អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសកាលពីថ្ងៃអាទិត្យបានប្រកាសជាថ្មីទៀតនៅលើគណនីហ្វេសប៊ុករបស់លោកអំពីគម្រោងវិលចូលស្រុកខ្មែរវិញនៅឆ្នាំ២០១៩នេះ ដើម្បីដឹកនាំកម្លាំងមហាជនចាប់លោកហ៊ុន សែនទៅផ្តន្ទាទោសពីបទក្បត់ជាតិឲ្យខាងតែបាន។
ក្នុងពិធីជួបជុំជាមួយសមាជិក និងអ្នកគាំទ្រខ្លះនៅសហរដ្ឋអាមេរិក កាលពីម្សិលមិញ លោកសម រង្ស៊ី អះអាងថា លោកនឹងវិលចូលស្រុកឱ្យខាងតែបាន ហើយនឹងរួមដៃជាប្រជារាស្ត្រ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីរំដោះប្រទេសកម្ពុជាពីកណ្តាប់ដៃលោកហ៊ុន សែននិងក្រុមគ្រួសាររបស់លោកវិញ ព្រោះកម្ពុជាមិនមែនជាកម្មសិទ្ធិរបស់លោកហ៊ុន សែនដាច់ថ្លៃនោះឡើយ។
អតីតមេបក្សប្រឆាំងរូបនេះគំរាមថា ការវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ មិនមែនមកដើម្បីឱ្យរបបលោកហ៊ុន សែន ចាប់ខ្លួនលោកនោះទេ ប៉ុន្តែលោកនឹងដឹកនាំកម្លាំងចាប់លោកហ៊ុន សែន តែម្តង។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសានបានប្រាប់សារព័ត៌មានThe Cambodia Dailyនៅមុនការផ្សាយនេះបន្តិចថា ការអះអាងរបស់លោកសមរង្ស៊ីគួរឲ្យអស់សំណើចជាខ្លាំង និងជាសម្តីមួយដូចការគោះធុងឲ្យឮតែសំឡេងប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើលោកសមរង្ស៊ីដឹងច្បាស់ថា មានក្រុមកងទ័ពគាំទ្រលោកយ៉ាងសន្ធឹកសន្ធាប់ដូច្នេះនោះ លោកសមរង្ស៊ីគួរតែមានភាពក្លាហានចូលស្រុកឲ្យបានឆាប់បន្តិចទៅ។
កាលពីចុងខែមករា ក្រុមកងទ័ពស្ម័គ្រស្លាប់របស់លោកហ៊ុន សែនជាច្រើនក្រុមបានប្រកាសដាច់ណាត់ទៅហើយថា នឹងកម្ចេចលោកសម រង្ស៊ីព្រមទាំងអ្នកគាំទ្ររបស់លោកប្រសិនបើអតីតមេបក្សប្រឆាំងរូបនេះ ហ៊ានចូលស្រុកខ្មែរវិញមែននោះ។ លោកហ៊ុន សែនបានគំរាមម្តងហើយម្តងទៀតថា លោកសម រង្ស៊ីហ៊ានចូលស្រុកពេលណា ជាប់គុកពេលនោះ ហើយវៃខ្នោះតាមស្ទាយ (style) អាមេរិកាំងថែមទៀត៕