The Cambodia Daily Khmer

ទាហានវៀតណាមបង្កើតការរំលោភបំពានលើកម្ពុជា ខណៈរដ្ឋាភិបាលខ្មែរនៅតែមិនមានវិធានការ

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែនជំរុញឲ្យរដ្ឋាភិបាលកម្ពុជា មានភាពក្លាហានក្នុងការតវ៉ា លើករណីទាហានវៀតណាម បោះតង់ ឬបោះជំរំជាសំណង់រឹង នៅតាមព្រំដែនខ្មែរ។ ពួកគេថា បញ្ហានេះជាសញ្ញាបង្ហាញអំពីការឈ្លានពានគ្មានកោតញញើត មកលើបូរណភាពទឹកដី របស់កម្ពុជា ដែលជាសកម្មភាពរំលោភលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិនានា មិនអាចប្រកែកបាន។

ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត រិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងលាក់បាំងពលរដ្ឋខ្មែរ ដោយខំព្យាយាមសម្រាលការបោះតង់ខុសច្បាប់របស់វៀតណាមថា ជារឿងតូចតាចឬ ជារឿងកំប៉ិកកំប៉ុក។

លោកថា ផ្ទុយគ្នាស្រឡះពីជម្លោះជាមួយថៃ ក្នុងតំបន់ប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨ និងជម្លោះជាមួយលាវ កាលពីឆ្នាំ២០១៧ ដែលរដ្ឋាភិបាលកម្ពុជាបានលើកទ័ព ទាំងកងពលទៅទប់ទល់ក្នុងជម្លោះនោះ ដើម្បីទាមទារឯករាជ អធិបតេយ្យ និងបូរណភាពទឹកដី។

លោក ម៉ែន ណាត អះអាងថា មន្ត្រីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនទទួលខុសត្រូវក្នុងការងាររបស់ពួកគេទាល់តែសោះ ត្បិតពេលមានបញ្ហាពួកគេតែងឆ្លើយដាក់គ្នាទៅវិញទៅមក ទាំងមន្ត្រីក្រសួងការបរទេស ទាំងគណៈកម្មាធិការព្រំដែន និងក្រុមអភិបាលខេត្តមួយចំនួនទៀត ដើម្បីរកលេសដោះសារ គេចវេសរៀងៗខ្លួន។

លោក ព្រមានថា ការធ្វើផែនទីខុសច្បាប់ថ្មី និងធ្វើច្បាប់ថ្មីៗ ដូចជាសេចក្តីព្រាង ស្តីពីពិធីសាខណ្ឌសីមា និងបោះបង្គោលព្រំដែន ជាដើម ជាមួយវៀតណាមដោយផ្អែកតាមសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨៥ គឺជាការធ្វើសម្បទានថ្មីបន្ថែមទៀត ក្នុងការកាត់ឆ្វៀលបូរាណភាពទឹកដីខ្មែរ ទៅឲ្យវៀតណាម ជាថ្នូរនឹងការរក្សាអំណាចរបស់លោក ហ៊ុន សែន ឲ្យបានយូរអង្វែង។

ការរិះគន់នេះធ្វើឡើង បន្ទាប់ពីទាហានវៀតណាម បានរំលោភបំពានបង្កើនការបោះតង់ខុសច្បាប់បបន្ថែមទៀត នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

ពាក់ព័ន្ធនឹងការបោះតង់នេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិបានលើកឡើងលើទំព័រហ្វេសប៊ុក ថាទាហានយួនបោះតង់លើដីខ្មែរ តែលោកគ្មានប្រតិកម្មអ្វីបន្តិចសោះ។

លោក រិះគន់ថារដ្ឋាភិបាល លោក ហ៊ុន សែន ខ្លាំងបានតែជាមួយប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ ហើយសូម្បីសេចក្តីព្រាងច្បាប់ស្តីពី ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម កាលពីពេលថ្មីៗនេះក៏ធ្វើឡើង ដើម្បីបំពេញចិត្តវៀតណាមឲ្យឈ្លានពានកម្ពុជាដោយស្របច្បាប់ផងដែរ។

ចាប់តាំងពីដើម ខែមេសា ឆ្នាំ២០២០ មកទាហានវៀតណាមបានបោះតង់ចំនួនជិត ៣០០កន្លែង នៅតំបន់ដែលមិនទាន់ឯកភាពគ្នារួមមាន ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ក្រោមលេសថា ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩។

ជាងនេះទៅទៀត យ៉ាងហោចណាស់មានតង់ ១២កន្លែងហើយ ដែលកងទ័ពវៀតណាមប្រែក្លាយតង់ទាំងនោះជាជម្រករឹងមាំ ស្ថិតក្នុងស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល តំបន់ថ្ម ៣ដុំ ក្នុងខេត្តតាកែវ និងស្រុកកំពង់ត្រាច ខេត្តកំពត មកក្រោមលេសថា ដើម្បីការពារសុវត្ថិភាពក្នុងរដូវទឹកជំនន់ ។

ទោះជាយ៉ាងណាក៏ដោយលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ អះអាងថា បរទេសមកត្រួតត្រាខ្មែរបណ្តាលឲ្យខ្មែរ បាត់បង់ឯករាជ្យជាតិ បាត់បង់សមត្ថភាពគ្រប់គ្រងខ្លួនឯង បាត់បង់សន្តិភាព បាត់បង់ឯកភាពជាតិ និងឈានទៅដល់ការបាត់បង់ បូរណៈ ភាពទឹកដីទាំងមូលថែមទៀត។

ក្រុមអ្នកឃ្លាំមើលសង្គម អំពាវនាវ ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើមោឃភាព ឬនារាករណ៍ទៅលើសន្ធិសញ្ញា និងឯកសារមិនស្របច្បាប់នានា ផ្ទុយពីស្មារតីនៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងមិនស្របកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីបើកផ្លូវក្នុងការប្តឹងប្រទេសវៀតណាមតាមយន្តការអន្តរជាតិ ជាធរមាន៕

Exit mobile version