The Cambodia Daily Khmer

ក្រសួងយុត្តិធម៌ ថាការទាមទារឱ្យបញ្ឈប់ការចាប់ចងអ្នកតវ៉ាដោយសន្តិវិធី ជាការការពារក្រុមនយោបាយរបស់ខ្លួន

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ចាត់ទុកសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលទាមទារឱ្យបញ្ឈប់ការប្រើហិង្សា និងចាប់ចងក្រុមអ្នកតវ៉ាដោយសន្តិវិធីថា គ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើឡើងដើម្បីកេងចំណេញនយោបាយ ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះដោយចាត់ទុកក្រុមអង្គការ សមាគម សហគមន៍ សហជីព ជិត៨០ ដែលចេញសេចក្តីថ្លែងការណ៍រួមកាលពីម្សិលមិញថា ជាសេចក្តីថ្លែងការណ៍ដែលមានចរឹតនយោបាយ ហើយធ្វើឡើងដើម្បីការពារក្រុមគោលដៅនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ 

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលចំនួន៧៩ កាលពីថ្ងៃទី១៨ ខែសីហា បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ស្នើដល់រដ្ឋាភិបាល បញ្ឈប់រាល់ការប្រើអំពើហិង្សា និងការចាប់ខ្លួនទៅលើពលរដ្ឋដែលហ៊ានចេញមុខតស៊ូមតិដោយសន្តិវិធី ដោយថាសកម្មភាពទាំងនេះមិនមែនជាទង្វើខុសច្បាប់នោះឡើយ។

យ៉ាងនេះក្តី លោក ជិន ម៉ាលីន អះអាងថា  អង្គការសមាគមដែលចេញសេចក្តីថ្លែងការណ៍នោះ ភាគច្រើនជាអង្គការសមាគមខ្យល់ ដែលមិនមានសកម្មភាពអ្វីទេនាពេលកន្លងមក ក្រៅតែពីការប្រមូលផ្តុំគ្នាចេញសារ និងសេចក្តីថ្លែងការណ៍នយោបាយ ក្នុងការការពារក្រុមគោលដៅនយោបាយរបស់គេ និងរិះគន់វិធានការច្បាប់របស់រដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន។

លោកជំរុញឲ្យក្រសួងមហាផ្ទៃពិនិត្យមើលឡើងវិញទៅលើសកម្មភាពរបស់អង្គការសមាគមទាំងនោះ ដោយផ្អែកលើមូលដ្ឋាននៃច្បាប់ស្តីពីការបង្កើតសមាគម និងអង្គការក្រៅរដ្ឋាភិបាល ជាពិសេសសុច្ចរិតភាពនិងអព្យាក្រឹត្យភាពនយោបាយនៃសកម្មភាពរបស់ពួកគេ។

លោកបន្តថា រដ្ឋធម្មនុញ្ញចែងថាពលរដ្ឋមានសិទ្ធិសេរីភាពនៃការជួបជុំបញ្ចេញមតិនិងតវ៉ា តែក៏បានចែងបន្ថែមទៀតដែរថា ការអនុវត្តសិទ្ធិទាំងនេះ ត្រូវកំណត់ដោយច្បាប់។ ដូច្នេះការជួបជុំតវ៉ាដោយសន្តិវិធី សហការជាមួយសមត្ថកិច្ច និងគោរពតាមវិធានការសន្តិសុខ សុវត្ថិភាព និងសុខភាពសាធារណៈ គឺជាការអនុវត្តសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ ។

លោក ជិន ម៉ាលីន បន្តថា ការជួបជុំតវ៉ាដោយមិនបានជូនដំណឹង និងសហការជាមួយសមត្ថកិច្ច គឺជាការបំពានវិធានការសន្តិសុខ សុវត្ថិភាព និងសុខភាពសាធារណៈ បង្កជាអំពើហឹង្សា និងភាពចលាចលក្នុងសង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងសិទ្ធិសេរីភាពអ្នកដ៏ទៃ រួមទាំងការដាក់សម្ពាធដល់ស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យផងដែរនោះ ដែលវាជាអំពើល្មើសទៅនឹងច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់គ្រប់វិធានការដើម្បីទប់ស្កាត់ ហើយអ្នកតវ៉ាក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ផងដែរ។

លោក ជិន ម៉ាលីន បន្ថែមថា  ការបញ្ចេញមតិអំពីក្តីកង្វល់ពាក់ព័ន្ធបញ្ហាព្រំដែន គឺជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ តែផ្ទុយទៅវិញការបញ្ចេញមតិដោយបំផ្លើសនិងបំភ្លៃព័ត៌មានមិនពិតពីបញ្ហាព្រំដែន ក្នុងចេតនាទុច្ចរិតញុះញង់បង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខជាតិ ដែលមិនមែនជាការអនុវត្តសិទ្ធិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលថា បញ្ហាព្រំដែនជាបញ្ហារសើបនិងមានភាពស្មុកស្មាញ ហើយការបំផ្លើស និងបំភ្លៃព័ត៌មានមិនពិតពីបញ្ហាព្រំដែន នឹងអាចនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសជាតិ ជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ដូច្នេះវិធានការច្បាប់ក្នុងការទប់ស្កាត់និងបង្រ្កាបត្រូវតែម៉ឹងម៉ាត់បំផុត ដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិ។

