The Cambodia Daily Khmer

កញ្ចក់​​​រថយន្ត​​​ត្រូវ​​​បាន​​​ជន​​​អនាមិក​​​គប់​​​បែក​​​ បន្ទាប់​​​ពី​​​ដាក់ក្រុម​​​​​​ព្រះសង្ឃ​​ជា​​​​សកម្មជន​​​ចុះអស់​​​

ដុំថ្មធំមួយដុំបានទម្លុះទ្វារកញ្ចក់រថយន្តដែលទើបតែបានដាក់សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមចុះអស់នៅក្នុងខេត្តកណ្តាលកាលពីយប់ថ្ងៃអង្គារ នេះបើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាកាលពីម្សិលមិញ។

សកម្មជនព្រះសង្ឃជាអ្នករិះគន់រដ្ឋាភិបាលដ៏លេចធ្លោដែលកាលពីពេលថ្មីបានសំដែងការបារម្ភចំពោះសុវត្ថិភាពរបស់ព្រះអង្គនោះបានមានសង្ឃដីកាថា ដំុថ្មមួយដុំត្រូវគេគប់ចេញពីទីងងឹតក្នុងស្រុកកៀនស្វាយ ខណៈដែលរថយន្តបើកបរយ៉ាងលឿនឆ្ពោះមកកាន់រាជធានីភ្នំពេញ។

ព្រះតេជគុណមានសង្ឃដីកាថា “រថយន្តបើកក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង ស្រាប់តែពេលនោះមានដុំថ្មមួយដុំត្រូវគេគប់ចេញមក ហើយអ្នកបើកបរបានបង្កើនល្បឿន ដូច្នេះយើងមិនអាចកំណត់ពីអ្វីបានឡើយ”។ ព្រះអង្គបន្តថា អ្នកបើកបរគឺជាមនុស្ស តែម្នាក់គត់ក្នុងរថយន្ត បន្ទាប់ពីដឹកព្រះសង្ឃ៧អង្គមកពីខេត្តកំពង់ឆ្នាំង មិនបានរងរបួសទេ។

ព្រះេតជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា ព្រះអង្គសង្ស័យថា ជនមិនស្គាល់អត្តសញ្ញាណបានផ្តោតគោលដៅលើរថយន្តនេះ ដោយគិតថា ព្រះអង្គ និងសមាជិកបណ្តាញរបស់ព្រះអង្គនៅក្នុងរថយន្តនោះ។

ព្រះអង្គបានបន្ថែមថា “កាលពីពេលព្រឹកគេឃើញព្រះសង្ឃ៧អង្គគង់ក្នុងរថយន្តនោះ ដូច្នេះប្រហែលជាគេគិតថា អាត្មា ឬក្រុមរបស់អាត្មានៅក្នុងរថយន្តនោះដែរ។ រឿងនេះបានកើតឡើងដោយមានចេតនា”។

ព្រះអង្គបានបន្តថា ព្រះអង្គតែងតែផ្លាស់ប្តូររថយន្តនៅពេលព្រះអង្គនិមន្តដោយបារម្ភ ពីសុវត្ថិភាព។ ព្រះតេជគុណមានសង្ឃដីកាថា “មានមនុស្សតាមរថយន្តអាត្មា។នៅពេលអាត្មាសួរថា ‘ហេតុអ្វីបានជាតាមអាត្មា’? គេនិយាយថា គេមកទីនេះដើម្បីការពារអាត្មា មិនមែនមកបង្កបញ្ហាដល់អាត្មាទេ ប៉ុន្តែ កាលពីយប់ម្សិលមិញ បញ្ហានេះបានកើតឡើង។ ម្តេ៉ចក៏មិនមានការការពារ?”។

ព្រះអង្គមានសង្ឃដីកាថា ព្រះអង្គមិនបានដាក់ពាក្យបណ្តឹងទៅនគរបាលទេ ពីព្រោះ ព្រះអង្គគ្មានជំនឿលើអាជ្ញាធរ។

ព្រះអង្គបន្តថា “អាត្មាមិនជឿលើអាជ្ញាធរទេ ពីព្រោះអាជ្ញាធរតាមដានអាត្មារហូត។ វាគ្មានប្រយោជន៍ទេក្នុងការដាក់ពាក្យបណ្តឹង។ វាខាតតែពេល និងក្រដាស ទេ។

លោក ប៉ា សំអិត អធិការនគរបាលស្រុកបានមានប្រសាសន៍ថា បើមានការដាក់ពាក្យបណ្តឹង នគរបាលនឹងធ្វើការស៊ើបអង្កេត។ លោកបានសួរថា “គ្រប់បទល្មើសទាំងអស់យើងត្រូវតែចាត់វិធានការ ប៉ុន្តែ បើព្រះអង្គមិនដាក់ពាក្យបណ្តឹង តើឲ្យយើងសើុបអង្កេតដូចម្តេច?”៕ សារុន (រាយការណ៍បន្ថែមដោយ សេក ឧត្តម)

Exit mobile version