The Cambodia Daily Khmer

មន្ត្រីក្រសួងសុខាភិបាល ស្នើដល់ពលរដ្ឋ ការពារជំងឺផ្តាសាយធំ ព្រោះបានឆ្លងរាលដាលខេត្តចំនួន៦ នៅកម្ពុជា

ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ត្រូវសម្អាត ឬធ្វើអនាម័យខ្លួនប្រាណឲ្យបានជាប្រចាំ ដើម្បីទប់ស្កាត់ជំងឺផ្តាសាយធំ ដែលកំពុងឆ្លងរីករាលដាលគួរឲ្យព្រួយបារម្ភ នៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក លី សូវ៉ាន់ បានផ្ញើសារជាសំឡេង ហើយត្រូវបានគេចែកផ្សាយនៅតាមប្រព័ន្ធ Telegram នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះថា ស្ថានភាពជំងឺគ្រុនផ្តាសាយធំ ដែលឆ្លងទៅលើពលរដ្ឋ ក្នុងប៉ុន្មានសប្តាហ៍កន្លងមក ពេលនេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញរកឃើញឆ្លងរាលដាលចំនួន ០៦ខេត្តរួចហើយ។

លោក លី សូវ៉ាន់ បញ្ជាក់ថា ជំងឺផ្តាសាយធំនេះ បានឆ្លងទៅលើប្រជាពលរដ្ឋ នៅតាមខេត្តចំនួន០៦ មានលក្ខណៈធ្ងន់ធ្ងរជាងគេ រួមមាន៖ តាកែវ, បាត់ដំបង, កោះកុង, ព្រះវិហារ បន្ទាយមានជ័យ និងរតនគិរី។

លោក លី សូវ៉ាន់ បញ្ជាក់ថា កត្តានាំឲ្យកើតជំងឺផ្តាសាយធំឆ្លងរីករាលដាលស្ទើរទូទាំងប្រទេសកម្ពុជាបែបនេះ គឺមានកត្តាជាច្រើនដូចជា ៖ ការប្រែប្រួលអាកាសធាតុ, ការវិវត្តបម្រែបំរួលនៃវីរុស ឬមេរោគផ្សេងៗនៅក្នុងបរិស្ថានមិនល្អ គួបផ្សំបម្រែបម្រួលអាកាសធាតុ ឬមានការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ និងពពួកសត្វបក្សី ដែលអាចចម្លងវីរុសណាមួយមកបុគ្គល ឬការបរិភោគពពួកសត្វទាំងនេះ ដែលចម្អិនមិនបានឆ្អិនល្អ។

ជាងនេះទៀត អាចមានកង្វះការអនុវត្តអនាម័យដៃ និងខ្លួនប្រាណ ឬឆ្លងតាមការក្អក កណ្តាស់ ដែលមិនបានខ្ទប់មាត់ ច្រមុះ ឲ្យបានត្រឹមត្រូវ និងឆ្លងតាមការប៉ះពាល់ទឹកផ្លូវដង្ហើមអ្នកជំងឺជាដើម។

លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ត្រូវចូលរួមអនុវត្តន៍វិធានការអនាម័យខ្លួនប្រាណមួយចំនួនដូចជា៖

– ត្រូវសម្អាតអនាម័យខ្លួនប្រាណ ជាពិសេសអនាម័យដៃ ឲ្យបានស្អាតជាប់ជានិច្ច ដោយលាងសម្អាតឲ្យបានញឹកញាប់តាមបច្ចេកទេសណែនាំ របស់ក្រសួងសុខាភិបាល។

– ប្រើម៉ាស់ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម ឬកន្លែងមានមនុស្សច្រើន ជាពិសេសពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់និងច្រមុះ ដោយប្រើន្សែង ក្រម៉ា ក្រដាសជូតមាត់ ឬកែងដៃជាដើម។

– ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើងទៅ។

– ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សី ដោយផ្ទាល់។ ប៉ុន្តែប្រសិនបើក្នុងករណីបានប៉ះពាល់ វិញ គឺត្រូវតែលាងដៃជាមួយសាប៊ូ ឲ្យឆាប់ មុននឹងចាប់កាន់របស់របរ ផ្សេងៗ មុននឹងប៉ះពាល់លើផ្ទៃមុខរបស់បុគ្គល។

– ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ រក្សាអនាម័យចំណីអាហារ និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

– បើមានបញ្ហាសុខភាព មិនត្រូវចូលរួមពិធី ឬកម្មវិធីណាមួយនោះឡើយ ដោយត្រូវស្នាក់ក្នុងកុដិ ឬទីកន្លែងណាមួយដាច់ដោយឡែកពីគេ កុំឲ្យមានការចម្លងបន្តគ្នា ហើយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះ ឬទីកន្លែង ដែលលោកអ្នកកំពុងរស់នៅ៕

Exit mobile version