The Cambodia Daily Khmer

រដ្ឋាភិបាលបន្តកាត់ផ្ទៃបឹងតាមោក ដែលជាបឹងធំចុងក្រោយនៅភ្នំពេញ ទៅឲ្យក្រុមហ៊ុនឯកជនក្រោមស្លាកអភិវឌ្ឍន៍

រដ្ឋាភិបាលលោកហ៊ុន សែន បានបន្តកាត់ផ្ទៃបឹងតាមោកឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធម្មជាតិចុងក្រោយគេនៅរាជធានីភ្នំពេញ ឱ្យទៅ  វិស័យឯកជន និងរដ្ឋក្រោមស្លាកនៃការអភិវឌ្ឍន៍។

អនុក្រឹត្យរបស់រដ្ឋាភិបាលកាលពីថ្ងៃទី ២២មិថុនាថ្មីៗនេះ បង្ហាញថា ផ្ទៃដីបឹងតាមោគទំហំជិត៣០០ហិកតា ត្រូវបានរដ្ឋាភិបាលដែលមានការឯកភាពពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រេចកាត់ប្រគល់ទៅឱ្យក្រសួងការពារជាតិ។

ការសម្រេចនេះ ធ្វើឡើងទៅតាមការស្នើឡើងរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដោយ អនុក្រឹត្យនេះនឹងកាត់ផ្ទៃបឹងតាមោកជិត៣០០ហិកតានោះ នឹងរៀបចំទៅជាអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងប្រើប្រាស់ជាទីកន្លែងដឹកនាំបញ្ជាយុទ្ធសាស្ត្រយូរអង្វែង។

បើតាមអនុក្រឹត្យជាបន្តបន្ទាប់របស់រដ្ឋាភិបាលឱ្យដឹងថា ផ្ទៃបឹងតាមោកនេះ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន សម្រេចកាត់ប្រគល់ទៅឱ្យវិស័យឯកជននិងរដ្ឋ ក្រោមស្លាកអភិវឌ្ឍ ចំនួន៤លើករួចមកហើយ ចាប់តាំងពីចុងឆ្នាំ២០១៨មក ដោយសរុបជាទំហំកាត់ផ្ទៃបឹងមានចំនួនជាង៥រយហិកតា។ បឹងតាមោក ឬបឹងទំនប់កប់ស្រូវ មានទំហំជាង ៣ពាន់២រយហិកតា ដែលត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន ខ្លួនឯងកំណត់នៅក្នុងអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដាក់ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សមាគមធាងត្នោត បានចេញផ្សាយនូវរបាយការណ៍ស្រាវជ្រាវមួយដោយបង្ហាញថា បឹងធម្មជាតិទាំង២៦នៅរាជធានីភ្នំពេញ សុទ្ធតែត្រូវបានចាក់ដីលុប ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ។

សមាគមធាងត្នោត មើលឃើញថា ការលុបបឹងនេះ ធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន បង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការគំរាមកំហែង រួមទាំងបាត់បង់លំនៅដ្ឋាន ហើយបឹងធម្មជាតិធំជាងគេ និងចុងក្រោយគេ កំពុងប្រឈមនឹងការបាត់បង់នៅពេលខាងមុខ ក្រោមស្លាកអភិវឌ្ឍ និងក្រោមស្នាដៃដឹកនាំរបស់លោកហ៊ុន សែន៕

Exit mobile version