សម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ការសន្យាគឺត្រូវចាត់តាំងស្ត្រីម្នាក់ឲ្យធ្វើជាអភិបាលសម្រាប់ខេត្តមួយក្នុងចំណោមខេត្តទាំង២៥ នៅទូទាំងប្រទេស។ សម្រាប់គណបក្សសង្គ្រោះជាតិវិញ ការអួតអាងរបស់ខ្លួន គឺដាក់ឲ្យមានបេក្ខជនជាស្ត្រីចំនួន៦០រូប ឈរឈ្មោះជាមេឃុំ ចៅសង្កាត់ នៅក្នុងឃុំសង្កាត់ចំនួន១.៦៤៦ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំនេះ ពោលគឺកើនឡើងពីបេក្ខជនមិនដល់១០នាក់ផង។
ទោះបីជាសំណើរបស់គណបក្សទាំងពីរស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយក្នុងការធ្វើឲ្យគណបក្សរបស់ខ្លួនក្លាយជាគណបក្សមានសមភាពយេនឌ័រក៏ដោយ តែគណបក្សទាំងពីរនេះបានយកឱកាសប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញមកប្រកួតប្រជែងគ្នាដើម្បីបង្ហាញថា ខ្លួនជាគណបក្សដែលដាក់បេក្ខភាពជាស្ត្រីឲ្យចូលរួមកាន់តែច្រើន។
ពេលថ្លែងនៅក្នុងពិធីមួយនៅកោះពេជ្រ លោក ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលរបស់លោកកំពុងរៀបចំចាត់តាំងឲ្យមានស្ត្រីយ៉ាងតិចម្នាក់ធ្វើជាអភិបាលខេត្ត ហើយបង្កើនចំនួនមេបញ្ជាជាស្ត្រី ក្នុងជួរយោធា។
លោកបានក្រើនរំឭកដលអ្នកចូលរួមថា រដ្ឋាភិបាលមានគោលនយោបាយរួចហើយនៅក្នុងការបញ្ចូលស្ត្រីឲ្យបានកាន់តែច្រើននៅក្នុងឆាកនយោបាយ ហើយស្ត្រីទូទាំងប្រទេសត្រូវបានតែងតាំងរួចហើយជាអភិបាលរងខេត្ត និងអភិបាលស្រុក ខណ្ឌ ។
លោកបានមានប្រសាសន៍ថា “ក៏ប៉ុន្តែ បញ្ហា របស់យើងនៅត្រង់ថា ២៥រាជធានីខេត្តមិនទាន់មានអភិបាលខេត្ត ឬអភិបាលរាជធានីជាស្ត្រីនោះទេ”។
បន្ទាប់ពីបានពិភាក្សាអំពីបញ្ហានេះជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួច ថ្នាក់ដឹកនាំកំពូលទាំងពីរបានឯកភាពចាត់តាំងស្ត្រីយ៉ាងតិចម្នាក់ឲ្យធ្វើជាអភិបាលខេត្ត។
លោក ហ៊ុន សែន បានថ្លែងថា “នៅពេលវេលាកន្លែងណាមួយមានអភិបាលខេត្តចូលនិវត្តន៍ ឬក៏មានការផ្លាស់ប្តូរណាមួយគឺអាចដាក់ស្ត្រីម្នាក់ឲ្យមើលក្នុងចំណោម២៥ ទុកតែ២៤បានហើយសម្រាប់បុរស យក១សម្រាប់ស្ត្រី ហើយបើបានពីរកាន់តែល្អ”។
លោកនាយករដ្ឋមន្ត្រីក៏បានសន្យាចាត់តាំងស្ត្រីឲ្យធ្វើជាមេបញ្ជាការកងទ័ព និងមេបញ្ជាការកងរាជអាវុធហត្ថឲ្យបានកាន់តែច្រើនផងដែរ។
លោកបានលើកឡើងថា “យើងមានហើយឋានៈជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាស្ត្រី ក៏ប៉ុន្តែ ឥឡូវខ្ញុំចង់និយាយទៅដល់បន្ថែមទៀតឲ្យទៅជ្រៅលើសពីនេះនៅត្រង់ថា នៅក្នុងចំណោមអគ្គបញ្ជាការរងកងទ័ព កងយោធពលខេមរភូមិន្ទ គួរតែត្រូវមានស្ត្រីម្នាក់យ៉ាងតិចឲ្យធ្វើអគ្គបញ្ជាការរងកងទ័ព”។
លោកបានបន្ថែមថា “ប៉ុន្តែ ការអំពាវនាវត្រឡប់បកមកវិញ សូមឲ្យស្ត្រីទាំងឡាយបង្កើននូវសមត្ថភាពខ្លួនឯងផងដែរ”។
លោក ហ៊ុន សែន បានលើកឡើងទៀតថា អភិបាលខេត្តជាស្ត្រីចុងក្រោយនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បង្ហាញថា ស្ត្រីត្រូវបានតែងតាំងឲ្យកាន់តំណែងនេះ។
នៅក្នុងជួរគណៈរដ្ឋមន្ត្រី មានស្ត្រីក្នុងចំនួនតិចតួចដែលទទួលបានឋានៈខ្ពស់ នោះគឺលោកស្រី អឹុង កន្ថាផាវី ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ និងលោកស្រី ម៉ែន សំអន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ លោកស្រី ឡាក់ អូន ដែលជាអតីតអភិបាខេត្ត បច្ចុប្បន្នគឺជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
