The Cambodia Daily Khmer

ពលរដ្ឋបន្តរិះគន់ការលុបបឹងធម្មជាតិអស់ បណ្តាលឱ្យទឹកលិចក្រុង ពេលមានភ្លៀងធ្លាក់

ពលរដ្ឋបន្តនាំគ្នារិះគន់បញ្ហាលុបបឹងធម្មជាតិនៅក្នុងក្រុងភ្នំពេញ ស្ទើរអស់ ដែលជាហេតុធ្វើឱ្យទឹកលិចទីក្រុងគុជមួយនេះ មិនចេះចប់មិនចេះហើយ នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។

ពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាបង្ហោះឬ ចែករំលែកវីដេអូ និងរូបភាពទឹកលិចក្រុងភ្នំពេញ នៅតំបន់មួយចំនួន ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃម្សិលមិញ។

ពលរដ្ឋបានលើកឡើងថា «រស់នៅក្រុងភ្នំពេញយូរឆ្នាំណាស់មកហើយ ពួកគេមិនដែលឃើញឡើយ នូវទិដ្ឋភាពទឹកលិចទីក្រុងភ្នំពេញខ្លាំងដូច្នេះ ដែលបណ្តាលឱ្យផ្ទះ ឬតំបន់ពួកគេរស់នៅលិចខ្ទេចខ្ទីបណ្តាលឱ្យពិបាកធ្វើដំណើរ និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន។ លើសពីនេះបញ្ហាសំរាមក៏បានហូរពាសពេញក្រុងទៀតផង»

តំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ ទឹកនៅតែបន្តជន់លិច មិនទាន់ស្រកអស់នៅឡើយទេ ខណៈភ្លៀងបន្តធ្លាក់នៅថ្ងៃច័ន្ទនេះថែមទៀត បើទោះបីជាអាជ្ញាធរបានប្រើប្រាស់ម៉ាស៊ីន បូមទឹកចេញពីបឹងទំពុន ទម្លាក់ទៅបឹងជើងឯកដើម្បីរំដោះទឹកយ៉ាងណាក៏ដោយ។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះបាន និយាយចំៗ ពាក់ព័ន្ធនឹងបញ្ហាទឹកភ្លៀងលិចក្រុងគុជមួយនេះ ដោយសារការលុបបឹងធម្មជាតិស្ទើរគ្មានសល់ ក្នុងរជ្ជកាលសម័យតេជោសែន ក្រោមស្លាកនៃការអភិវឌ្ឍន៍។

តំបន់បឹងទាំងនោះត្រូវបានចាក់ខ្សាច់ឬ ដីបំពេញ ហើយបានប្រែក្លាយទៅជាសំណង់ផ្ទះល្វែង បុរី ខុនដូរ ផ្សារទំនើប កន្លែងកម្សាន្ត និងការិយាល័យនានា។ ជាក់ស្តែងដូចជាបឹងកក់ បឹងត្របែក បឹងក្រពើ បឹងទំពុន ដែលកំពុងអភិវឌ្ឍន៍ស្ទើរតែអស់ទាំងស្រុង ហើយបឹងធំជាងគេមួយទៀតគឺបឹងតាមោក ក៏ត្រូវបានរដ្ឋាភិបាលកាត់ទៅឱ្យវិស័យឯកជននិងរដ្ឋជាបណ្តើរៗ ដែលនឹងឈានទៅរកក្តីវិនាសក្នុងពេលខាងមុខនេះ។ យ៉ាងណាតំបន់ដែលអភិវឌ្ឍន៍ទៅជាបុរី ផ្ទះល្វែងខ្លះ ក៏រងការការលិចលង់ធ្ងន់ធ្ងរផងដែរ។

កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ សាលារាជធានីភ្នំពេញ បានសុំការយោគយល់ពីពលរដ្ឋ ដោយថាអាជ្ញាធរបានរៀបចំបន្ថែមនូវរថយន្តបូមទឹកចល័ត ដើម្បីបូមទឹកចេញពីតំបន់បឹងទំពុនទម្លាក់ទៅកាន់បឹងជើងឯង សំរាប់ដោះស្រាយការជន់លិចទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។

នាយិការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាពលើកឡើងថា រដ្ឋាភិបាលគួរពិចារណានូវសចក្តីសម្រេចរបស់ខ្លួនឡើងវិញពាក់ព័ន្ធនឹងការធ្វើឱ្យអន្តរាយតាមរយៈការលុបបឹង ទន្លេ សមុទ្រ ឬតំបន់នានាដែលនឹងផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមទាំងមូល។ អ្នកស្រីបន្តថា ការអភិវឌ្ឍន៍ទាំងឡាយមិនគួរបង្កហានិភ័យដល់សង្គម និងបរិស្ថាននោះឡើយ បើមិនដូច្នេះទេ នោះមិនមែនជាការអភិវឌ្ឍន៍ដោយចេរភាពនោះឡើយ។

កាលពីខែធ្នូ ឆ្នាំ២០១៩ របាយការណ៍របស់សមាគមធាងត្នោតបានបញ្ជាក់ថាចាប់តាំងពីទសវត្សរ៍ឆ្នាំ៩០ មកទល់ពេលបច្ចុប្បន្ន បឹងនិងតំបន់ដីសើមនៅរាជធានីភ្នំពេញចំនួន២៦ ត្រូវបានលុបទាំងស្រុង និងលុបដោយផ្នែក ហើយក៏បន្តពុះជ្រៀកលុបបន្តទៀតផងដែរ។

បញ្ហាលុបបឹងធម្មជាតិ ដែលធ្វើឱ្យលិចក្រុងគុជនោះ រដ្ឋាភិបាលកន្លងមកតែងច្រានចោលការរិះគន់នេះ ដោយថាការលិចលង់ព្រោះតែភ្លៀងធ្លាក់ខ្លាំង ដោយមិនដែលទទួលខុសត្រូវនូវការរួមចំណែកបំផ្លាញបឹងធម្មជាតិនៅភ្នំពេញនោះឡើយ ដោយគេហៅម្យ៉ាងថា រដ្ឋាភិបាលមិនចេះខុស។

ដោយឡែកអ្នកដែលមានបំណងចង់ជួប និងស្នើឱ្យប្រមុខរដ្ឋាភិបាលរក្សាទុកបឹងធម្មជាតិ ពិសេសបឹងតាមោក ដែលជាបឹងចុងក្រោយគេ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទពួកគេថាបានញុះញង់  បើទោះពីជាបំណងនោះជាប្រយោជន៍រួម និងស្របតាមច្បាប់ក្តី៕

Exit mobile version