The Cambodia Daily Khmer

ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ជម្លោះ និងដំណោះស្រាយ នយោបាយ រវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ

ក្រុមអ្នកឃ្លាំមើល រិះគន់ថា ជម្លោះនយោបាយរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន មិនបានបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋ និងមិនបានដោះស្រាយវិបត្តិនានារបស់ប្រទេសជាតិនោះទេ ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា រាល់ការចរចារកដំណោះសា្រយនៃវិបត្តិនយោបាយរវាង លោក សម រង្ស៊ី និងលោក ហ៊ុន សែន កន្លងមក បានជួយឱ្យលោក ហ៊ុន សែន កាន់តែមានឱកាសក្តោបក្តាប់អំណាចកាន់តែខ្លាំងឡើងៗពីមួយអាណត្តិទៅមួយអាណត្តិ។

លោក បញ្ជាក់ថា ដើម្បីឲ្យពលរដ្ឋខ្មែរចេះរស់នៅជាមួយគ្នាដោយមិនប្រកាន់និន្នាការនយោបាយ ចេះយោគយល់គ្នាក្នុងនាមពូជសាសន៍តែមួយ និងឈប់កាប់សម្លាប់គ្នាដើម្បីអំណាច កម្ពុជាពិតជាត្រូវការអ្នកនយោបាយដែលមានបេះដូង មានព្រហ្មវិហាធម៌ និងគុណធម៌ខ្លាំង ទើបអាចរកដំណោះស្រាយជូនជាតិ និងផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរបានពេញលេញ។

លោ ទូច វិបុល ចោទជាសំណួរថា តើហេតុអ្វីបានជា លោក សម រង្ស៊ី ស្នើរសុំលោក ហ៊ុន សែន កែរដ្ឋធម្មនុញ្ញ? តើហេតុអ្វីបានជា លោក សម រង្ស៊ី ដកពាក្យបណ្តឹងដែលបានចោទប្រកាន់ លោក ហ៊ុន សែន ពីតុលាការអាមេរិក ក្រុង New York? តើការដោះដូរ ផលប្រយោជន៍នយោបាយ រវាងលោ សម រង្ស៊ី និងលោក ហ៊ុន សែន កន្លងមក បានបម្រើផលប្រយោជន៍ប្រទេសជាតិ និងពលរដ្ឋខ្មែរឬទេ ឬគ្រាន់តែបម្រើផលប្រយោជន៍របស់លោក ហ៊ុន សែន និងលោក សម រង្ស៊ី ឬយ៉ាងណា?

ការរិះគន់នេះធ្វើឡើងក្រោយពេលអនុប្រធានអតីតគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ និងមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះ មួយចំនួនប្រកាសធ្វើមាតុភូមិនិវត្តន៍ ចូលទៅកម្ពុជាវិញ ដើម្បីរកការចរចា ផ្សះផ្សារនយោបាយជាមួយលោក ហ៊ុន សែន នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

ជុំវិញការធ្វើមាតុភូមិនិវត្តន៍នេះ អតីតប្រធានបក្សសង្គ្រោះជាតិ លោក សមរង្ស៊ី កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នេះ បានអំពាវនាវរៃអង្គាសថវិកាពីសមាជិក និងអ្នកគាំទ្ររបស់ខ្លួន ដើម្បីជួយដល់បេសកកម្មថ្នាក់ដឹកនាំបក្សប្រឆាំងដែលគ្រោងធ្វើមាតុភូមិនិវត្តន៍ដើមឆ្នាំ២០២០ ខាងមុខនេះ។

យុទ្ធសាស្រ្តមាតុភូមនិវត្តន៍នេះ ត្រូវបានលោក សម រង្ស៊ី ប្រើប្រាស់ប្រកាសចូលស្រុកម្តងរួចមកហើយ កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ២០១៩  ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ប៉ុន្តែត្រូវបានបរាជ័យទាំងស្រុង។

បរាជ័យនេះបាននាំឲ្យមន្ត្រីជាន់ខ្ពស់ សមាជិក និងសកម្មជនបក្សប្រឆាំង ដែលបានចូលរួមក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា រងការចោទប្រកាន់ពីតុលាការរបស់លោក ហ៊ុន សែន ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ             រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ហើយត្រូវសមត្ថិច្ចបានចាប់ខ្លួន និងត្រូវតុលាការកោះហៅជាបន្តបន្ទាប់ ខណៈសមាជិកខ្លះទៀតបានរត់ភៀសខ្លួនទៅរស់នៅឯក្រៅប្រទេសទៀតផង។

យ៉ាងណាក៏ដោយ អគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន ធ្លាប់លើកឡើងថា យុទ្ធសាស្ត្រនយោបាយរបស់ក្រុមលោក សម រង្ស៊ី ដែលបានប្រើប្រាស់កន្លងមកមិនបានផ្តល់ជាដំណោះស្រាយល្អសម្រាប់កសាងសង្គមប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការគោរពរដ្ឋធម្មនុញ្ញ នោះទេ។

ក្រុមអ្នកឃ្លាំមើលសង្គម សំដែងការអបអរសាទរដែលមន្ត្រីអតីតបក្សប្រឆាំងនៅក្រៅប្រទេស មានបំណងធ្វើមាតុភូមិនិវត្តន៍ ដើម្បីរកការផ្សះផ្សានយោបាយ ប៉ុន្តែពួកគេជុំរុញឲ្យលោក សម រង្ស៊ី ចេញមុខដឹកនាំយុទ្ធនាការនេះដោយផ្ទាល់ ប្រសិនបើពួកគេមិនប្រគល់ភារកិច្ចនោះទៅឲ្យលោក កឹម សុខា ជាអ្នកដឹកនាំស្វែងរកការផ្សះផ្សាជាតិទេនោះ៕

Exit mobile version