The Cambodia Daily Khmer

មន្ត្រីជាន់ខ្ពស់បក្ស GDP ថា បឹងធម្មជាតិក្នុងរាជធានីភ្នំពេញធំៗ២ ដែលនៅសល់ កំពុងប្រឈមនឹងការគម្រាមកំហែង

មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP ត្អូញត្អែរថា រាជធានីភ្នំពេញសព្វថ្ងៃនេះ នៅសល់តែបឹងធំៗ២ ប៉ុណ្ណោះ គឺបឹងតាមោក ឬបឹងទំនប់កប់ស្រូវ និង បឹងទំពុន ឬបឹងជើងឯក ដែលនៅមិនទាន់ត្រូវក្រុមហ៊ុនឯកជន ឬស្ថាប័នរបស់រដ្ឋាភិបាលណាមួយ លុបបាត់ស្រមោលទាំងស្រុងនៅឡើយ។

ប្រធានគណកម្មាធិការនាយក គណបក្ស GDP បណ្ឌិត យ៉ង សាំងកុមារ បានបង្ហោះសារលើទំព័រ ហ្វេសប៊ុក ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ថែរក្សា និងកែច្នៃបឹងនានា ក្នុងទីក្រុងភ្នំពេញដែលមានស្រាប់ ដើម្បីផលប្រយោជន៍សាធារណ: នោះប្រាកដជានឹងអាចជួយលើកស្ទួយគុណភាពជីវិត និងមុខមាត់អ្នករស់នៅក្នុងទីក្រុងភ្នំពេញ ជាពិសេ កម្ពុជាតែម្តង។

លោកបញ្ជាក់ថា ចំពោះបណ្តារប្រទេសជឿនលឿនលើសាកលលោក ពួកគេតែងថែរក្សា ការពារ និងកែច្នៃបឹងធម្មជាតិសម្រាប់ប្រយោជន៍សាធារណ:ជនទូទៅ  បើទោះបីជាពួកគេមានទំហំដីតូច ក៏ដោយ។

ប៉ុន្តែពួកគេមិនលុបបំបាត់បឹងបួរក្នុងរដ្ឋធានីដើម្បីយកដីសាងសង់អាគារផ្សេងៗនោះទេ ទោះបីដីក្នុងតំបន់នោះមានតម្លៃខ្ពស់កប់ពពកយ៉ាងណាក៏ដោយ។

ក្នុងរយៈពេលចុងក្រោយនេះបឹងធម្មជាតិជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញរងការលុបជាបន្តបន្ទាប់ក្រោយពេលរដ្ឋាភិបាលកម្ពុជាសម្បទានដីបឹងទាំងនោះឲ្យទៅក្រុមហ៊ុនឯកជននានា និងក្រសួងរបស់រដ្ឋមួយចំនួនដើម្បីសាងសង់អាគារពាណិជ្ជកម្ម ក្រោមលេសអភិវឌ្ឍន៍ ជាហូរហែរកន្លងមកនោះ។

អង្គការសមាគន៍ធាងត្នោតកាលចុងខែធ្នូ ឆ្នាំ២០១៩បានរកឃើញថា បឹងធម្មជាតិក្នុងរាជធានីភ្នំពេញទាំងតូច ទាំងធំ សរុបមានចំនួន ២៦ បឹង ក្នុងនោះមានដូចជា បឹងកក់ បឹងសាឡាង បឹងតាមោក និងបឹងទំពុន ជាដើម ខណៈបឹង១៦ ក្នុងចំណោមនោះ ត្រូវបានលុបបាត់ទាំងស្រុង រីឯបឹង ១០ ផ្សេងទៀត កំពុងប្រឈមនឹងការលុបជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុន ឯកជន និងពីសំណាក់អ្នកមានអំណាច។

កាលពីដើមឆ្នាំ ២០២០ ទិន្នន័យអង្គការសង្គមស៊ីវិល បង្ហាញថា បឹងតាមោក ឬបឹងទំនប់កប់ស្រូវ ជាបឹងដែលមានផ្ទៃដីធំជាងគេក្នុងចំណោមបឹងនៅក្នុងរាជធានីភ្នំពេញដែលមានទំហំជាង ៣ពាន់ហិកតា ដែលមានពលរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិតក្នុងតំបន់នោះរាប់រយគ្រួសារផងដែរ។

ចំណែក ទំពុន ឬបឹងជើងឯក មានផ្ទៃដីដែលមិនទាន់វាស់វែងស្របច្បាប់មានទំហំជាង ២ ពាន់ ហិកតា និងទំហំដីដែលបានវាស់វែងស្របច្បាប់មានទំហំប្រមាណ ១០៧ ហិកតា ក្នុងនោះ មានពលរដ្ឋប្រមាណជាង ១ពាន់ គ្រួសារកំពុងប្រឈមនឹងការបណ្តេញចេញដូចគ្នានឹងពលរដ្ឋដែលរស់នៅតាមបឹងធម្មជាតិដទៃទៀតដែរ។

ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ការលុបបឹងធម្មជាតិទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះ ប៉ះពាល់ដល់បរិស្ថាន បង្កឲ្យមានទឹកជំនន់ក្នុងទីក្រុងភ្នំពេញ ហើយពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការគំរាមកំហែង រួមទាំងបាត់បង់លំនៅដ្ឋានយ៉ាងធ្ងន់ធ្ងរ៕

Exit mobile version