The Cambodia Daily Khmer

សាច់ញាតិសកម្មជនថៃ ដែលបាត់ខ្លួននៅភ្នំពេញអះអាងប្រាប់តុលាការកម្ពុជាថាលោក វ៉ាន់ ឆាឡឹម ពិតជាបាត់ខ្លួននៅភ្នំពេញ

បងស្រីបង្កើតរបស់សកម្មជននយោបាយថៃមួយរូប គឺអ្នកស្រី Sitanun Satsaksit បានប្រាប់អ្នកសារព័ត៌មានក្រោយចេញពីបំភ្លឺនៅតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះថា ប្អូនប្រុសរបស់អ្នកស្រី គឺ លោក Wanchalearm Satsaksit ពិតជាបាត់ខ្លួនក្នុងក្រុងភ្នំពេញប្រាកដមែន។ បន្ថែមពីនេះ អ្នកស្រីក៏បានស្នើឱ្យមានការស្រាវជ្រាវយ៉ាងហ្មត់ចត់ចំពោះករណីបាត់ខ្លួនប្អូនប្រុសរបស់អ្នកស្រីនេះ។

ការអះអាងនេះ ធ្វើឡើងក្រោយពេលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បានចេញដីកាមួយកាលពីខែតុលា កោះហៅអ្នកស្រី Sitanun Satsaksit រស់នៅខេត្តអ៊ូប៊ុនរ៉ាឆាថានី ប្រទេសថៃ ដែលជាដើមបណ្តឹង ឱ្យចូលទៅកាន់តុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារ៍នេះវេលាម៉ោង៩ព្រឹក ដើម្បីសាកសួរ។

ដីកាកោះដដែលបញ្ជាក់ថា ការសាកសួរនោះ ក្នុងដំណើរឿង ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ដែលប្រព្រឹត្តទៅនៅ Apartment  មេគង្គហ្គាឌិន ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។

កាលពីថ្ងៃទី៤ខែធ្នូ អ្នកស្រី Sitanun Satsaksit បានប្រារព្ធពិធីសាសនានៅក្បែរខុនដូមេគង្គហ្គាឌិន ក្នុងខណ្ឌជ្រោយចង្វា ដើម្បីរំឭកខួប៦ខែ នៃការចាប់ពង្រត់ប្អូនប្រុសបង្កើតរបស់អ្នកស្រី គឺ លោកWanchalearm Sasaksit ដែលជាអ្នកតស៊ូមតិម្នាក់បានរត់ភៀសខ្លួនមករស់នៅក្នុងប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ។

អ្នកស្រីអះអាងពេលនោះថា ពិធីបួងសួងតាមបែបព្រហ្មញ្ញសាសនាផង និងព្រះពុទ្ធសាសនាផងនោះ គឺដើម្បីសូមទេវតាជួយឱ្យពរឱ្យជ័យ ឱ្យមានដំណឹងប្អូនប្រុសរបស់ខ្លួនក្នុងពេលឆាប់ៗផងដែរ។ 

អង្គការឃ្លាំមើលសិទ្ធិមនុស្សHuman Right Watch កាលពីខែមិថុនា បានអះអាងថាសកម្មជននយោបាយថៃដែលមាននិន្នាការជាប់ពាក់ព័ន្ធក្រុមអាវក្រហមថៃផងនោះ  លោក Wanchalearm Satsaksit ត្រូវបានចាប់ពង្រត់ កាលពីថ្ងៃទី៤ ខែមិថុនា ក្បែរខុនដូលោកស្នាក់នៅ ក្នុងខណ្ឌជ្រោយចង្វារ ដែលបាត់ដំណឹងរហូតមកដល់ពេលបច្ចុប្បន្ន។

យ៉ាងណាអាជ្ញាធរកម្ពុជាធ្លាប់អះអាងថា ពួកគេគ្មានតម្រុយណាមួយជុំវិញការបាត់ខ្លួនសកម្មជននយោបាយថៃរូបនេះឡើយ ប៉ុន្តែកម្ពុជានៅតែរក្សាជំហស្រាវជ្រាវករណីនេះបន្ថែមទៀត៕

Exit mobile version