ក្រុមយុវជន សង្គមស៊ីវិល និងសហគមន៍ អំពាវនាវឱ្យដកសិទ្ធិអភិឌ្ឈន៍ កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត (S.E.Z Co.LTD) របស់លោកឧកញ៉ា លី យ៉ុងផាត់ និងដាក់តំបន់កោះកុងក្រៅទាំងមូលជាតំបន់អភិរក្សធនធានធម្មជាតិឡើងវិញ។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមយុវជន សង្គមស៊ីវិលនិងសហគមន៍ ជិត១រយ នៅថ្ងៃនេះបាន លើកឡើងពីក្តីបារម្ភរបស់ពួកគេថា នៅពេលកោះកុងក្រៅប្រគល់សិទ្ធិវិនិយោគឱ្យទៅក្រុមហ៊ុនឯកជន ពិសេសផ្តល់ឱ្យឧកញ៉ាលី យ៉ុងផាត់ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ព្រមទាំងមិនផ្តល់ប្រយោជន៍ជូនពលរដ្ឋបានច្រើននោះឡើយ។បញ្ហានេះ ពួកគេស្នើឱ្យរដ្ឋាភិបាលដកហូតសិទ្ធិវិនិយោគកោះកុងក្រៅពីក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត (S.E.Z) ហើយរក្សាតំបន់នេះទាំងមូលជាតំបន់ការពារដោយច្បាប់ ឬឧទ្យានជាតិសមុទ្រ ដែលដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ដើម្បីធានាថាកោះមួយនេះមិនត្រូវបានបំផ្លាញ។
លើសពីនេះ ដើម្បីរក្សាបាននូវសភាពដើមទាំងស្រុងសម្រាប់ទុកជាតំបន់ទេសចរណ៍ធម្មជាតិ ជាកន្លែងបែបផ្សងព្រេង សម្រាប់ការសិក្សាស្រាវជ្រាវជីវៈចម្រុះ និងជាកេរ្តិ៍ដំណែលសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់។
ការស្នើនេះ បន្ទាប់ពីរដ្ឋាភិបាលដែល ចុះហត្ថលេខាដោយលោក ហ៊ុន សែន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានបង្កើតគណៈកម្មការត្រួតពិនិត្យ ការអភិវឌ្ឍន៍នៅកោះកុងក្រៅ ស្ថិតក្នុងខេត្តកោះកុង ដែលមានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធាន និងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន ព្រមទាំងសមាជិកចំនួន៨រូបផ្សេងទៀត។
បើតាមសេចក្ដីសម្រេចនោះ គណៈកម្មការខាងលើ មានភារកិច្ចត្រួតពិនិត្យ លើគម្រោងអភិវឌ្ឍន៍កោះកុងក្រៅទាំងមូល របស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី (S.E.Z) របស់ឧកញ៉ាលី យ៉ុងផាត់ ដែលរដ្ឋាភិបាលប្រគល់ជូន ឲ្យអភិវឌ្ឍន៍ តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។
មុនពេលរដ្ឋាភិបាលសម្រេចប្រគល់សិទ្ធិវិនិយោគកោះកុងក្រៅឱ្យក្រុមហ៊ុនឯកជន ក្រសួងបរិស្ថានអះអាងថា តំបន់កោះកុងក្រៅនេះ ត្រូវបានមន្ត្រីជំនាញសិក្សាតាំងពីឆ្នាំ២០១៦ ដើម្បីដាក់ជា «តំបន់ឧទ្យានជាតិសមុទ្រ» ព្រោះមានធនធនាធម្មជាតិ ជីវចម្រុះ និងឆ្នេរខ្សាច់ស្រស់ស្អាត ដែលត្រូវការពារ និងអភិរក្ស។
កោះកុងក្រៅ មានទីតាំងស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង។ កោះនេះមានផ្ទៃដីទំហំ ១០៣ គីឡូម៉ែត្រក្រឡា និងមានឆ្នេរប្រវែង ៥៣គីឡូម៉ែត្រ និងសម្បូរដោយធនធានធម្មជាតិចម្រុះ រួមមានព្រៃឈើ ឆ្នេរខ្សាច់ សក្បុស ទឹកសមុទ្រថ្លាឈ្វេង កូនភ្នំ ទឹកជ្រោះ ព្រមទាំងសត្វព្រៃ និងសត្វសមុទ្រជាច្រើនប្រភេទ៕