The Cambodia Daily Khmer

រដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ

រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) គ្រោងនឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ នៅចុងសប្តាហ៍នេះ។

ទំព័រហ្វេសប៊ុករបស់វិទ្យុបាយ័ន នៅល្ងាចថ្ងៃពុធនេះ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ចិន លោក វ៉ាង យី នឹងដឹកនាំគណៈប្រតិភូរបស់ខ្លួនជាច្រើនទៀត មកបំពេញទស្សនៈកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១២ ខែតុលា។

ប្រភពដដែលបន្តថា តាមកម្មវិធី រដ្ឋមន្ត្រីក្រសួងការបរទេសចិនរូបនេះ នឹងជួបជាមួយ លោក ហ៊ុន សែន និងជួបដាច់ដោយឡែកមួយជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន។

ដំណើរទស្សនៈកិច្ចរដ្ឋមន្ត្រីក្រសួងការបរទេសចិនមកកម្ពុជាភ្លាមៗនេះ កើតឡើងស្របពេលមានការលើកឡើងជាថ្មីទៀត អំពីបញ្ហាមូលដ្ឋានយោធារាម ក្នុងខេត្តព្រះសីហនុ ដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានចោទសួរទៅកាន់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ កាលពីថ្ងៃទី ២១ ខែកញ្ញា។

យ៉ាងណា ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានបញ្ជាក់ជំហកាលពីថ្ងៃម្សិលមិញថា កំពង់ផែរាម មិនមែនសម្រាប់តែចិនប្រើក្នុងសកម្មភាពផ្សេងៗបាននោះទេ ប៉ុន្តែបណ្តាប្រទេសផ្សេងទៀត ក៏អាចមានសិទ្ធិប្រើកំពង់ផែយោធាកម្ពុជានេះបានផងដែរ ដោយគ្រាន់តែមានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជាជាមុនតែប៉ុណ្ណោះ៕

Exit mobile version