លោកថា ការដោះស្រាយបញ្ហាព្រំដែន គួរតែត្រូវបានធ្វើឡើងដោយអ្នកជំនាញដែលមានបទពិសោធន៍ ការស្រាវជ្រាវ និងចំណេះដឹងច្បាស់លាស់អំពីបញ្ហាព្រំដែន ជាជាងធ្វើឡើងដោយក្រុមសកម្មជននិងឈ្មួញនយោបាយដែលគ្មានជំនាញ ចំណេះដឹង និងការស្រាវជ្រាវទាល់តែសោះអំពីបញ្ហានេះ។

ជាចុងក្រោយលោកថា តុលាការជាស្ថាប័នឯករាជ្យ គ្មានជនណាឬក្រុមអង្គការអន្តរជាតិណាមួយ អាចដាក់សម្ពាធនិងបង្គាប់បញ្ជាមកលើតុលាការបាននោះទេ។ ការចេញសេចក្តីថ្លែងការណ៍ដាក់សម្ពាធនិងទាមទាឱ្យតុលាការដោះលែងជនជាប់ចោទនិងទម្លាក់ចោលបទចោទ មិនមែនជាមធ្យោបាយស្របច្បាប់ ក្នុងការការពារជនជាប់ចោទនោះទេ ហើយក៏នឹងមិនមានឥទ្ធិពលអ្វីដែរទៅលើការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យនោះដែរ។

លើសពីនេះ លោកថា ការចាប់ខ្លួនអ្នកជួបជុំតវ៉ាកន្លងមក ដើម្បីទប់ស្កាត់អំពើហឹង្សា និងភាពចលាចលក្នុងសង្គម ដែលលោកថា ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងសិទ្ធិសេរីភាពអ្នកដទៃ បើទោះបីជាការតវ៉ារបស់ក្រុមយុវជនធ្វើឡើងដោយសនិ្តវិធីក៏ដោយ។

ទោះបីជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១៦ខែសីហា អះអាងថា លោកជាអ្នកបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួន ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និង ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ជុំវិញការចេញសេចក្តីថ្លែងការណ៍ជាលិខិតនិងការលើកឡើងផ្ទាល់មាត់ជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងខែកក្កដា និងខែសីហានេះ។

ប្រធានសហភាពសជីពកម្ពុជានិងជា សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជុំវិញការបញ្ចេញមតិរឿងព្រំដែនកម្ពុជា-វៀតណាមនោះ» ។

ក្រោយពីចាប់ខ្លួន លោក រ៉ុង ឈុន ក្រុមយុវជននៃក្រុមខ្មែរថាវរៈ ពលរដ្ឋ បាននាំគ្នាធ្វើសកម្មភាពតវ៉ាមួយចំនួនទាមទារឱ្យដោះលែងលោក ប៉ុន្តែត្រូវបានអាជ្ញាធរក្រុងភ្នំពេញប្រើអំពើហិង្សាបំបែកការប្រមូលផ្តុំ និងរហូតដល់មានការចាប់ខ្លួនមនុស្សជាង១០នាក់ ប៉ុន្តែ៤នាក់ដោះលែងវិញ។ ដោយឡែក៦នាក់ទៀត រួមទាំងលោក សួង សុភ័ណ្ឌ និងអតីតសកម្មជនគណបក្សសង្រ្គោះជាតិ២ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ទៀតផង។

ក្រុមអង្គការសង្គមស៊ីវិលទាំងជិត១០០ សង្ឃឹមថារដ្ឋាភិបាលនិងតុលាការ នឹងពិចារណាទម្លាក់ចោទការចោទប្រកាន់លើលោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ ព្រមទាំងយុវជនដទៃទៀត ដោយសារសកម្មភាពរបស់ពួកគេពុំមែនជារឿងខុសច្បាប់នោះឡើយ។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោក បណ្ឌិត មាស នី លើកឡើងលើគណនីហ្វេសប៊ុករបស់លោកកាលពីចុងសប្តាហ៍នេះ មានបងប្អូនសួរលោកថា តើអ្វីទៅជាអ្នកទោសនយោបាយ? លោកឆ្លើយថា អ្នកទោសនយោបាយគឺ ការចាប់ខ្លួនតាមការបញ្ជារបស់អ្នកនយោបាយ រួចយកទៅប្រថាប់ត្រា ដោយតុលាការ ដើម្បីលាបពណ៌ ឱ្យស្របច្បាប់មុនពេលបញ្ជូនទៅឃុំខ្លួន។

របាយការណ៍គម្រោងយុត្តិធម៌ពិភពលោកប្រចាំឆ្នាំ២០២០ បង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្ទើរតែអាក្រក់បំផុតក្នុងលោក។ ក្នុងចំណោម១២៨ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១២៧ គឺស្ថិតនៅចំណាត់ថ្នាក់លើប្រទេសវេណេហ្សូអេឡាតែមួយប៉ុណ្ណោះ៕  

Exit mobile version