាងក្នុងឯកសារនោះថាជា “ការលេងពាក្យ” ដោយចេតនារបស់លោក មាលតី។
លោកបាននិយាយថា “មិនមានអ្វីដែលគួរឲ្យភ័យខ្លាចជាពិសេសនោះទេ។ មិនមានអ្វីដែលធ្វើឲ្យខ្ញុំព្រួយបារម្ភនោះទេ។ វាស្រេចទៅលើការបកស្រាយប៉ុណ្ណោះ”៕ និត