នៅឯសាលមួយក្នុងខណ្ឌមានជ័យមន្ត្រីគណបក្សប្រឆាំងបានអួតអាងអំពីការវិវឌ្ឍនៃតំណែងជាន់ខ្ពស់របស់ខ្លួនក្នុងការផ្តល់សិទ្ធិអំណាចឲ្យស្ត្រី និងបានចាក់វីដេអូខ្លីមួយដែលបន្ទោសសាលារាជធានីចំពោះការស្លាប់របស់ ប៉ែន គន្ធា ស្ត្រីរកស៊ីផ្លូវភេទម្នាក់ដែលបានស្លាប់ពេលព្យាយាមរត់គេចពីសន្តិសុខខណ្ឌដូនពេញដែលល្បីខាងប្រើអំពើហិង្សាកាលពីខែមករា។
ដោយលេចឡើងនៅក្នុងវីដេអូដែលគេបានថតទុកនោះលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលបានលាលែងពីតំណែងកាលពីខែមុន ប៉ុន្តែ នៅតែជាថ្នាក់ដឹកនាំដ៏សំខាន់នោះបានលើកឡើងថា គណបក្សនេះបានដាក់ស្ត្រីចំនួន៦០រូបឲ្យឈរឈ្មោះជាមេឃុំ និងចៅសង្កាត់សម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ពោលគឺបានកើនឡើងពីចំនួនមិនដល់១០នាក់នៅក្នុងឆ្នាំ២០១២។
លោកបានលើកឡើងថា លោកសង្ឃឹមថា បេក្ខជនគណបក្សសង្គ្រោះជាតិជាស្ត្រីយ៉ាងតិច៥០០រូបនឹងត្រូវបានជ្រើសរើសជាមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬសមាជិកក្រុមប្រឹក្សា។មានអាសនៈចំនួន១១.៥៧២ សម្រាប់ការប្រកួតប្រជែងយក។
លោក កឹម សុខា ដែលជាអនុប្រធានគណ បក្សនេះប៉ុន្តែបានជំនួសតំណែងលោក សម រង្ស៊ី ជាប្រធានគណបក្ស អំឡុងសមាជបក្សកាលពីសប្តាហ៍មុននោះ បានលើកឡើងថា ការតែងតាំងលោកស្រី មូរ សុខហួរ មន្ត្រីជាន់ខ្ពស់ ទៅជាអនុប្រធានគណបក្សអំឡុងសមាជបក្សដដែលនោះ បង្ហាញឲ្យឃើញថា គណបក្សសង្គ្រោះជាតិគឺជាគណបក្សដែលមានសមភាពយេនឌ័រកាន់តែខ្លាំងជាងមុន។
លោកបានមានប្រសាសន៍ថា “បើប្រៀបធៀបនឹងគណបក្សនយោបាយជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាកម្រមានគណបក្សណាដែលថា ខ្លួនផ្តល់សិទ្ធិអំណាចដល់ស្ត្រីនោះ បានផ្តល់តួនាទីថ្នាក់ដឹកនាំកំពូលដល់ស្ត្រីដែលជាតួនាទីដ៏សំខាន់ ដូចគណបក្សសង្គ្រោះជាតិនោះឡើយ”។
លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រនិងអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា រដ្ឋាភិបាលបានបង្កើនចំនួនស្ត្រីក្នុងឆាកនយោបាយជាលំដាប់តាមការសន្យា។ដោយសំដៅដល់ភាគរយនៃស្ត្រីដែលត្រូវបានជ្រើសរើសជាមន្ត្រីឃុំសង្កាត់នោះលោកស្រីបានមានប្រសាសន៍ថា លោក ហ៊ុន សែន “បានមានប្រសាសន៍មុនការបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០០៧ថា លោកចង់ឃើញមានស្ត្រីចូលរួមកាន់តែច្រើន ហើយបន្ទាប់មកវាបានកើនឡើងពី៨ភាគរយដល់១៥ភាគរយ”។ លោកស្រីបានលើកឡើងទៀតថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១២ តំណាងជាស្ត្រីបានកើនឡើងម្តងទៀតរហូតដល់១៨ភាគរយ។លោកស្រីបន្ថែមទៀតថា ប៉ុន្តែស្ថិតិពិតប្រាកដនៃតំណាងជាស្ត្រីនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារខ្វះគោលនយោ បាយដែលឆ្លុះបញ្ចាំងពីសេចក្តី ត្រូវការរបស់ស្ត្រី។
លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា ស្ត្រីត្រូវការផ្តោតបន្ថែមទៀតនៅក្នុងវិស័យ នានា ដូចជាវិស័យសុខាភិបាល ការប្រើអំពើហិង្សាលើស្ត្រីភេទ និងការរំលោភបំពានផ្លូវភេទ វិស័យអប់រំ និងការផ្តល់ការងារ ជាដើម។
លោកស្រីបានបន្ថែមទៀតថា គួរតែមានការតែងតាំងស្ត្រីឲ្យធ្វើជាអភិបាលខេត្តឲ្យបានច្រើន “មិនមែនតែម្នាក់ ឬពីរនាក់”នោះទេ។ លោកស្រីបានថ្លែងថា “យើងមាន២៥ខេត្ត។ ខ្ញុំគិតថា ស្ត្រីយ៉ាងតិច១០នាក់គួរតែទទួលបានតំណែងជាអភិបាលខេត្ត”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Hannah Hawkins)