The Cambodia Daily Khmer

លោក កឹម សុខា អំពាវនាវដល់ប្រទេសជាមិត្តបន្តជួយកម្ពុជា

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានអំពាវនាវឱ្យ                   បណ្តាប្រទេសជាតិមិត្តកម្ពុជាបន្តជួយកម្ពុជាលើគ្រប់វិស័យ ពិសេសក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ១៩នេះ។

លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទនេះ ក្នុងការអរគុណដល់ប្រទេសជាមិត្ត ដែលបានជួយដល់កម្ពុជាដោយ សុទ្ធចិត្តក្នុងពេលកន្លងមក និងបច្ចុប្បន្ន ស្របតាមគុណតម្លៃនៃមនុស្សជាតិ។

ជាមួយគ្នានេះ លោកអំពាវនាវដល់ប្រទេសជាមិត្តរបស់កម្ពុជា សូមបន្តជួយដល់កម្ពុជា លើវិស័យនានា ជាពិសេសបញ្ហាដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរាលដាលក្នុងពិភពលោក និងពីផលវិបាកលើវិស័យសេដ្ឋកិច្ច និងសង្គម នៅពេលអនាគត ដែលចាំបាច់តម្រូវឲ្យមានការរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ក្រៅពីការអំពាវនាវឱ្យបណ្តាប្រទេសជាមិត្តជួយដល់កម្ពុជា លោក កឹម សុខា ក៏បានលើកឡើងថាជាទូទៅប្រទេស ឬអ្នកទាំងឡាយណា ដែលស្គាល់នូវតម្លៃពិតរបស់មនុស្ស គេធ្វើការវាយតម្លៃដោយផ្អែកលើ ”គុណតម្លៃ” ដែលមិនអាស្រ័យទៅលើ តែមុខដំណែង គោរម្យងារ ឬទ្រព្យសម្បត្តិ ដែលជាសម្បកក្រៅនោះទេ។ លោកបន្តថា “តម្លៃដែលគ្មានគុណតម្លៃ មិនមែនជាតម្លៃពិតឡើយ”។

ជាងនេះទៅទៀតលោកក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋខ្មែរ និងឥស្សរជន ក៏ដូចជាអង្គទូត តំណាងប្រទេសប្រជាធិបតេយ្យជឿនលឿននានា ដែលបានទទួលស្គាល់នូវ គុណតម្លៃ របស់លោក ដោយផ្តល់ឱកាសឲ្យលោក ទទួលស្វាគមន៍ ជួបសួរសុខទុក្ខ សន្ទនាគ្នា ប្រកបដោយកិត្តិយស ទោះបីលោកកំពុងស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។

លោក កឹម សុខា ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី ៣កញ្ញា ឆ្នាំ២០១៧ ហើយបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាមក្នុងខេត្តត្បូងឃ្មុំ។

អស់រយៈពេលប្រមាណ១ឆ្នាំ លោក កឹម សុខា ត្រូវបានអាជ្ញាធរបញ្ជូន  មកឃុំខ្លួននៅផ្ទះរបស់លោកនៅទីក្រុងភ្នំពេញ អស់រយៈពេលប្រមាណ១ឆ្នាំទៀត ទើបតុលាការបានសម្រេចប្តូរលក្ខខណ្ឌនៃការឃុំខ្លួនលោក ដោយផ្តល់នូវសេរីភាពច្រើនជាងមុន ប៉ុន្តែលោកត្រូវបានតុលាការហាមមិនឱ្យធ្វើសកម្មភាពនយោបាយ និងចេញទៅក្រៅប្រទេសនោះឡើយ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានអះអាងជាមុនតុលាការទៅហើយ ថាករណីប្រធានគណបក្សប្រឆាំងរូបនេះនឹងត្រូវបានកាត់ទោស ព្រោះទោសកំហុងរបស់លោកជារឿងក្បត់ជាតិ មិនអាចរួចខ្លួនបានឡើយ។

យ៉ាងនេះក្តី ទាំងសហគមន៍ជាតិ និងអន្តរជាតិ បានហៅការចាប់ខ្លួន ឃុំខ្លួន និងមិនព្រមទម្លាក់ចោលសំណុំរឿងលោកកឹម សុខា នេះ ថាជារឿងអយុត្តិធម៌ ជារឿងប្រឌិត និងគ្មានភស្តុតាងអ្វីទាំងអស់៕ 

Exit mobile version