The Cambodia Daily Khmer

អាជ្ញាធរខេត្តកំពង់ឆ្នាំងរកឃើញករណីសង្ស័យពុលស្រា-ស បណ្តាលឱ្យមនុស្សស្លាប់សរុបចំនួន១៥នាក់

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន អះអាងថា មន្ត្រីជំនាញ ទើបនឹងទទួលបានរបាយការណ៍អំពីករណីពលរដ្ឋស្លាប់៧នាក់ទៀត ដែលអាចពាក់ព័ន្ធនឹងការពុលស្រាស ។

សារព័ត៌មានថ្មីៗ បានស្រង់ប្រសាសន៍របស់លោក ប្រាក់ វ៉ុន នៅថ្ងៃនេះថា ពលរដ្ឋទាំង៧នាក់នោះ ស្លាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា មកម្ល៉េះ នៅមុនការផ្ទុះហេតុការណ៍ពុលស្រាស ក្នុងពិធីបុណ្យសពនៃគ្រួសារមួយទៅទៀត។

ប្រភពដដែលបញ្ជាក់ថា គិតពីពេលផ្ទុះហេតុការណ៍ពុលស្រាលស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតមកដល់ថ្ងៃទី៤ ខែធ្នូនេះ តួលេខអ្នកពុលស្រាស នៅតែមានចំនួន១៣១នាក់ ដោយក្នុងនោះ មានអ្នកស្លាប់៨នាក់។ ប៉ុន្តែចំពោះពលរដ្ឋ៧នាក់ទៀតនៅស្រុកទឹកផុស ដែលបានស្លាប់ដោយសង្ស័យពុលស្រាសដែរនោះ គឺស្លាប់ តាំងពីមុនថ្ងៃទី២៨ ខែវិច្ឆិកាមកម្ល៉េះ។

ករណីសង្ស័យថា ពុលស្រាស បណ្តាលឱ្យពលរដ្ឋ៧ស្លាប់ ដែលអាជ្ញាធរទើបរកឃើញនេះ បានធ្វើឱ្យចំនួនពលរដ្ឋ ស្លាប់ដោយសារពុលស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ កើតឡើងដល់១៥នាក់។

ករណីសង្ស័យពុលស្រា-ស នេះ បានកើតឡើងកាលពីថ្ងៃ២៨ ខែវិច្ឆិកាឆ្នាំ២០២០ អំឡុងពេលអ្នកភូមិជាច្រើននាក់ចូលរួមកំដរបុណ្យសពមួយកន្លែងស្ថិតក្នុងឃុំខ្លុងពពក  ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង។

ក្រោយកើតឡើងនូវហេតុការអាក្រក់នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានកំណត់មុខសញ្ញាទីតាំងផលិតស្រា-ស បានចំនួន៥កន្លែង ហើយមន្ត្រីជំនាញយកស្រា-ស នោះ ទៅពិនិត្យ គឺរកឃើញស្រាខ្លះមានជាតិម៉េតាណុលខ្ពស់ ដែលអាចធ្វើឱ្យមនុស្សពុល និងស្លាប់ផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរ កំពុងស្រាវជ្រាវបន្តដើម្បីឈានទៅចាត់វិធានការតាមច្បាប់ចំពោះម្ចាស់អាជីវកម្មផលិតស្រា-ស ដែលបង្កឱ្យមានមនុស្សពុលស្លាប់និងគ្រោះថ្នាក់នេះ៕

Exit mobile version