រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោកជា សុផារ៉ា អះអាងថា ការវិនិយោគទនក្នុងវិស័យវិស័យសំណង់ និងអចលទ្រព្យនៅកម្ពុជាមានកំណើនរហូតទៅដល់ជិត៦ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨។
ការអះអាងរបស់លោកជា សុផារ៉ាធ្វើឡើងនៅក្នុងពិធីជប់លៀង ពិសាអាហារអបអរសាទរមហាសន្និបាតលើទី២របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាកាលពីម្សិលមិញក្នុងទីក្រុងភ្នំពេញ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងដែនដី នគរូបនីយកម្មរូបនេះ អះអាងថា ក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់មានចំនួនជិត១ពាន់ និងមានក្រុមហ៊ុនដែលកំពុងសិក្សាគម្រោងប្លង់មានចំនួនជាង៤០ក្រុមហ៊ុន។
លោកបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណអភិវឌ្ឍន៍បុរី និងអគារស្នាក់នៅមានចំនួនជិត២រយក្រុមហ៊ុន ហើយមានក្រុមហ៊ុនជាច្រើនទៀត។
ប៉ុន្តែនាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សដែលហៅកាត់ថា សង់ត្រាល់លោកមឿន តុលាបានប្រាប់សារព័ត៌មានThe Cambodia Dailyកាលពីថ្ងៃទី១០ខែមករាថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងអាចធ្លាក់ចុះយ៉ាងគំហុក ប្រសិនបើសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា ដោយសាររបបលោកហ៊ុន សែន មិនព្រមស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញទេនោះ៕