ក្រសួងទេសចរណ៍បានអះអាងថា កាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញ ដែលជាថ្ងៃដំបូងនៃការឈប់សម្រាកសងនោះ គឺមានភ្ញៀវទេសចរ និង ពលរដ្ឋចេញដើរកម្សាន្តចំនួនជាង ២៣ម៉ឺននាក់។
ទិន្និន័យរបស់ក្រសួងទេសចរណ៍ ដែលផ្សាយនៅថ្ងៃអង្គារ៍នេះ បានឱ្យដឹងថា តាមរបាយការណ៍ពីគ្រប់មន្ទីរ ទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា ពេញមួយថ្ងៃទី១៧ ខែសីហា ដែលត្រូវនឹងថ្ងៃដំបូងនៃការសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនោះ គឺមានភ្ញៀវទេសចរ និងពលរដ្ឋចេញដើរកម្សាន្តនៅទូទាំងប្រទេសចំនួនជាង ២៣ម៉ឺននាក់( ២៣៣ ៣២៩)។
ក្នុងនោះខេត្តជាគោលដៅភ្ញៀវទេសចរទៅលេងច្រើនជាងគេ គឺខេត្តកំពត និងខេត្តសៀមរាប។រដ្ឋាភិបាលបាន សម្រេចយកថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហានេះ ជាថ្ងៃឈប់សម្រាកសង ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខកខានឈប់សម្រាក ក្រោមហេតុផលនៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ក្រសួងទេសចរណ៍ឱ្យដឹងថា រាជធានី និងខេត្តមួយចំនួនមានការរៀបចំអភិវឌ្ឍជាផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកសងរយៈពេល៥ថ្ងៃនេះ។
ដោយឡែក ការកើនឡើងភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ក៏បានធ្វើឲ្យមគ្គុទ្ទេសក៍ទេសចរណ៍មានការងារវិញខ្លះ ទាំងមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវក្នុងស្រុក។ក្រសួងបន្តថា តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែប្រសើរអំពីការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍អំពីជំងឺកូវីដ១៩ ហើយរដ្ឋបាលខេត្តដែលមានមន្ទីរទេសចរណ៍ មន្ទីសុខាភិបាលជាសេនាធិការ បានខិតខំណែនាំ និងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍យ៉ាងសកម្មផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងបញ្ជាក់ថា គោលដៅទេសចរណ៍នានាក៏បានខិតខំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ជាពិសេសការស្កេនកម្ដៅ បាញ់អាល់កុល កត់ឈ្មោះភ្ញៀវ និងការជំរុញឲ្យភ្ញៀវទេសចរពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជាប្រចាំ ហើយរមណីយដ្ឋានខ្លះដែលជារមណីយដ្ឋានសំខាន់ក្នុងខេត្តបានដាក់រថយន្តពេទ្យប្រចាំការ ដើម្បីត្រៀមជួយសង្គ្រោះជាយថាហេតុ។
យ៉ាងនេះក្តី ក្រសួងទេសចរណ៍ទទួលស្គាល់ថា រីឯការរក្សាគម្លាតសុវត្ថិភាពនៅមិនទាន់អនុវត្តបានពេញលេញនៅឡើយទេ ជាពិសេសការអង្គុយទទួលទានអាហារជុំគ្នាច្រើនជាក្រុមក្រុមគ្រួសារ ឬក្រុមរបស់ពួកគាត់តែមួយ ហើយរមណីយដ្ឋានខ្លះមានសភាពហួសចំណុះផ្ទុកធម្មតា ដោយសារភ្ញៀវទេសចរមកលេងច្រើនក្នុងពេលតែមួយ ។
យ៉ាងនេះក្តី អ្នកគ្រប់គ្រងគោលដៅទេសចរណ៍ និងមន្ត្រីជំនាញនឹងបន្តខិតខំណែនាំបន្ថែមទៀតឲ្យមានការចែករំលែក និងបង្វែរទស្សនកិច្ច ដើម្បីសម្រួលកុំឱ្យមានការផ្ទុកលើសពី ៥០%៕